ភ្នំពេញ ÷ បុរសជនជាតិចិន២នាក់ បានបើករថយន្តម៉ាកអាលផាត ពណ៌ខ្មៅស៊េរីទំនើបមួយគ្រឿង តាមបណ្តោយផ្លូវម៉ុងរិទ្ធី ក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុ.កម៉ូតូPCX ជិះបត់ត្រឡប់ក្រោយចំពីមុខពេញទំហឹង ប៉ើងមុខជាច្រើនម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លា.ប់យ៉ាងអាណោចអាធ័ម។ ចំណែកតៃកុងរថយន្តបង្ក ត្រូវពលរដ្ឋឃាត់បានប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង៥៥នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវម៉ុងឫទ្ធី ចំណុចទល់មុខនិងបុរីជីបម៉ុង ក្នុងសង្កាត់ទួលសង្កែរទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សពមានឈ្មោះ ថោង ឌីណា ភទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិសំយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញគឺបុរសម្នាក់ជាជនរងគ្រោះជិះម៉ូតូម៉ាក pcx ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1GO -0318 ជិះតាមបណ្ដោយផ្លូវម៉ុងឬទី្ធ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនមធ្យមលុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងត្រឡប់ក្រោយ ឆ្លងទៅផ្លូវម្ខាងទៀត បម្រុងនិងបត់ចូលផ្ទះ ខណៈបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែត្រូវរថយន្តម៉ាកអាលផាតមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2AV-2799 បើកដោយបុរសជនជាតិចិន២នាក់ ធ្វើដំណើរ តាមបណ្ដោយផ្លូវម៉ុងឫទ្ធីក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុ.កម៉ូតូ pcx ចំពីមុខពេញទំហឹងបណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូស្លា.ប់ នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកមួយកំណាត់មុខទាំងស្រុង។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកធ្វើការវាស់វែង យករថយន្តស្ទូចមកស្ទូចយករថយន្តបង្កខាងលើ និងម៉ូតូរងគ្រោះទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត












