Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលកម្ពុជា លៃលកថវិកាបម្រុងទុក ស្តារសេដ្ឋកិច្ចឡើងវិញ ជួយធុរជន និងប្រជាជនក្រីក្រ-ងាយរងគ្រោះ

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំ លើកទី៣ របស់គណៈកម្មការ គោលនយោបាយ សម្រាប់កម្មវិធីឆ្លើយតបនឹងការរីករាលដាល នៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ ហៅកាត់ថា CARES តាមរយៈប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក វង្សី វិស្សុត បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជិត ១,០០០លានដុល្លារបន្ថែមទៀត សម្រាប់ជួយប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក៏ដូចជាស្ដារអាជីវកម្ម និងធុរកិច្ច នៅក្នុងឆ្នាំ២០២២ ខាងមុខនេះ។

ក្នុងកិច្ចប្រជុំសំខាន់ខាងលើ ដែលមានការចូលរួមពី ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល , តំណាងធនាគារពិភពលោក (WB) , ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន ប្រចាំកម្ពុជា (JICA) , និងមូលនិធិសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF) លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា រាជរដ្ឋាភិបាល នឹងនៅតែបន្ត គាំទ្រគ្រួសារក្រីក្រ និងងាយរងគ្រោះ ក៏ដូចជាអាជីវកម្ម និងធុរកិច្ច នៅក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ ជាបន្តទៀត។

លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា នៅក្នុងក្របខ័ណ្ឌ នៃផែនការស្តារសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ កន្លងមក រាជរដ្ឋាភិបាលបានវិភាជន៍ថវិកា ប្រមាណ ៨៤០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ និងអាចនឹងឈានដល់ប្រមាណ ១,៥៥៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១នេះ ហើយបានគ្រោងប្រមាណ ៩៩០ លានដុល្លារអាមេរិកទៀត សម្រាប់ឆ្នាំ២០២២ខាងមុខនេះ។

គួរបញ្ជាក់ថា ចាប់តាំងពីកិច្ចប្រជុំលើកទី២ របស់គណៈកម្មការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ កាលពីខែមេសា ឆ្នាំ២០២១ កន្លងមក កម្ពុជាបានឆ្លងកាត់រលក នៃបញ្ហាប្រឈមជាច្រើន មិនធ្លាប់មានពីមុនមក ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ហើយអាជីវកម្មត្រូវប៉ះពាល់ ជាពិសេសឱកាសរកប្រាក់ចំណូល ការងារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ត្រូវទទួលរងផលប៉ះពាល់ខ្លាំង។ ក៏ប៉ុន្តែកម្ពុជា នៅតែអាចរក្សាសភាពការណ៍ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យស្ថិតនៅក្នុងកម្រិតទាប អាចគ្រប់គ្រងបាន ដូច្នេះ មិនរង់ចាំពេលណាទៀតទេ រាជរដ្ឋាភិបាលកម្ពុជា បានលៃលកថវិកាបម្រុងទុករបស់ខ្លួន ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងនោះធុរជន និងប្រជាជនងាយរងគ្រោះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×