ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ ត្រូវបានប្រកាសដាក់អោយអនុវត្តជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងទេសចរណ៍ស្ដីពី ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្ត ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។
នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ និងគណៈកម្មការអន្តរក្រសួងដើម្បី សិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប បានរៀបចំពិធីប្រកាស ជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋមន្ដ្រី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ចំនួន៤២០នាក់។
ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ត្រូវបានរាជរដ្ឋាភិបាលអនុម័ត ជាផ្លូវការ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។ ផែនការមេនេះបានរៀបចំចងក្រងឡើងដោយ“គណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង។

ការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបនេះ នឹងក្លាយជាយន្តការដ៏មានសារៈសំខាន់ចាំបាច់ សម្រាប់ការឆ្លើយតបទៅនឹងស្ថានភាពនាពេលបច្ចុប្បន្នក៍ដូចជាអនាគត ដោយមានបំណងប្រាថ្នា ចំនួន ០៣ គី ៖
បំណងប្រាថ្នាទី១៖ សៀមរាបតីជាខេត្តទេសចរណ៍អន្តរជាតិដ៏គួរឱ្យចាប់អារម្មណ៍ និងមានការទទួល ស្គាល់លក្ខណះជាសកលលើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ ដោយផ្តល់ជូននូវធនធានទេសចរណ៍ និងភាពទាក់ទាញជាច្រើនទៀត។
បំណងប្រាថ្នាទី២៖ ធានាឱ្យបានផលប្រយោជន៍សេដ្ឋកិច្ច-សង្គមជាអតិបរមាពីវិស័យទេសចរណ៍ ពោលគឺតំបន់ប្រវត្តិសាស្ត្រអង្គ តំបន់ទីក្រុងដែលមានស្ទឹងសៀមរាប តំបន់ទន្លេសាប – ឧទ្យានជាតិភ្នំ គូលែន និងតំបន់ជនបទដែលជាគោលដៅទេសចរណ៍ត្រូវតែភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ។

បំណងប្រាថ្នាទី៣៖ ខេត្តសៀមរាបត្រូវតែជាគោលដៅទេសចរណ៍មានគុណភាព សំដៅទាក់ទាញ ភ្ញៀវទេសចរមកកម្សាន្តបានម្ដងហើយម្ដងទៀត និងភ្ញៀវទេសចរកម្រិតខ្ពស់អាចបង្កើននូវចំណូល ជូនប្រជាពលរដ្ឋមូលដ្ឋាន និងកសាងសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយបរិយាបន្ន។
ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នាខាងលើទាំង ០៣ ខាងលើ ផែនការមេអភិវឌ្ឈន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ មានគោលបំណងធ្វើឱ្យខេត្តសៀមរាបក្លាយជាគោលដៅទេសចរណ៍ ដ៍ចម្បង និងទាក់ទាញនៅក្នុងតំបន់ និងសកលលោក ដោយឈរលើមូលដ្ឋាននៃសម្បត្តិបេតិកភណ្ឌវប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ សាសនា និងភាពជាខ្មែរ។ ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព និងបរិយាបន្ន ខេត្តសៀមរាបគួររៀនសូត្រពីគំរូអនុវត្តល្អៗពីគ្រប់សម័យកាល ពិសេសសម័យអង្គរ ក៍ដូចជាការគិតគួរលើ“ភាពស្អាត បៃតង និងឆ្លាត” ក្នុងបរិការណ៍សម័យទំនើប និង ដំណើរឆ្ពោះទៅការកសាងសេដ្ឋកិច្ចឌីជីថល។ ទន្ទឹមនេះ គោលបំណងយុទ្ធសាស្ត្រ ដែលនឹងដាក់ចេញ ដោយផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ មានចំនួន ០៣ ដែលបំពេញឱ្យ គ្នាទៅវិញទៅមក៖ (១)-ទេសចរណ៍ប្រកបដោយគុណភាពខ្ពស់, (២)-ទេសចរណ៍ឆ្លាត និង(៣)-ទេសចរណ៍ ដែលមានតុល្យភាពរវាងការអភិវឌ្ឍ និងការអភិវឌ្ឍធនធានវប្បធម៌ និងបរិស្ថានធម្មជាតិ។

