Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៧ខែឆ្នាំនេះ ទំហំពាណិជ្ជកម្ម កម្ពុជា និងវៀតណាម បានកើនឡើងដល់ ៦,០៣ ប៊ីលានដុល្លារ ទោះបីស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចដ៏លំបាក ដោយសារជំងឺកូវីដ

spot_img

ភ្នំពេញ ៖ ភាគីទាំងពីរ (កម្ពុជា និងវៀតណាម) បានកត់សម្គាល់ដោយពេញចិត្តអំពីនិន្នាការវិជ្ជមាន នៃពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា និងវៀតណាម ទោះបីស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចដ៏លំបាកដែលបានអូសបន្លាយដោយសារ ជំងឺរីករាលដាលសកលនេះ។ ទំហំពាណិជ្ជកម្មបានកើនឡើងជាលំដាប់ពីចំនួន ៥,២៦ ប៊ីលាន ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩ ដល់ ៥,៣៣ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ និងបានកើនដល់ ៦,០៣ ប៊ីលានដុល្លារអាមេរិក ត្រឹមរយៈពេល៧ខែក្នុងឆ្នាំ២០២១។

ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយរវាងកម្ពុជា និងវៀតណាម លើកទី៧ តាមប្រព័ន្ធវីដេអូ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការ ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ង្វៀន គួកហ្ស៊ុង អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើជាសហប្រធាននៃកិច្ចប្រជុំ ពិគ្រោះយោបល់នយោបាយរវាងកម្ពុជា-វៀតណាម លើកទី៧ តាមប្រព័ន្ធវីដេអូ។

នៅក្នុងកិច្ចប្រជុំ កម្ពុជា និងវៀតណាមបានជម្រាបជូនគ្នាអំពីស្ថានភាពបច្ចុប្បន្ននៅក្នុង ប្រទេសរៀងខ្លួន និងអាទិភាពរបស់រដ្ឋាភិបាលដែលផ្ដោតជាចំបងទៅលើការដោះស្រាយបញ្ហារីករាល ដាលសកលនៃវីរុសកូរ៉ូណា និងស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញស្របគ្នាក្នុងពេលតែមួយ។

ភាគីទាំងពីរ មានការពេញចិត្តដោយកត់សម្គាល់ឃើញថា ទោះបីជាមានបញ្ហាប្រឈមនានា បណ្តាលមកពីជំងឺរាតត្បាតសកលកូវីដ-១៩ មិត្តភាពជាប្រពៃណី និងទំនាក់ទំនងជិតស្និទ្ធ ក៏ដូចជា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានបន្តរីកលូតលាស់លើគ្រប់វិស័យរួមមាននយោបាយ និងសន្តិសុខ ការឆ្លើយតបនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ពាណិជ្ជកម្ម និងវិនិយោគ អប់រំ និងវប្បធម៌ ទេសចរណ៍ ថាមពល ការតភ្ជាប់ និងកិច្ចសហការរវាងក្រសួងការបរទេសទាំងពីរ។

ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់ និងលទ្ធផលវិជ្ជមាននៃការផ្លាស់ប្ដូរទំនាក់ទំនងជាញឹកញាប់រវាងថ្នាក់ដឹកនាំទាំងពីរ តាមរយៈការជួបដោយផ្ទាល់ តាមប្រព័ន្ធវីដេអូ និងទូរស័ព្ទ។ ការប្រាស្រ័យទាក់ទងផ្ទាល់ខ្លួនដ៏ល្អ រវាងថ្នាក់ដឹកនាំបានជម្រុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែមាន ប្រសិទ្ធភាព និងប្រកបដោយផ្លែផ្កា រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីម្តងទៀតនូវ ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងរួមទ្វេដង ក្នុងការធ្វើការជាមួយគ្នាយ៉ាង ជិតស្និទ្ធ ដើម្បីបន្តធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងវៀតណាមកាន់តែល្អប្រសើរឡើងថែម ទៀត និងស្វែងរកនូវសក្តានុពលនានា របស់ប្រទេសទាំងពីរបន្ថែមទៀត ដើម្បីជាប្រយោជន៍សម្រាប់ ប្រជាជនទាំងពីរ។ សហប្រធានទាំងពីរ បានសង្កត់ធ្ងន់អំពីតួនាទីដ៏សំខាន់របស់ក្រសួងការបរទេសទាំងពីរ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយឈរលើស្មារតី នៃភាពជាអ្នកជិតខាងល្អ សាមគ្គីភាព ជំនឿទុកចិត្ត ការយោគយល់គ្នា និងការគោរពគ្នាទៅវិញទៅមក។

