ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ខែកក្កដានេះ បានដាក់ចេញនូវវិធានការបន្ទាន់ឲ្យយុវជនទំនើងមួយក្រុមបញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋ ក្រោយមានការផ្សាយលើបណ្តាញសង្គម ដែលមានយុវជនមួយចំនួនបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នៅតាមដងផ្លូវ ។ ក្រសួងសាធារណការ បានបញ្ជាក់ថា សកម្មភាពរបស់យុវជននេះ ជាអំពើល្មើសនឹងច្បាប់ ទាមទារឱ្យមានវិធានការទប់ស្កាត់ជាបន្ទាន់ ។
យោងតាមក្រមព្រហ្មទណ្ឌ មាត្រា ៤១១ បានចែងថាកាលបើបទល្មើសនេះ បានប្រព្រឹត្តនាំឱ្យខូចប្រយោជន៍សំណង់គ្រឹះស្ថានសាធារណ ឬផ្លូវសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានលើកឡើងថា ប៉ុន្មានថ្ងៃនេះ មានករណីក្មេងស្ទាវ “ ដូចក្នុងរូប “ បានធ្វើសកម្មភាពបំផ្លិចបំផ្លាញបរិក្ខារផ្លូវថ្នល់ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដោយថតវីដេអូ និងបង្ហោះជាសាធារណៈក្នុងចេតនាលេងសើចខុសទំនង និងជាទង្វើល្មើសច្បាប់ ដែលមិនអាចអត់ឱនឱ្យបាន។
មិនត្រឹមតែជាសកម្មភាពបំផ្លិចបំផ្លាញបរិក្ខារផ្លូវថ្នល់ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋប៉ុណ្ណោះទេ សកម្មភាពនេះ អាចបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិតអ្នកដំណើរ និងយានយន្ត ដោយសារបង្គោលនេះ មានសារៈសំខាន់ណាស់សម្រាប់អ្នកដំណើរ។
សូមបញ្ជាក់ថា នេះជាបង្គោលសញ្ញានាំផ្លូវដែលប្រើប្រាស់សម្រាប់បង្ហាញ ជូនព័ត៌មានដល់អ្នកបើកបរឱ្យដឹងពីផ្លូវកោងគ្រោះថ្នាក់ ដោយចុះឡើតចំណោត ឬមាត់ជ្រោះ ឬកន្លែងមានឧបសគ្គដូចជា៖ ក្បាលស្ពាន ខឿន លូ ឬសួនច្បារ ជាដើម៕ រក្សាសិទ្ធដោយ៖សុទ្ធលី






