Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ កម្ពុជាគាំទ្រយ៉ាង ពេញទំហឹងចំពោះភាពជាអ្នកដឹកនាំ និងការសម្របសម្រួល របស់អង្គការសុខភាពពិភពលោក ក្នុងការឆ្លើយតប ជាសកលទៅនឹងជំងឺកូវីដ-១៩

spot_img

ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាគាំទ្រយ៉ាង ពេញទំហឹងចំពោះភាពជាអ្នកដឹកនាំ និងការសម្របសម្រួលរបស់អង្គការសុខភាពពិភពលោកក្នុងការឆ្លើយតប ជាសកលទៅនឹងជំងឺកូវីដ-១៩ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការសុខភាពពិភពលោក ជាពិសេសជូនចំពោះលោកវេជ្ជបណ្ឌិត Takeshi Kasai នាយកប្រចាំតំបន់នៃតំបន់ប៉ាស៊ីហ្វិកខាងលិច និង ប្រទេសជាសមាជិកទាំងអស់ ដែលបានសហការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកំពុងធ្វើដំណើរឆ្ពោះទៅរកអនាគតល្អប្រសើរទាំងអស់គ្នា។

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ សិទ្ធិប្រទាន លេខ២៨ សបទ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២១ នាថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូល រួមកិច្ចប្រជុំលើកទី៧២ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។ សូមបញ្ជាក់ជូនថា នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីសុខាភិបាល ដែលមានប្រទេសនិងដែនដីជាសមាជិកទាំង៣៧ បានចូលរួម ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ក្នុងទម្រង់ហាយប្រីដ ជាទម្រង់មានការចូលរួមដោយផ្ទាល់ នៅទីក្រុងហ៊ីម៉ឹជិ ប្រទេសជប៉ុន និងតាមរយៈប្រព័ន្ធវីដេអូ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញ ចូលរួមតាមរយៈប្រព័ន្ធវីដេអូ និងបានថ្លែងសុន្ទរកថា ចែករំលែកនូវបទពិសោធន៍ស្ដីពី “ការប្រយុទ្ធនឹងជំងឺ កូរីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារសំខាន់ៗ ដូចតទៅ៖

១) សម្តែងនូវការកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិតកាសាយ និងក្រុមការងាររបស់អង្គការសុខភាពពិភពលោក។ កម្ពុជា គាំទ្រឯកសារ “ចក្ខុវិស័យសម្រាប់អនាគត” ដែលប្រទេសជាសមាជិកបានអនុម័តកាលពី ២ឆ្នាំមុន ហើយវានៅ តែជាគោលការណ៍ណែនាំសម្រាប់អនុវត្តការងាររបស់ប្រទេសជាសមាជិក។

២) កម្ពុជាគឺជាប្រទេសតូចតែមានបេះដូងទូលាយ។ កាលពីឆ្នាំមុន កម្ពុជាបានគ្រប់គ្រងដោយ ជោគជ័យនូវការឆ្លើយតបនឹងជំងឺកូវីដ-១៩ ដោយមានការឆ្លងតិចជាង ៥០០ករណី និងមិនមានអ្នកស្លាប់ឡើយ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការគាំទ្រពីគ្រប់វិស័យ និងសង្គមទាំងមូល ប្រទេស កម្ពុជានៅតែអាចបន្តគ្រប់គ្រងឆ្លើយតបជំងឺកូវីដ-១៩ បាន។

៣) ដូចបណ្ដាប្រទេសដទៃទៀតដែរ វីរុសកូវីដ-១៩ នៅតែបន្តចរាចរនៅក្នុងប្រទេសកម្ពុជា។ យើង កំពុងខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការចម្លងមេរោគ រួមជាមួយការអនុវត្តនូវវិធានការ ៣ការពារ ៣កុំ។ ឥឡូវនេះ យើងកំពុងស្ថិតក្នុងដំណាក់កាលនៃការកែសម្រួលយុទ្ធសាស្ត្រឆ្លើយតបនឹងជំងឺកូវីដ-១៩ ដើម្បីរៀនពី របៀបរស់នៅជាមួយមេរោគ” ខណៈអនុញ្ញាតឱ្យបើកដំណើរការសាលារៀន និងសេដ្ឋកិច្ចឡើងវិញដោយសុវត្ថិភាព។ ខ្ញុំចង់ចែករំលែកកត្តាសំខាន់ ចំនួនបួន ដែលរួមចំណែកដល់ភាពជោគជ័យក្នុងការឆ្លើយតបរបស់កម្ពុជា៖

ទីមួយ៖ ភាពជាអ្នកដឹកនាំក្នុងសម្រេចចិត្ត និងអភិក្រមការចូលរួមរបស់រាជរដ្ឋាភិបាល
ទីពីរ៖ ការវិនិយោគលើសន្តិសុខសុខភាព និងប្រព័ន្ធសុខាភិបាល
ទីបី៖ ការចូលរួមជាសាធារណៈ ការចូលរួមរបស់សហគមន៍ និងបុគ្គល
ទីបួន៖ សាមគ្គីភាព និងភាពជាដៃគូ។

៤) កម្ពុជាបានខិតខំប្រឹងប្រែង និងស្វះស្វែងប្រកបដោយមហិច្ឆតា ដើម្បីបើកយុទ្ធនាជាតិចាក់វ៉ាក់ សាំងកូវីដ-១៩ ដោយចាក់ជូនប្រជាជន ចាប់ពីអាយុ ៦ឆ្នាំឡើងទៅ ស្របតាម “យុទ្ធសាស្ត្រផ្ការីក” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គិតត្រឹម ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ប្រជាជនចំនួន ៨៥.៣៦% នៃប្រជាជនគោលដៅសរុបចំនួន ១៦លាននាក់ ដែលមានអាយុចាប់ពី៦ឆ្នាំឡើង បានទទួលវ៉ាក់សាំងកូវីដ-១៩។

៥) ការបញ្ឈប់ជំងឺរាតត្បាតនេះ គឺជាគោលដៅរួមរបស់យើង។ សន្តិភាព សន្តិសុខសង្គម សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ គឺជាកត្តាចាំបាច់។ ប្រទេសកម្ពុជាកំពុងធ្វើការរួមគ្នាជាមួយប្រទេសនានា អង្គការសុខភាព ពិភពលោក និងដៃគូទាំងអស់ ដើម្បីអនាគតកាន់តែប្រសើរ ឆ្ពោះទៅរកពិភពលោកប្រកបដោយសុខភាព និង សុវត្ថិភាព៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×