ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ កាលពីអធ្រាត្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោងប្រមាណជាង ១២ កន្លះ បានបង្រ្កាប ក្រុមសង្ស័យដែលសកម្ម ក្នុងដើរទាក់ឆ្កែ របស់អ្នកភូមិ នៅពេលយប់ៗ ចំនួន៤នាក់ និង បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់, ម្នាក់ទៀត បានរត់គេចគេចខ្លួន នៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ចស្រុកកៀនស្វាយ បានអោយដឹងថា ជនសង្ស័យ៣នាក់ មានឈ្មះ ៖ ទី ១-ឈ្មោះវ៉េង សិលា ហៅខ្លី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល, ទី២-ឈ្មោះឡេង វណ្ណារ៉ា ហៅទុង ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំរោង មានទីលំនៅភូមិស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល, និងទី-៣ ឈ្មោះផន ពេជ្រ ហៅស្រ៊ុន ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។
ចំណែកឯ ជនសង្ស័យម្នាក់ទៀត ដែល រត់គេចខ្លួន មានឈ្មោះ យ៉ែម ជីវ័ន្ដ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។
ឥឡូវនេះ, សមត្ថកិច្ចនគរបាលជំនាញកំពុងតែស្វែងរកចាប់ឃាត់ខ្លួន ជនសង្ស័យ ដែលរត់គេចខ្លួន ដើម្បីនាំខ្លួនមក ផ្តន្ទាទោសតាមច្បាប់។
មន្ត្រីសមត្ថកិច្ចបានអោយដឹងទៀតថា ចំពោះវត្ថុតាងដែលកម្លាំងសមត្ថកិច្ច ដកហូតពីពួកគេទាំង៣នាក់ រួមមាន៖

- ម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីស្មាស់ពណ៌ខ្មៅបិតស្គត់ពណ៌ខៀវ ស៊េរីឆ្នាំ២០០៩ពាក់ស្លាកលេខកណ្ដាល1H.1590។
- សត្វឆ្កែចំនួនពីរក្បាលសម្បុរខ្មៅមួយក្បាល(ញី) សម្បុរចំប៉ាមួយក្បាល(ឈ្មោល)។
- ទូរស័ព្ទដៃមួយគ្រឿងម៉ាកNOKIAពណ៌ខ្មៅ។
- ទូរស័ព្ទដៃមួយគ្រឿងម៉ាកVfoneមួយគ្រឿងពណ៌ផ្ទៃមេឃ។
- ទូរស័ព្ទដៃមួយគ្រឿងម៉ាក់HUAWEIពណ៌ខៀវ។
- ដងសម្រាប់ទាក់សត្វឆ្កែមួយធ្វើពីឬស្សីប្រវែង១.២០ម៉ែត្រ នឹងខ្សែប្រាំងកង់ប្រវែង១.៦០ម៉ែត្រ នឹងមានរុំកៅស៊ូពោះវៀនកង់ពណ៌ខ្មៅលាយជាមួយក្រណាត់ពណ៌ខ្មៅ។
បច្ចុប្បន្ននេះ, ជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅឃាត់ខ្លួន ជាបណ្តោះអាសន្ន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បី កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

