ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្រាវជ្រាវរហូតដល់ចាប់ខ្លួនស្ត្រីជនជាតិចិន៣នាក់ កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បញ្ជូនទៅតុលាការ ករណីនាំទារកឆ្លងដែនខុសច្បាប់ ។
ជនសង្ស័យទាំង៣ នាក់ ១.ឈ្មោះ LI BINGRONG អាយុ៣៩ ឆ្នាំ , ២.ឈ្មោះ WEI QIUCHAN អាយុ៥២ ឆ្នាំ និង៣.ឈ្មោះ ZHANG QIAN អាយុ២៥ ឆ្នាំ ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាលប្រចាំច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឃាត់ខ្លួនស្ត្រីជនជាតិចិន៣ នាក់ ក្នុងករណីកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង កំពុងបីទារកអាយុជិត១ឆ្នាំ ម្នាក់មួយៗ បម្រុងជិះយន្តហោះឆ្លងដែនទៅកាន់ប្រទេសចិន ។ ក្រោយឃាត់ខ្លួនស្ត្រីចិន៣ នាក់នោះ សមត្ថកិច្ចនគរបាលច្រកទ្វារព្រលានយន្តហោះអន្តរជាតិភ្នំពេញបានប្រគល់ជនសង្ស័យ៣នាក់ និងទារក៣នាក់ ឲ្យទៅសមត្ថកិច្ចជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីបន្តនីតិវិធី ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្សឆ្លងដែន កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ ចំណែកទារក ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យទៅក្រសួងសង្គមកិច្ច យកទៅចិញ្ចឹមជាបណ្តោះអាសន្ន៕ រក្សាសិទ្ធិដោយ ៖ កូលាប