ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ គ្រឹះស្ថានសិក្សាសាលារដ្ឋ និងឯកជនទាំងអស់ ព្រមទាំងសាលាគរុកោសល្យ (បណ្ដុះបណ្ដាលគ្រូ) ក្នុងភូមិសាស្ត្ររាជធានី-ខេត្ត ទាំងអស់ នឹងត្រូវចាប់ផ្ដើមបើកដំណើរការឡើងវិញគ្រប់កម្រិត, នេះបើតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ចុះហត្ថលេខាដោយលោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ។

ក្នុងសេចក្ដីណែនាំ របស់ក្រសួងអប់រំ បានឲ្យដឹងថា បន្ទាប់ពីការវាយតម្លៃលើដំណើរការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាលារដ្ឋ និងឯកជន ក្នុងភូមិសាស្ត្រ ដែលមានហានិភ័យទាប ក្រសួងបានសង្កេតឃើញថា គ្រឹះស្ថានសិក្សាប្រមាណ ៣០ ភាគរយ បានចាប់ដំណើរការតាមគ្រប់រូបភាព ស្របតាមសេចក្តីណែនាំរួចហើយ , ប៉ុន្តែ ទោះជាយ៉ាងណា ក្រសួងស្នើសុំឲ្យការចូលរួមតាមគ្រប់រូបភាពពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវមានស្មារតីធានាដំណើរការអប់រំ ប្រកបដោយសុវត្ថិភាព និងប្រុងប្រយ័ត្ន ឲ្យបានគ្រប់ៗគ្នា។

ដើម្បីឈានទៅបើកដំណើរការអប់រំ តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ក្រសួង នឹងពង្រីកវិសាលភាពនៃការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាលារដ្ឋ និងឯកជន នៅគ្រប់កម្រិត ក្នុងភូមិសាស្រ្តទូទាំងរាជធានី-ខេត្ត ទាំងអស់។ ការពង្រីកវិសាលភាពនេះ រួមបញ្ចូលទាំង ការពង្រីកពីកម្រិតថ្នាក់ទី៩ និងទី១២ រហូតដល់គ្រប់កម្រិតថ្នាក់ នៅមធ្យមសិក្សា និងការពង្រីកវិសាលភាពដល់កម្រិតបឋមសិក្សា, គ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ និងឯកជន, វិទ្យាស្ថានជាតិអប់រំ, វិទ្យាស្ថានបច្ចេកវិទ្យា, គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ, គ្រឹះស្ថានសិក្សាអប់រំពិសេស, សាលាអនុវត្តន៍ និងវិទ្យាល័យចំណេះទូទៅ និងអប់រំបច្ចេកទេស ដោយគោរពប្រកាន់ខ្ជាប់នូវបទដ្ឋានសុខាភិបាលជាធរមាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











