ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងគណៈបញ្ជាការឯកកមភាពស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២១ បានឃាត់ខ្លួន មនុស្សចំនួន៦នាក់ និងបានបញ្ជួនខ្លួនពួកគេ ទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង ការទន្រ្ទានកាន់កាប់ និង កាប់ដីព្រៃរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិរបស់ខ្លួន នៅក្នុងស្រុកព្រៃនប់។

សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានអោយដឹងថា កាលពីរសៀលថ្ងៃទី២១ ខែ តុលា ឆ្នាំ ២០២១ មានប្រជាជនមួយក្រុមធំ នាំគ្នាទន្ទ្រានកាន់កាប់ និង កាប់ឆ្ការដីព្រៃ ដែលជាកម្មសិទ្ធិរបស់រដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ប្រព្រឹត្តនៅចំណុចបាតខ្ទះ ស្ថិតនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចនគរបាលបានបន្តថា នៅពេលនោះ, កម្លាំងសមត្ថកិច្ចចម្រុះ ក៏បានចុះត្រួតនិត្យ និង បានទប់ស្កាត់សកម្មភាពកាប់រានដីព្រៃឈើ របស់ប្រជាជនទាំងនោះ។
សមត្ថកិច្ចបាននិយាយថា នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ, កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់មនុស្សចំនួន៥៨នាក់ ខណៈពួកគេកំពុងធ្វើសកម្មភាពកាប់រានដីព្រៃ ។

តែនៅពេលនោះ, នៅពេលកម្លាំងសមត្ថកិច្ចចម្រុះ កំពុងតែធ្វើការពន្យល់អំពីផ្លូវច្បាប់ និងការណែនាំផ្សេងៗ ដល់ក្រុមប្រជាពលរដ្ឋទាំងនោះ, ពួកគេបែជាមិនស្តាប់ ហើយបានប្រើអំពើហិង្សាទៅលើសមត្ថកិច្ច ដោយគប់ដបសាំងមកលើកម្លាំងសមត្ថកិច្ចថែមទៀត។
កម្លាំងសមត្ថកិច្ចចម្រុះ ក៏ដកថយ ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា និង ដើម្បីរង់ចាំចាត់ការតាមនីតិវិធី។
សមត្ថកិច្ចបានបញ្ជាក់ថា លុះដល់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៧ព្រឹក សមត្ថកិច្ចខេត្តព្រះសីហនុ បានចុះទៅកន្លែងកើតហេតុ ជាលើកទី២ ម្តងទៀត ព្រមទាំងមានការសម្របសម្រួល នីតិវិធីច្បាប់ អំពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុផងដែរ។
កម្លាំងសមត្ថកិច្ចនគរបាល ក៏ អនុវត្តច្បាប់ និង ឃាត់ខ្លួនមនុស្ស ចំនួន ៤៣នាក់ នៅហ្នឹងទីតាំងកើតហេតុ។

សមត្ថកិច្ចបានបន្ថែមថា ក៏ប៉ុន្តែ បន្ទាប់ពីការសាកសួរចម្លើយ និងការស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាលជំនាញ, សមត្ថកិច្ចនគរបាលបានសម្រេច
ខ្លួនបុរសសង្ស័យចំនួន ៦នាក់ ដែលជាមេខ្លោង និង បញ្ជួនខ្លួនពួកគេ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត។ ចំណែកឯ អ្នកពាក់ព័ន្ធចំនួន៣៧នាក់ទៀត ត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញបន្ទាប់ពីធ្វើការសាកសួរ និង ធ្វើកិច្ចសន្យា ដោយមានការធានារ៉ាប់រង អំពី ពីលោក មេឃុំ និង ចៅសង្កាត់របស់ពួកគេ ដែលរស់នៅតំបន់នោះផងដែរ។
បច្ចុប្បន្ននេះ, ជនសង្ស័យទាំង៦នាក់ខាងលើ កំពុងតែត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

