Monday, December 6, 2021

សេវាធានារ៉ាប់រងឥណទានផ្តល់នូវសំណាញ់សុវត្តិភាពហិរញ្ញវត្ថុ ដើម្បីធានាលទ្ធភាពទូទាត់ឥណទាន នៅពេលអតិថិជនជួបប្រទះបញ្ហាអាជីវកម្ម និងសុខភាព

សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង​សមាគមធានារ៉ាប់រងកម្ពុជា បានរៀបចំសិក្ខាសាលាជាសាធារណៈរួមគ្នាលើកទី២ ស្តីពី «អត្ថប្រយោជន៍នៃការប្រើប្រាស់សេវាធានារ៉ាប់រង»។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងពីតួនាទីរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រង ដើម្បីចែករំលែកនូវបទពិសោធន៍ ព្រមទាំងការងារជាក់ស្តែងទៅលើវិស័យធានារ៉ាប់រងនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។

សិក្ខាសាលាលើកទី២នេះ មានការគាំទ្រពី និយ័តករធានារ៉ាប់រងកម្ពុជា នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារនិងហិរញ្ញវត្ថុ និង ធនាគារជាតិនៃកម្ពុជា ត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញ ដែលមានអ្នកចូលរួមដោយផ្ទាល់ប្រមាណជាង ៣០០នាក់​ មកពីធនាគារជាតិនៃកម្ពុជា និង និយ័តករធានារ៉ាប់រងកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រង គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអ្នកពាក់​ព័ន្ធនៅក្នុងវិស័យហិរញ្ញវត្ថុផ្សេងៗទៀត។  

មានមតិស្វាគមន៍ក្នុងកម្មវិធី លោក ប៊ុន យិន អនុប្រធានសមាគមធនាគារនៅកម្ពុជា តំណាងឲ្យបណ្ឌិត
អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា
មានប្រសាសន៍ថា៖«សិក្ខាសាលានេះស្របទៅនឹងយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ដែលជ្រុងមួយនៃយុទ្ធសាស្រ្តជាតិ មានសកម្មភាពជាអាទិភាពចំនួន ២៣ចំណុច (ពីសកម្មភាពទី១៩ដល់៤១) ក្នុងការបង្កើនការយល់ដឹងជាសាធារណៈទៅលើសេវាធានារ៉ាប់រង និងការការពារអតិថិជន។ បន្ថែមលើនេះ លោកថា វាក៏ស្របតាមប្រកាស និងក្របខណ្ឌបទប្បញ្ញត្តិរបស់ធនាគារជាតិនៃ
កម្ពុជា សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការធ្វើអាជីវកម្មប៊េងកាសួរេន ដែលបានចេញផ្សាយកាលពីថ្ងៃទី៣០ខែមីនាឆ្នាំ២០២១កន្លងទៅនេះផងដែរ។»

លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា៖ «ផ្អែកតាមបទពិសោធន៍ក្នុងវិស័យមីក្រូហិរញ្ញវត្ថុកន្លងមក មូលហេតុចម្បងៗ ដែលធ្វើឲ្យអតិថិជនរបស់យើង ជួបប្រទះការក្ស័យធន និងវិបត្តិហិរញ្ញវត្ថុ គឺបណ្តាលមកពីបញ្ហាសុខភាព គ្រោះធម្មជាតិ ព្រមទាំងគ្រោះថ្នាក់ចៃដន្យផ្សេងៗ។» លោកបន្តថា  សមាគមីក្រូហិរញ្ញវត្ថុជឿជាក់ថា បញ្ហាប្រឈមទាំងនេះ អាចនឹងត្រូវកាត់បន្ថយបានក្នុងកម្រិតអប្បបរមា ប្រសិនបើអតិថិជន ពិសេសអ្នកមានចំណូលទាប និងមធ្យម ប្រើប្រាស់សេវាធានារ៉ាប់រង សម្រាប់ការពារហានិភ័យទាំងនោះ។  

