Monday, December 6, 2021

រាជរដ្ឋាភិបាល​ ចង់ឃើញប្រជាពលរដ្ឋ ទទួលបាននូវសេចក្តីសុខ សុវត្ថិភាពដោយសារគ្រាប់មីន និងយុទ្ធភ័ណមិនទាន់ផ្ទុះ

ព្រះសីហនុ ៖ ឯកឧត្តម លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន (C.M.A.A) បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល​ ចង់ឃើញប្រជាពលរដ្ឋ ទទួលបាននូវសេចក្តីសុខ សុវត្ថិភាពដោយសារគ្រាប់មីន និងយុទ្ធភ័ណមិនទាន់ផ្ទុះ ព្រមទាំងបានអំពាវនាវ ដល់អង្គការសង្គមស៊ីវិល និងសមាគមជួយសង្គ្រោះប្រជាជនកម្ពុជា ចូលរួមជួយឧបត្ថម្ភគាំទ្រសំណល់ជាតិផ្ទុះ ដើម្បីធ្វើការអភិវឌ្ឍ និងសំដៅឱ្យប្រជាពលរដ្ឋខេត្តព្រះសីហនុ ជាខេត្តដែលគ្មានគ្រោះថ្នាក់ ដោយសារមីន និងសំណល់សល់ពីសង្គ្រាម។

ព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយលល់គ្នារវាងអាជ្ញាធរមីន និងសមាគមចិនជួយសង្គ្រោះប្រជាជននៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន (C.M.A.A) តំណាងខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត អភិបាលរងក្រុង ស្រុក ព្រមទាំងសមាជិក សមាជិកា នៃសមាគមជួយសង្គ្រោះប្រជាជនកម្ពុជា ជាច្រើនរូបផងដែរ។

លោក WANG JIANG ប្រធានសមាមគមជួយសង្គ្រោះប្រជាជនកម្ពុជា មាន ប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងអាជ្ញា ធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងជួយសង្គ្រោះជនពិការដោយសារមីន និងសមាគមយើងខ្ញុំនៅខេត្តព្រះសីហនុ សមាគមជួយសង្គ្រោះប្រជាជនកម្ពុជាបានចុះបញ្ជីសមាគមនៅក្រសួងមហាផ្ទៃក្នុងឆ្នាំ២០២០ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយសមាគមបានសហការជាប្រចាំជាមួយអាជ្ញាធរមីនក្នុងខែមិថុនា ឆ្នាំ២០១៩ ក្នុងការស្វែងយល់អំពីសកម្មភាពមីន និងការចូលរួមត្រៀមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន សមាគមជួយសង្គ្រោះប្រជាជនកម្ពុជា មានកិត្តិយសដែលសម្ដេចតេជោ បានផ្ដល់នូវសេចក្តីទុកចិត្តមកលើសមាគមក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកៀរគរថវិកាពីអង្គការសង្គមស៊ីវិល សហគមន៍ដទៃ និងធុរកិច្ចជនជាតិចិន សម្រាប់គាំទ្រដល់វិស័យសកម្មភាពមីននៅខេត្តព្រះសីហនុ ឆ្ពោះទៅរកខេត្តនេះគ្មានមីននៅឆ្នាំ ២០២៥ ហើយការងារនេះវាមានសារៈសំខាន់សម្រាប់សកម្មភាពមនុស្សធម៌ហើយវាតម្រូវឱ្យយើងចូលរួមទាំងអស់គ្នា គិតទាំងអស់គ្នា ធ្វើទាំងអស់គ្នា ដើម្បីសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋស្លូតត្រង់របស់យើង ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបង្ហាញពីស្មារតីចូលរួមពីគណៈកម្មាធិការសកម្មភាពមីនខេត្ត ចូលរួមសកម្មភាពកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រក្សាបាននូវសន្តិសុខ សុវត្ថិភាពក៏សាងនូវទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព ខេត្តព្រះសីហនុមានផ្ទៃដី ២,៦៥៨,៩០ គីឡូម៉ែត្រការ៉េ ក្នុងនោះមានចំការមីន និងចម្ការគ្រាប់ ៥,៥គីឡូម៉ែត្រក្រឡា ស្មើ ៤៨ចម្ការមីន ក្នុងនោះស្រុកព្រៃនប់មាន ៣ចម្ការមីន និងស្រុកកំពង់សីលាមាន ៤៥ចម្ការមីន។

ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលបានកំណត់ផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ រៀបចំអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍន៍ទីក្រុងទំនើប រមណីយដ្ឋាន ឆ្នេរសមុទ្រដែលស្អាត និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើតជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ មជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកទេសទំនើប មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក។ ខេត្តព្រះសីហនុ ត្រូវបានប្រសិទ្ធនាមថា ជាតារារះ”នាទិសនារតី” ដើម្បីឆ្លើយតបនឹងសក្តានុពុលដ៏សំបូរបែបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ចេញនូវគោលការណ៍ស្លឹកត្នោត ខ្ចប់ស្ករត្នោត និងដកថវិកាសន្សំជាតិចំនួន ១០០លានដុល្លាអាមេរិក ពីថវិកាសន្សំរបស់ជាតិ ដើម្បីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតត្រូវបានបញ្ចប់ជាស្ថាពរ។ ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ដែរថារាជរដ្ឋាភិបាល ត្រៀមបើកខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៏សុវត្តិភាព និងបៃតង ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិនៅចុងឆ្នាំ២០២១ ក៏ដូចជាការចូលរួមទទួល ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិក្នុងព្រឹត្តិការណ៍ទេសចរណ៍អាស៊ាននៅដើមឆ្នាំ ២០២២ ធានានិរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ចសង្គមនៅខេត្តព្រះសីហនុ ។

នាឱកាសនោះ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងសង្គ្រោះជនពិកាដោយសារមីន បានមានប្រសាសន៍ថា ថ្ងៃនេះជាប្រវត្តិសាស្ត្រនៃការចុះអនុស្សរណនៃការយោគយល់គ្នារវាងអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងជួយសង្គ្រោះជនពិការដោយសារមីន និងសហគមជួយសង្គ្រោះប្រជាជនកម្ពុជា ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់នៃការរីកចម្រើនរបស់ខេត្តព្រះសីហនុ ដែលមានសក្តានុពលទាក់ទាញភ្ញៀវទេសចរ និងចាត់ទុកជាថ្ងៃទិវាមីននៅខេត្តព្រះសីហនុ ។ ការកៀងគរពីវិស័យឯកជនកើតចេញពីដៃគូរយុទ្ធសាស្ត្រដូចអណ្តាត និងធ្មេញរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសចិន ហើយថ្ងៃនេះយើងជំរុញខេត្តព្រះសីហនុ ដំបូងគេដើម្បីបញ្ចប់សកម្មភាពកំចាត់មីន និងយុទ្ធភ័ណមិនទាន់ផ្ទុះដែលសល់ពីសម័យសង្គ្រាមនៅកម្ពុជា។ ប្រទេសកម្ពុជាបានប្រឈមគ្រាប់មីន និងគ្រាប់បែកចង្កោមដោយសារសង្គ្រាមស៊ីវិលអូសបន្លាយជាច្រើនទស្សវត្ស ហើយកម្ពុជាក៏នៅសល់សំណល់ជាតិផ្ទុះច្រើនជាងគេ និងមានជនរងគ្រោះដោយសារមីនច្រើនជាងគេផងដែរ ។

ឯកឧត្តម លី ធុជ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលចង់ឃើញប្រជាពលរដ្ឋទទួលបាននូវសេចក្តីសុខ សុវត្ថិភាពដោយសារគ្រាប់មីន និងយុទ្ធភ័ណមិនទាន់ផ្ទុះ ព្រមទាំងបានអំពាវនាវដល់អង្គការសង្គមស៊ីវិល និងសមាគមជួយសង្គ្រោះប្រជាជនកម្ពុជាចូលរួមជួយឧបត្ថម្ភគាំទ្រសំណល់ជាតិផ្ទុះ ដើម្បីធ្វើការអភិវឌ្ឍ និងសំដៅឱ្យប្រជាពលរដ្ឋខេត្តព្រះសីហនុ ជាខេត្តដែលគ្មានគ្រោះថ្នាក់ដោយសារមីន និងសំណល់សល់ពីសង្គ្រាម ៕ រក្សាសិទ្ធិដោយ ៖ កូលាប