ភ្នំពេញ ÷ ការដ្ឋានទើបតែសាងសង់មួយកន្លែង ត្រូវបានបា.ក់ជញ្ជាំងជាន់ទី៣ សង្កត់ទៅលើផ្ទះពលរដ្ឋរងការខូចខាត មួយចំនួនបន្ទាប់ពីភ្លៀងមួយមេយ៉ាងធំ លាយឡំជាមួយនិងខ្យល់កន្រ្តាក់។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីម៉ោង ៧និង១៥នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចំណុចក្រោយនិងភោជនីយដ្ឋានចំការននោង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីម្ចាស់ផ្ទះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់និងក្រុមគ្រួសារ បាននាំគ្នាអង្គុយលេងនៅលើក្រែក្នុងផ្ទះ ដោយពេលនោះស្ថានភាពមេឃកំពុងតែភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយនិងខ្យល់កន្រ្តាក់ផងដែរ ស្រាប់តែមួយសន្ទុះក្រោយមក ក៏បានបា.ក់ជញ្ជាំងការដ្ឋានដែលទើបនិងសង់ថ្មីមួយផ្ទាំងដ៏ធំ ពីលើការដ្ឋានជាន់ទី៣ ធ្លាក់មកក្រោមចំសំយ៉ាបផ្ទះរបស់គាត់ មួយចំហៀងបណ្តាលឲ្យបា.ក់ទ្រេតជិតដល់ដី និងធ្លាក់ដុំឥដ្ឋត្រូវបុរស២នាក់ រងរបួសស្រាល បន្ទាប់មកពួកគាត់ក៏បានរាយការណ៍ ទៅសមត្ថកិច្ចឲ្យចុះមកទីតាំងកន្លែងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចពិនិត្យនិងហៅម្ចាស់ការដ្ឋាន មកសាកសួរ និងធ្វើការណែនាំបន្ទាប់មកឲ្យម្ចាស់ការដ្ឋាន ធ្វើការសម្របសម្រួលជាមួយនិងម្ចាស់ផ្ទះ សងថ្លៃការខូចខាតសម្ភារៈមួយចំនួនផងដែរ ដើម្បីបញ្ចប់រឿង៕ រក្សាសិទ្ធិដោយ ៖ សា មេត