លោកបូរាណក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទូទៅ ​ជាពិសេសប្រជាពលរដ្ឋតាម​ជនបទឲ្យមានការយល់ដឹងអំពីសារៈសំខាន់នៃការការពារនិងសេវាធានារ៉ាប់រង ពីព្រោះវាពិតជានឹងចូលរួមចំណែកក្នុងការបង្កើតឲ្យមានសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុក្នុង​សង្គម ក្នុងការកាត់បន្ថយហានិភ័យកម្រិតបុគ្គល និងក្រុមគ្រួសារ។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា ថ្លែងនៅក្នុងពិធីបិទសិក្ខាសាលាថា វេទិកានេះបានបង្ហាញ និងចែករំលែកយ៉ាងក្បោះក្បាយជូនសាធារណជន នូវចំណេះដឹងទូទៅអំពីសេវាធានារ៉ាប់រង ដែលជាឧបករណ៍គ្រប់គ្រងហានិភ័យ និងរួមចំណែកទ្រទ្រង់ដល់សំណាញ់សុវត្ថិភាពហិរញ្ញវត្ថុសង្គម និងបុគ្គល ក៏ដូចជាការពង្រីកបរិយាប័ន្នហិរញ្ញវត្ថុផងដែរ។

លោកបានបន្តថា៖«នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗរមែងប្រឈមនូវហានិភ័យផ្សេងៗដែលជាព្រឹត្តិ​ការណ៍ឬគ្រោះអកុសលកើតឡើងដោយចៃដន្យ បង្កឲ្យមានការលំបាកផ្នែកហិរញ្ញវត្ថុ ប៉ុន្តែហានិភ័យទាំងនោះអាចគ្រប់គ្រងបានតាមរយៈការផ្ទេរទៅក្រុមហ៊ុនធានារ៉ាប់រង។» លោកបន្ថែមថា៖«ដូច្នេះ បុគ្គលគ្រប់រូបគួរស្វែងយល់ឲ្យច្បាស់អំពីហានិភ័យដែលខ្លួនប្រឈម ហើយទិញធានារ៉ាប់រងដែលមានវិសាលភាពសមស្របសម្រាប់ការពារហានិភ័យទាំងនោះ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុរបស់ខ្លួននៅពេលមានហានិភ័យកើតឡើង”។

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ក្នុងសិក្ខាសាលាដែរថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ដើម្បីបង្កើនការយល់ដឹងឲ្យកាន់តែទូលំទូលាយរបស់សាធារណជន និងអ្នកផ្តល់សេវាធានារ៉ាប់រង អំពីក្របខណ្ឌបទប្បញ្ញត្តិនិងការត្រួតពិនិត្យវិស័យធានារ៉ាប់រង ផលប្រយោជន៍នៃការប្រើប្រាស់សេវានឹងផលិតផលធានារ៉ាប់រង និងការរួមចំណែករបស់សេវាធានារ៉ាប់រងក្នុងការលើក កម្ពស់កម្រិត​
បរិយាបន្នហិរញ្ញវត្ថុ។ ចំណេះដឹងទាំងនេះ នឹងចូលរួមជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រង តាមរយៈការបង្កើនការប្រើប្រាស់សេវាធានារ៉ាប់រងដើម្បីធានាដល់ស្ថិរភាពផ្នែកហិរញ្ញវត្ថុក្នុងគ្រួសារនាពេលអនាគត និងការពង្រឹងការអនុវត្តស្របតាមក្របខណ្ឌបទប្បញត្តិពាក់ព័ន្ធសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងនិងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលកំពុងផ្តល់សេវាប៊េងកាសួរេន។

ឯកឧត្តមបញ្ជាក់ថា៖ «សេវាធានារ៉ាប់រងឥណទានផ្តល់នូវសំណាញ់ សុវត្តិភាពហិរញ្ញវត្ថុ ដែលនឹងធានាពីលទ្ធភាពទូទាត់សងបំណុល នៅពេលអតិថិជនជួបប្រទះបញ្ហាអាជីវកម្ម ឬបញ្ហាសុខភាពដែលប៉ះពាល់ដល់ប្រភពចំណូលក្នុងការទូទាត់សងឥណទានរបស់ខ្លួន ដើម្បីជៀសវាងការលក់ទ្រព្យធានាដើម្បីទូទាត់បំណុលរបស់អតិថិជន។»

