Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងប្រដាប់អាវុធ អន្តរាគមន៍ ទប់ស្កាត់កុំឱ្យទឹកជន់លិច លំនៅដ្ឋានប្អូនប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោ ពេលទឹកស្ទឹងព្រែកត្នោត បានហក់ឡើងយ៉ាងខ្លាំង

ភ្នំពេញ ៖ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ តុលានេះ បានដឹកនាំអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធ ពិសេសសហការជាមួយនឹងទាហាន ធ្វើអន្តរាគមន៍ ទប់ស្កាត់កុំឱ្យទឹកជន់លិច លំនៅដ្ឋានប្អូនប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោ ខណៈដែរ ទឹកស្ទឹងព្រែកត្នោត បានហក់ឡើងយ៉ាងខ្លាំង ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ​ទៅដល់បងប្អូនប្រជាពលរដ្ឋរស់តាមបណ្ដោយដងស្ទឹងនេះ។

ឯកឧត្តមឃួង ស្រេង ក្នុងឱកាសនោះ បានណែនាំអោយ អាជ្ញាធរដែនដី មន្ទីរជំនាញ កងកម្លាំងប្រដាប់អាវុធ រួមគ្នាជួយគ្នា ទប់ទំនប់ស្ទឹងព្រែកត្នោតនិងបញ្ជាឱ្យអាជ្ញាធរសហការជាមួយកងកម្លាំងដាក់តង់បាំង ក្នុងទឹកត្រង់ជើងទំនប់សង្កាត់បាវខ្សាច់ពីលើការពារ ឬបិទរន្ធនាគ ឲ្យបានជាប់ជៀសវាងទឹកហូរច្រោះខាងក្រោម ការពារឱ្យរឹងមាំជៀសវាងការគំរាមកំហែងដោយទឹក ដែលនឹងអាចនាំឲ្យមានគ្រោះមហន្តរាយ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងនេះ។

បន្ថែមនេះឯកឧត្តមក៏បានធ្វើការអំពាវនាវឲ្យបងប្អូនទាំងអស់ ដូចជាអាជ្ញាធរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយនេះ មានន័យថា បើមានហានិភ័យអ្វីកើតឡើង គឺយើងអាចបញ្ជៀសនូវគ្រោះមហន្តរាយធ្ងន់ធ្ងរនេះបាន សំខាន់គឺរក្សាអាយុជីវិតប្រជាពលរដ្ឋអោយបានគង់វង់។

ការហក់ឡើងខ្លាំង ទឹកជំនន់ព្រែកត្នោត នេះគឺដោយសារតែ មានការបើកទ្វាទឹក នៅខេត្តកំពង់ស្ពឺ ដែលធ្វើឲ្យទឹកហក់ឡើងខ្លាំង និងបានធ្វើឲ្យមានការគំរាមកំហែង ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់មួយចំនួនក្នុងខណ្ឌដង្កោនេះតែម្តង។

គួរបញ្ជាក់ថា កម្លាំងដែលចុះជួយអនត្តរាគមន៍ទប់ទំនប់ស្ទឹងព្រែកត្នោតនេះ ក្រៅពីអាជ្ញាធរខណ្ឌដង្កោ សង្កាត់និងមន្ទីរពាក់ព័ន្ធហើយ កម្លាំងទាហាចំនួន៣០០នាក់ក៏បានចុះមកជួយអនត្តរាគមន៍ផងដែរ ។

បើតាមសេចក្តីគោរពរាយការណ៍ថា៖ គិតត្រឹមម៉ោង ៦ព្រឹក ថ្ងៃទី២៥ខែ តុលា ឆ្នាំ២០២១ នៅស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់ ៧,៦០ម៉ែត្រ
(កើនឡើង ០,៩៦ម៉ែត្រធៀបព្រឹកម្សិលមិញ)។ ទំនប់រលាំងជ្រៃ កម្ពស់ទឹកខាងមុខទ្វារស្មើនឹង៧,៨៦ម៉ែត្រ (+០,៨៦ម៉ែត្រខ្ពស់ជាង កម្រិតកម្ពស់ទ្វារបិទ/ បើកទ្វារដោះទឹកកម្ពស់ ៣,០០ម៉ែត្រគុណ២សន្លឹក ៣,៥០ម៉ែត្រគុណ២សន្លឹក និង៤,០០ម៉ែត្រគុណ១សន្លឹក) ។ ទំនប់៧មករា កម្ពស់ទឹកខាងមុខទ្វារ៦,០៩ម៉ែត្រ (+១,២៩ម៉ែត្រហូរលើ កម្រិតកម្ពស់ទំនប់បង្ហៀរ)។ ស្ថានភាពទឹកក្នុងភូមិសាស្រ្តខណ្ឌដង្កោ កម្ពស់ទឹកខាងក្រោយទ្វារស្មើ៨,៩០ម៉ែត្រ (កើនឡើង +០,៧០ម៉ែត្រ ធៀបព្រឹកម្សិលមិញ) ធៀបកម្ពស់ទឹកមុខទ្វារនិង ក្រោយទ្វារ ខុសគ្នា ០,១៩ម៉ែត្រ (បើកទ្វារដោះទឹកកម្ពស់ ៤,០០ម៉ែត្រគុណ៤សន្លឹក)៕ រក្សាសិទ្ធិដោយ ៖ កូលាប

×