រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ និងបុរសម្នាក់ បានស្លាប់នៅនឹងកន្លែង ដោយសារតែរថយន្តខ្នាតយក្សដឹកដែកពេញ បើកបុក និងកិន ម៉ូតូមួយគ្រឿង និងមនុស្សខ្ទេចខ្លួន ក្នុងគ្រោះថ្នាក់ចរាចរណ៍ កាលពីម៉ោងជាង១២ថ្ងៃត្រង់ ទី១០ ខែមេសា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវថៃហ្គើរ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ក្បែរស្ពានព្រែសំរោង។
គេនៅមិនទាន់ស្គាល់អត្តសញ្ញាណអ្នកស្លាប់នៅឡើយទេ ហើយក៏កំពុងសង្ស័យ អាចនឹងមានមនុស្សស្លាប់ច្រើនជាងនេះ ព្រោះនៅជាប់ក្រោមរថយន្ត ជាមួយនឹងម៉ូតូហុងដាឌ្រីមសង់ ដែលមើលមិនឃើញខាងក្រោមនេះទៀត ។ ឯភាគីរថយន្ត មានដឹកដែក ធ្លាក់ចុះពីលើផ្លូវ ទៅផ្នែកខាងក្រោម ធ្លាក់ដែកចេញពីរថយន្ត ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ ។
បើតាមប្រភពពីកន្លែងកើតហេតុឱ្យដឹងថា រថយន្តនិងម៉ូតូគឺធ្វើដំណើរបញ្ច្រាសគ្នា ដោយខាងរថយន្តមកពីទិសជើង ឯម៉ូតូមកពីត្បូង (មានមនុស្សជិះ៣នាក់ ក្នុងនោះមានក្មេងម្នាក់) ប៉ុន្តែជាក់ស្តែងខាងម៉ូតូឃើញអ្នកស្លាប់ម្នាក់លើផ្លូវ ។ លុះជិះមកដល់ចំណុចកើតហេតុ ក៏បុកគ្នា៕ ដោយ ៖ បញ្ញាស័ក្តិ