ឯកឧត្តមបានបន្តថា ដើម្បីជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុកម្ពុជា យុទ្ធសាស្រ្តជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ត្រូវបានរាជរដ្ឋាភិបាលអនុម័ត ដោយកំណត់នូវផែនការសកម្មភាពចំនួន ១១៥ ហើយក្នុងនោះ មានផែនការសកម្មភាពចំនួន ២៣ ដែលត្រូវបានកំណត់ដើម្បីគាំទ្រដល់វិស័យធានារ៉ាប់រងនៅកម្ពុជា តាមរយៈសកម្មភាពអាទិភាពចំនួន០៤ រួមមាន៖​១)-ការបង្កើនការយល់ដឹងពីការធានារ៉ាប់រងជាសាធារណៈនិងកិច្ចគាំពារអតិថិជន ទី២)-ការបង្កើនលទ្ធភាពទទួលបានសេវាធានារ៉ាប់រងនិងបង្កើនបណ្តាញចែកចាយផលិតផលធានារ៉ាប់រង ទី៣)-ការបង្កើតប្រភេទផលិតផលធានារ៉ាប់រងនិងការធានារ៉ាប់រងកាតព្វកិច្ច និង ទី៤)- ការលើកទឹកចិត្តផ្នែកពន្ធដារដើម្បីជំរុញលទ្ធភាពទទួលបានសេវាធានារ៉ាប់រង។

ឯកឧត្តមបន្តថា គិតត្រឹមខែកញ្ញាឆ្នាំ ២០២១ ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឲ្យធនាគារចំនួន ២២ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ០១ ផ្តល់សេវាប៊េងកាសួរេនតាមរយៈ ម៉ូលឌែលភ្នាក់ងារ។ ការអនុញ្ញាតឲ្យ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុប្រកបអាជីវកម្មប៊េងកាសួរេន បានបង្កើនភាពងាយស្រួលដល់សាធារណជនក្នុងការទទួលបានសេវាធានារ៉ាប់រង​ ដូចជា សេវាធានារ៉ាប់រងសុខភាព សេវាធានារ៉ាប់រងអាយុជីវីត និង សេវាធានារ៉ាបរងខ្នាតតូចដទៃទៀត តាមរយៈបណ្តាញចែកចាយនៅតាមសាខារបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលមាននៅគ្រប់ទីតំបន់ក្នុងប្រទេសកម្ពុជា។

ថ្លែងបើកកម្មវិធី ឯកឧត្តម ប៊ូ ច័ន្ធភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ថា
វិស័យធានារ៉ាប់រង គឺជាសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលបាននឹងកំពុងដើរតួនាទីជាសមាសភាគមួយដ៏សំខាន់ក្នុងការទ្រទ្រង់វិស័យសន្តិសុខសង្គម និងវិស័យសេដ្ឋកិច្ច។  ឯកឧត្តម បានបន្តថា បើទោះបីជាវិបត្តិកូវីដ-១៩ នៅបន្តរាតត្បាតក្នុងសកលលោក ដែលធ្វើឲ្យប៉ះពាល់ដល់កំណើនសដ្ឋកិច្ចសកល និងសេដ្ឋកិច្ចប្រទេសកម្ពុជាក៏ដោយ ក៏
វិស័យធានារ៉ាប់រងកម្ពុជា នៅតែបន្តការរីកចម្រើនដោយរក្សាកំណើនវិជ្ជមានប្រមាណ ៨ភាគរយ ក្នុងឆ្នាំ២០២០ និងព្យាករថា នឹងកើនឡើងប្រមាណ ១០ភាគរយក្នុងឆ្នាំ ២០២១។ 

ឯកឧត្តមបញ្ជាក់ថា ទោះជាមានការរីកចម្រើនយ៉ាងនេះក្តី ប្រសិនបើយើង ពិនិត្យមើល​អត្រាភាគទានធានារ៉ាប់រង ក្នុងសេដ្ឋកិច្ចកម្ពុជាមានប្រមាណតែ ១,០៤ភាគរយ និងដង់ស៊ីតេធានារ៉ាប់រងមានប្រមាណតែ ១៧,២៦ដុល្លារក្នុងម្នាក់ប៉ុណ្ណោះក្នុងឆ្នាំ២០២០គឺមានកម្រិតទាបនៅឡើយបើធៀបនឹងតំបន់។ គូសបញ្ជាក់ថា បច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ ក្នុងនោះមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤ ក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ១ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧។  ក្រុមហ៊ុនជើងសារធានាររ៉ាប់រងចំនួន ១៦ ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន ២៦ ដែលក្នុងនោះមានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ២១ ជាភ្នាក់ងារធានារ៉ាប់រង ហៅថា​ប៊េងកាសួរេន និងបុគ្គលភា្នក់ងារធានារ៉ាប់រងចំនួនជាង ៥,០០០នាក់៕