ភ្នំពេញ ៖ ការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធ្វើឲ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចអាចធ្វើពិពិធកម្ម និងធន់ទៅនឹងវិបត្តិក្នុងតំបន់ និងសាកលលោក គឺជាប្រយោជន៍របស់ពាណិជ្ជករ វិនិយោគិន ទាំងអស់, នេះគឺជាខ្លឹមសារសង្ខេបនៃ ” ច្បាប់ស្ដីពីការវិនិយោគ ” នៅព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ហើយព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះ ទាំងស្រុងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបាន ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រម ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

យោងតាមព្រះរាជក្រម ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ព្រះហស្ដលេខាដោយ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា គឺព្រះអង្គ ទ្រង់ចេញព្រះរាជក្រមប្រកាសដាក់ឱ្យប្រើប្រាស់ ” ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ” ដើម្បីបរិយាបន្ននៃការវិនិយោគទាំងក្នុងស្រុក និងសាកលលោក។ ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជានេះ មាន១២ជំពូក និង៤២មាត្រា បង្កើតឡើងក្នុងគោលបំណង ដើម្បីទាក់ទាញ និងលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ឲ្យកាន់តែសម្បូរបែប និងទូលំទូលាយ ប្រកួតប្រជែងជាសាកលក្នុងសម័យបច្ចេកវិទ្យា និងឧស្សាហកម្មទំនើប។

ច្បាប់នេះ បើកលទ្ធភាពធំទូលាយទៅដល់ការធ្វើទំនើបកម្ម , ការបង្កើនផលិតភាពនៃឧស្សាហកម្មក្នុងស្រុក , ការពង្រឹងការតភ្ជាប់ទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសាកលលោក តាមរយៈការជំរុញកំណើនលំហូរចូលមូលធន, ការផ្ទេរបច្ចេកវិទ្យាចំណេះដឹង និងចំណេះធ្វើ ដើម្បីឈានទៅដល់ការជោគជ័យនៃការធ្វើទីផ្សារ ពាណិជ្ជកម្ម វិនិយោគ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