ដើម្បីសម្រេចបាននូវគោលបំណងខាងលើ ផែនការមេដាក់ចេញគោលដៅយុទ្ធសាស្ត្រ ចំនួន ០៧ គឺ(១)- ការអភិវឌ្ឍតំបន់ទេសចរណ៍អាទិភាពនៅខេត្តសៀមរាប, (២)- ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ (៣- ការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍មកខេត្តសៀមរាប, (- ការពង្រឹងគុណភាព និងនិរន្តរភាព នៃការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប, (៥)- ការគ្រប់គ្រងបរិស្ថាននៅខេត្តសៀមរាប, (៦)- ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនិងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍នៅខេត្តសៀមរាប និង (៧)- ការពង្រឹង អភិបាលកិច្ចសម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍ នៅខេត្តសៀមរាបដោយឈរលើអភិក្រមនៃការ ចូលរួម។ ផែនការមេនេះ ដាក់ចេញនូវ យុទ្ធសាស្ត្រសរុបចំនួន ៤៣ សកម្មភាពអនុវត្តសរុបចំនួន ១៣៥ សម្រាប់រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង អមជាមួយគម្រោងសកម្មភាពអាទិភាព ចំនួន ២០។
នាឱកាសពិធីប្រកាសជាផ្លូវការនេះ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន ០៤ សម្រាប់អនុវត្តរយៈពេលខ្លី ពីចុង ឆ្នាំ២០២១ ដល់ ឆ្នាំ២០២៣ រួមមាន៖

ទី១). បន្តរៀបចំយន្តការស្ថាប័ន ដោយត្រូវរៀបចំបង្កើត “គណៈកម្មការគ្រប់គ្រង និង អភិវឌ្ឍន៍ ទេសចរណ៍សៀមរាប-អង្គរ ឱ្យបានឆាប់ ដើម្បីដឹកនាំសម្របសម្រួល និង ត្រួតពិនិត្យ ការអភិវឌ្ឍគោលដៅទេសចរណ៍ខេត្តសៀមរាប។ បន្ទាប់មក, គណៈកម្មការនេះត្រូវបង្កើត “អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍” តាមតំបន់អាទិភាពទាំង ៦ រួមមាន តំបន់ឧទ្យាន ជាតិភ្នំគូលែន, តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី, តំបន់អង្គរ, តំបន់ ក្រុងសៀមរាប, តំបន់បឹងទន្លេសាប និង តំបន់ទេសចរណ៍សៀមរាបថ្មី។ ចំពោះ អង្គភាព គ្រប់គ្រងគោលដៅទេសចរណ៍តំបន់បេតិកភណ្ឌអង្គរ គឺជាការទទួលខុសត្រូវរបស់អាជ្ញាធរ ជាតិអប្សរា។
ទី២). ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធប្រកាន់យកស្មារតីម្ចាស់ការ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ក្នុង ការអនុវត្តផែនការសកម្មភាពនៃផែនការមេនេះ ស្របតាមគោលដៅយុទ្ធសាស្ត្រ និងវិធានការ យុទ្ធសាស្ត្រដែលបានដាក់ចេញ ជាពិសេស សកម្មភាពអនុវត្តនានា ក្នុងរយៈពេលខ្លី និង មធ្យម។
ទី៣), ទាំងអស់គ្នាត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួននូវនីតិវិធីប្រតិបត្តិស្តង់ដា, វិធានសុវត្ថិភាព ទេសចរណ៍ ខឹង វិធានការណែនាំនានា ទាំងវិធានការសុខាភិបាល វិធានការដ្ឋបាល វិធានការ ច្បាប់, និងវិធានការអប់រំ ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសាយ័ន ពាក់ព័ន្ធ ។
ទី៤). ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ត្រូវរួមគ្នាពង្រឹងលក្ខណៈសម្បត្តិរបស់ខេត្ត សៀមរាបក្នុងការទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុង និង ភ្ញៀវទេសចរអន្តរជាតិ តាមរយៈ ៖
