ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងនៅព្រឹកថ្ងៃទី២៩ តុលានេះបានដឹកនាំមន្ត្រី អាជ្ញាធរដែន យុវជននិងសិស្សានុសិស្សប្រមាណ៦០០នាក់ចុះយុទ្ធនាការសំអាតអនាម័យបរិស្ថានមុនព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ ហើយពិធីនេះបានធ្វើឡើងនៅមុខព្រះបរមរាជវាំង ដែលជាកន្លែងប្រារព្វពិធីតែម្តង។
ក្រុមការងារនេះត្រូវបានបែងចែកកាេងារគ្នាដើររើសសំរាម ទៅតាមផែននីមួយៗចំនួន១៥ផែន ដើម្បីអោយគ្រប់កន្លែងទទួលបានអនាម័យនិងបរិស្ថានល្អ។ បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបានស្នើអោយ ម្ចាស់ស្តង់លក់ទំនិញ ម្ចាស់ទីតាំងប្រគំតន្ត្រីនិងអាជីវករទាំងអស់ ត្រូវមានថង់ឬធុងសំរាមផ្ទាល់ខ្លួន។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលជាកីឡាករប្រណាំងទូក និងប្រជាពលរដ្ឋដែលមកលេងកំសាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកទាំងអស់ក៏សូមមេត្តាជួយថែរក្សាអនាម័យ ដោយត្រូវវេចខ្ខប់ ទុកដាក់សំណល់សំរាមរបស់ខ្លួននៅក្នុងធុងសំរាមអោយបានត្រឹមត្រូវផងដែរ។ ការវេចខ្ចប់ការទុកដាក់សំរាមនៅក្នុងថង់និងធុងសំរាមត្រឹមត្រូវវានឹងជួយកាត់បន្ថពេលវេលានៃការប្រមូលរាមនិងកាត់បន្ថយនៃការប្រើប្រាស់កម្លាំងពលរដ្ឋផងដែរ ដូច្នេះទេ សូមបងប្អូនប្រជាពលរដ្ឋ អាជីវករ ទាំងអស់ចូលរួមសកម្មភាពនេះទាំងអស់គ្នា។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៦ តុលាកន្លងមកថ្មីៗនេះធុងសំរាមចំនួន១០០០ធុងត្រូវបានលោក ឧកញ៉ា លាង ឃុន អគ្គនាយក ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបំរើអោយសកម្មភាពទុកដាក់សំរាមក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីបអកអំបុកនិងសំពះព្រះខែ ឆ្នាំនេះ។ ធុងសំរាម ១០០០ធុងនឹងដាក់ពង្រាយតាមសួនច្បារនិងទីកន្លែងសាធារណៈនានា ដើម្បីបំរើអោយមានបរិស្ថានល្អនៅរាជធានីភ្នំពេញ ពិសេសនៅកន្លែងសំខាន់ៗនៃតំបន់ប្រារព្វពិធី៕ ដោយ៖កូឡាប