ភាគីទាំងពីរបានកោតសរសើរនូវវិធានការដ៏មានប្រសិទ្ធភាពដែលបានដាក់ចេញដោយ ប្រទេសទាំងពីរ និងកិច្ចសហការជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩។ ភាគីទាំងពីរបានឯកភាពគ្នាអំពីភាពចាំបាច់ក្នុងការបន្តធ្វើការជិតស្និទ្ធ ដើម្បីជម្នះវិបត្តិសុខភាព សកលដែលមិនធ្លាប់មានពីមុនមកនេះ។ ភាគីទាំងបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការឧបត្ថម្ភប្រកបដោយចិត្តសប្បុរស ជាថវិកា និងសម្ភារៈវេជ្ជសាស្ត្រ ផ្តល់ដោយរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងវៀតណាម ដែលជាកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីប្រយុទ្ធប្រឆាំង នឹងការរីករាលដាលសកលនេះ។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានគូស បញ្ជាក់ពីសារៈសំខាន់ នៃការពង្រឹងការសម្របសម្រួល ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងបទល្មើស ព្រហ្មទណ្ឌ រួមមានបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ការរត់ពន្ធ និងជួញដូរឈើ និងអាវុធខុស ច្បាប់ តាមរយៈការផ្លាស់ប្តូរព័ត៌មានឱ្យបានទាន់ពេលវេលា។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការព្រំដែន ភាគីទាំងពីរបានស្វាគមន៍ពិធីផ្លាស់ប្ដូរលិខិតូបករណ៍ នៃការផ្តល់សច្ចាប័នលើឯកសារច្បាប់សំខាន់ចំនួនពីរ ដើម្បីកត់ត្រាការសម្រេចបាន ៨៤% នៃការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរជាផ្លូវការ។ ភាគីទាំងពីរបានឯកភាព ធ្វើការពន្លឿនកិច្ចពិភាក្សាក្នុងការស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាង ចំពោះព្រំដែនគោកចំនួន១៦% ដែលនៅសល់មិនទាន់បានខណ្ឌសីមា។

ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តអំពីនិន្នាការវិជ្ជមាន នៃពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា និងវៀតណាម ទោះបីស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចដ៏លំបាកដែលបានអូសបន្លាយដោយសារ ជំងឺរីករាលដាលសកលនេះ។ ទំហំពាណិជ្ជកម្មបានកើនឡើងជាលំដាប់ពីចំនួន ៥,២៦ ប៊ីលាន ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩ ដល់ ៥,៣៣ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០
និងបានកើនដល់ ៦,០៣ ប៊ីលានដុល្លារអាមេរិក ត្រឹមរយៈពេល៧ខែក្នុងឆ្នាំ២០២១។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យធនធានមនុស្ស កម្ពុជាបានសម្តែងនូវអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះវៀតណាមដែលបានបន្តជួយក្នុងការផ្ដល់អាហារូបករណ៍ដល់និស្សិត កម្ពុជា។ ភាគីទាំងពីរបានស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនង អន្តរជាតិរបស់កម្ពុជា និងបណ្ឌិត្យសភាការទូតវៀតណាម (DAV) ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធ និងទន្ទឹងរង់ចាំការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរក្នុង ពេលឆាប់ៗខាងមុខនេះ។

ក្រៅពីនេះ ប្រទេសទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគីច ដូចជា អាស៊ាន កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) អង្គការសហប្រជាជាតិ និងក្របខ័ណ្ឌអនុតំបន់មេគង្គ ផងដែរ។ភាគីទាំងពីរក៏បានជម្រាបជូនអំពីទំនាក់ទំនងក្រៅប្រទេសរបស់ខ្លួនជាមួយដៃគូសំខាន់ៗក៏ដូចជាការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងកង្វល់រួម រួមមាន ទិដ្ឋភាពទូទៅនៃភូមិសាស្ត្រនយោបាយតំបន់ និងសកល បញ្ហាមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង និងកិច្ចសហប្រតិបត្តិការត្រីភាគីអូស្ត្រាលី-អង់គ្លេស-អាមេរិក (AUKUS)។

ទន្ទឹមនឹងការសម្តែងនូវការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបលើកទី១៣ (ASEM13) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ និងការ ទទួលតំណែងជាប្រធានអាស៊ានឆ្នាំ២០២២ វៀតណាមក៏បានបញ្ជាក់សាជាថ្មីម្តងទៀតអំពីការគាំទ យ៉ាងពេញលេញចំពោះកម្ពុជាផងដែរ។ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើការជិត ស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងឯកភាពអាស៊ាន មជ្ឈភាពអាស៊ាន និងសារៈសំខាន់របស់អាស៊ាននៅក្នុង និម្មាបនកម្មតំបន់ ដែលកំពុងវិវត្តន៍ ដើម្បីថែរក្សាសន្តិភាព សន្តិសុខ និងស្ថេរភាពសម្រាប់ការអភិវឌ្ឍន៍ ប្រកបដោយចិរភាពនៅក្នុងតំបន់ និងពិភពលោក។

ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំលើកទី ១៩ នៃគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ស្ដីពីសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅ ខែធ្នូ ឆ្នាំ២០២១ នៅកម្ពុជា និងការប្រារព្ធខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា វៀតណាម។ ប្រទេសទាំងពីរបានឯកភាពកំណត់យកឆ្នាំ ២០២២ ជា “ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម”។ ភាគីទាំងពីរក៏បានផ្លាស់ប្ដូរយោបល់អំពីសកម្មភាពនានា ដើម្បីរួមគ្នាអបអរសាទរនូវសមិទ្ធផលសំខាន់ៗ នៅក្នុងទំនាក់ទំនងកម្ពុជា-វៀតណាម។

កម្ពុជា និង វៀតណាម បានឯកភាពរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយ លើកទី៨ នៅឆ្នាំ២០២៣ នៅកម្ពុជា៕រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×