Monday, December 6, 2021

ត្រដក់ធំ រងការគំរាមកំហែងដូចជា ការប្រមាញ់ និងប្រមូលពងកូនពីកន្លែងបន្តពូជ ការជួញដូរ ការបាត់បង់ទីជម្រក និងការរំខានដោយសកម្មភាពមនុស្ស

បាត់ដំបង ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា ត្រដក់ធំ មានឈ្មោះជាភាសា​អង់គ្លេស Greater Adjutant និងឈ្មោះវិទ្យាសាស្រ្ត Leptoptilos dubius។ ត្រដក់ធំ ជាប្រភេទសត្វស្លាបជិតផុតពូជលើពិភពលោក ដែលមាននៅក្នុងបញ្ជីក្រហមរបស់IUCN ហើយប្រភេទនេះ មានវត្តមាននៅប្រទេស​បង់ក្លាដេស នេប៉ាល់​ ភូមា ​​ថៃ វៀតណាម និងមានកន្លែងបន្តពូជតែនៅប្រទេសឥណ្ឌានិងកម្ពុជាប៉ុណ្ណោះ។ ចំនួនសរុបសត្វប្រភេទនេះមានក្នុងពិភពលោក ត្រូវបានប៉ានប្រមាណក្នុងចន្លោះ៨០០ទៅ១២០០ក្បាល ​(ភាគច្រើនមានក្នុងប្រទេសឥណ្ឌា និងកម្ពុជា​)​។​

វាមាន​ប្រវែងខ្លួន ១៤៥-១៥០ស.ម សត្វពេញវ័យ៖ បណ្តោយដងខ្លួនធំ ឆ្នូតផ្ទាំងស្លាបលើពណ៌ប្រផះ មានរោមសនៅគល់ក។ ពេលបន្តពូជ៖ មានពណ៌ខ្មៅគល់ចំពុះ និងកពណ៌ស្លាទុំ។

ទីជម្រក​ ៖ ព្រៃរនាម(ព្រៃលិចទឹកតាមរដូវ) តំបន់ដីសើម និងព្រៃល្បោះ មានបនា្ទយពងកូនយ៉ាងធំនៅតំបន់រ៉ាមសា​រ​ព្រែកទាល់ ដែលជាតំបន់ស្នូលនៃឋបនីយជីវមណ្ឌលបឹងទន្លេសាបប្រទេសកម្ពុជា និងជាបនា្ទយពងកូនធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាបន្ទាយពងកូនធំជាងគេទីពីរនៅលើពិភពលោក បន្ទាប់ពីតំបន់អាសាម ប្រទេសឥណ្ឌា។

លក្ខណៈជីវសាស្ត្រ៖ ស៊ីត្រី កណ្តុរ កង្កែប​ និងជួនកាលស៊ីគំរង់ និងស៊ីកូនសត្វស្លាបដទៃនៅរដូវបន្តពូជម្តងម្កាល។

រដូវបន្តពូជ៖ ចាប់ពីខែវិច្ឆិកា ដល់ខែមេសា មានពងចំនួនពី២-៤។ បន្ទាប់ពីបន្តពូជពងកូននៅតំបន់បឹងទន្លេសាប ប្រភេទនេះបាននាំកូនចៅផ្លាស់ទី ​ទៅកាន់តំបន់​ដីសើមផ្សេងៗទៀតក្នុងប្រទេសកម្ពុជា​ និងប្រទេសជិតខាងដើម្បីរស់នៅ និងរកចំណី។

ជាក់ស្តែងត្រដក់ធំតែងមានវត្តមានជាប្រចាំនៅអាហារដ្ឋានត្មាតក្នុងដែនជម្រកសត្វព្រៃសៀម​ប៉ាងក្នុងខេត្តស្ទឹងត្រែងចាប់ពីខែសីហា ដល់ខែកញ្ញា និងមានវត្តមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវចន្លោះចាប់ពីខែមិថុនា ដល់ខែសីហា។ សត្វនេះ ត្រឡប់មកកាន់តំបន់បឹងទន្លេ​សាប​​វិញ នៅរដូវបន្តពូជ។ កត្តាគំរាមកំហែងសំខាន់ៗ​ទៅលើប្រភេទនេះគឺ៖ ការប្រមាញ់ និងប្រមូលពងកូនពីកន្លែងបន្តពូជ ការជួញដូរ ការបាត់បង់ទីជម្រក និងការរំខានដោយសកម្មភាពមនុស្ស។ ​

ប្រភេទត្រដក់ធំនេះ ត្រូវបានការពារយ៉ាងតឹងរឹង​នៅតាមតំបន់ការពារធម្មជាតិ ដោយមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ជាពិសេសកន្លែងបន្តពូជពងកូន នៅតំបន់រ៉ាមសារព្រែកទាល់ ហើយក៏បាននិងកំពុង​អនុវត្តកម្មវិធីពិនិត្យ អង្កេតតាមដាន ពីបម្រែបម្រួលចំនួនប្រភេទនេះផងដែរ ដែលបច្ចុប្បន្នមានចំនួនសរុប២០០គូដែលចំនួននេះស្មើនឹងប្រមាណជា៥០% នៃចំនួនសរុបទូទាំងពិភពលោក៕ រក្សាសិទ្ធិដោយ ៖ កូលាប