ព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុ បានបើកយុទ្ធនាការ ចុះបិទផ្សព្វផ្សាយប័ណ្ណព័ត៌មាន អំពីពេលវេលាបញ្ចេញប្រមូល និងដឹកជញ្ជូនសំរាមជាលើកទី ១ ចំនួន ៤៧ ខ្សែផ្លូវ នៅក្នុងក្រុង ក្រោមការចូលរួមពី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មន្ទីរអង្គភាពពាក់ព័ន្ធ ក្រុមហ៊ុនប្រមូលសំរាម និងអាជ្ញាធរមូលដ្ឋាន ។
គោលបំណងនៃការបើកយុទ្ធនាការនេះ ដើម្បីសោភណភាពក្រុងព្រះសីហនុ ដងផ្លូវសាធារណៈ ទីប្រជុំជន ក៏ដូចជាតាមតំបន់ឆ្នេរ លំនិងនៅដ្ឋានប្រជាពលរដ្ឋ គ្មានសំរាម។
ឯកឧត្តម គួច ចំរើន បានឱ្យដឹងថា យុទ្ធនាការបិទផ្សព្វផ្សាយប័ណ្ណពត៌មានបញ្ចេញសំរាមនៅតាមខ្សែផ្លូវចំនួន ៤៧ខ្សែ ក្នុងក្រុងព្រះសីហនុនេះ គឺដើម្បីបញ្ចប់សំរាមនៅក្នុងក្រុង ដោយសារកន្លងមក សំរាមមានការកកស្ទះនៅក្រុងព្រះសីហនុ ការបញ្ចេញសំរាមមានចំនួនច្រើន និងការប្រមូលមិនទាន់ឆ្លើយតប។
ឯកឧត្តម បានបន្តថា រដ្ឋបាលក្រុងបានទទួលសិទ្ធិពីរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធតាមអនុក្រឹត្យលេខ១១៣ ដោយរៀបចំកម្មវិធីប្រមូលសំរាម និងសកម្មភាពដឹកជញ្ជូនសំរាមចេញពីក្រុងព្រះសីហនុ ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ដោយជំរុញឱ្យក្រុមហ៊ុនប្រមូលសំរាមត្រូវជ្រើសរើសបុគ្គលិក បន្ថែមរថយន្តដឹកជញ្ជូនសំរាម និងឧបករណ៍បំពាក់បន្ថែមទៅតាមតម្រូវការផ្សេងៗ។
គួរបញ្ជាក់ថា បើតាមការលើកឡើងរបស់អាជ្ញាធរ បានឱ្យដឹងថា ដើម្បីគ្រប់គ្រងសំរាម នៅក្នុងទីប្រជុំជនក្រុង ឱ្យមានសោភណភាព និងបរិស្ថានស្អាត គឺទាមទារឱ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកកម្សាន្តនៅក្នុងខេត្តព្រះសីហនុ ដោយអាជ្ញាធរក្រុង បានសហការជាមួយក្រុមហ៊ុន ប្រមូលសំរាម KSWM រៀបចំការគ្រប់គ្រងសំរាម ទៅតាមពេលវេលា និងម៉ោងកំណត់។
បើតាមអាជ្ញាធរ ក្នុងនោះសញ្ញាពណ៌ខៀវសម្គាល់ ការបញ្ចេញ និងប្រមូលដឹកជញ្ជូនសំរាមរាល់ថ្ងៃ ប្រជាពលរដ្ឋបញ្ចេញសំរាម ចាប់ពីម៉ោង ៧ យប់ដល់ម៉ោង ៣ ទៀបភ្លឺ ក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនចាប់ពីម៉ោង ៣ ទៀបភ្លឺ រហូតដល់ម៉ោង ១០ព្រឹក។ ចំណែកសញ្ញាពណ៌ក្រហម សម្គាល់ការបញ្ចេញ និងប្រមូលដឹកជញ្ជូនសំរាមរាល់ថ្ងៃ ប្រជាពលរដ្ឋបញ្ចេញសំរាមចាប់ពីម៉ោង ៧ យប់ ដល់ម៉ោង ៣ ទៀបភ្លឺក្រុមហ៊ុនប្រមូល និងដឹកជញ្ចូនចាប់ពីម៉ោង ៣ ទៀបភ្លឺ រហូតដល់ម៉ោង ៨ព្រឹក។
យោងតាមអនុក្រឹត្យលេខ ១១៣ ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនការបញ្ចេញសំរាមខុសពេលវេលាត្រូវផាកពិន័យចាប់ពី ២ ម៉ឺនរៀលដល់ ៤០ ម៉ឺនរៀលហើយចំពោះក្រុមហ៊ុនមិនបានប្រមូលនិងដឹកជញ្ជូនសំរាមតាមពេលវេលាកំណត់ដូចខាងលើក្រុមហ៊ុនក៏ត្រូវទទួលការផាកពិន័យដូចមានចែងក្នុងកិច្ចសន្យាប្រមូលសំរាម ៕