• ការជំរុញបញ្ចប់ គម្រោងកែលម្អផ្លូវ ៣៤ ខ្សែ ក្នុងក្រុងសៀមរាប រួមជាមួយការរៀបចំបន្ថែមនូវផ្លូវថ្មើរជើង ផ្លូវសម្រាប់រថយន្តទេសចរណ៍ ផ្លូវសម្រាប់ម៉ូតូ ផ្លូវជិះកង់ បង្គោល និងអំពូលភ្លើងបំភ្លឺសាធារណៈ រួមទាំងសម្បទាអមសងខាងផ្លូវ
•ការពន្លឿន ការអភិវឌ្ឍកំពង់ផែចុងឃ្នាស ឱ្យស្របតាមស្តង់ដាកំពង់ផែទេសចរណ៍ ដោយ គិតគូរ លើការបំពាក់សម្បទាទ្រទ្រង់សេវាកម្ម និងផលិតផលទេសចរណ៍ថ្មីៗបន្ថែម
• ការពង្រឹងនូវការគ្រប់គ្រងរឺហូរភ្ញៀវក្នុងតំបន់អង្គរ ស្របតាមគន្លងប្រក្រតីភាពថ្មី ដោយត្រូវរៀបចំនីតិវិធីប្រតិបត្តិស្តង់ដា (SOP), ជំរុញពិពិធកម្ម និង ផ្សព្វផ្សាយផលិតផល និង សេវាកម្មទេសចរណ៍ថ្មីៗ នៅក្នុងតំបន់អង្គរ ដូចជា ការរៀបចំទេសភាពបៃតង នៅក្នុងតំបន់ប្រាសាទជាដើម
• ការពន្លឿននូវការសាងសង់ “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីឈានទៅបង្កើនសមត្ថភាពផ្ទុកសម្រាប់អ្នកដំណើរតាមផ្លូវអាកាស មកកាន់គោលដៅ ខេត្តសៀមរាប លើកទឹកចិត្តដល់ការបន្តខិតខំអភិវឌ្ឍន៍ក្រុងសៀមរាប និងគោលដៅអាទិភាពទាំងអស់ជា “ក្រុងទេសចរណ៍ឆ្លាត” និង “គោលដៅទេសចរណ៍ឆ្លាត” សំដៅលើកកម្ពស់គុណភាព ជីវិត និងសុខុមាលភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងធានានិរន្តរភាពនៃការអភិវឌ្ឍ ស្របតាមចក្ខុវិស័យនៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ក៏ដូចជាទិសដៅអភិវឌ្ឍនៅក្នុង ក្របខណ្ឌអាស៊ាន, ទាំងលើទិដ្ឋភាពហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់, ប្រព័ន្ធសន្តិសុខ និងសុវត្ថិភាព និង ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ជាដើម។
ជារួម ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ មានគោលដៅធ្វើឱ្យ ខេត្តសៀមរាបអាចក្ដាប់យកមកវិញនូវមោទនភាព ជាគោលដៅទេសចរណ៍ចម្បងក្នុងប្រទេសកម្ពុជា និង ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលមធ្យម និងវែងខាងមុខ។ ទន្ទឹមនេះ ការដាក់ឱ្យអនុវត្តផែនការម អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ នឹងគាំទ្រដល់ការត្រៀមខ្លួនបើកទទួលទេសចរណ៍ វ៉ាក់សាំង និងការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង។ ផែនការគន្លឹះទាំងនេះ នឹងចូលរួមស្តារ និងលើកស្ទួយវិស័យ ទេសចរណ៍កម្ពុជា នៅក្នុងក្របខណ្ឌទូទាំងប្រទេស, ជាពិសេស នៅខេត្តសៀមរាបនេះផ្ទាល់តែម្តង ដោយ ឆាប់រហ័ស ព្រមទាំងអាចចាប់យកកាលានុវត្តភាពពីវិបត្តិកូវីដ-១៩ ដើម្បីដាក់ចេញនូវការកែទម្រង់ស៊ី ជម្រៅ សំដៅប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព, សុវត្ថិភាព និងចីរភាព ដែល នឹងផ្តល់ផ្លែផ្កាចូលរួមទ្រទ្រង់ ដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-១៩ ផងដែរ។
ជាទីបញ្ចប់ ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានប្រកាសជា ផ្លូវការដាក់ឱ្យអនុវត្ត ” ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១ ២០៣៥ ចាប់ពីពេល នេះតទៅ ៕រក្សាសិទ្ធិដោយ ៖ កូលាប




