Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉េអឹម​ចាប់​គ្រូ​អាយ​អំ​ពាយ ដក​អំពើ ចេញពី​ខ្លួន ឆបោក​លុយ​ជនរងគ្រោះ ជាង​១៦​ម៉ឺន​បាត​

​​បាត់ដំបង ៖ កងរាជអាវុធហត្ថ​ស្រុក​សំពៅ​លូន ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ជា​គ្រូ​អាយ​អំពាយ ចេះ​ទស្សន៍ទាយ និង​ចេះ​ដក​អំពើ ចេញពី​ខ្លួន​ប្រាណ ពី​បទ​ឆបោក​លុយ​ពី​ជន​រងគ្រោះ​ជាង​១៦​ម៉ឺន​បាត​។​

​ការឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​នា ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦ ល្ងាច នៅ​ចំណុច​ភូមិ​កណ្តោល ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ទៅតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ហ៊​យ ណាត ភេទ​ស្រី អាយុ​៥១​ឆ្នាំ​រស់នៅ​ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ពី​បទ​ឆបោក រំលោភ​លើ​ទំនុកចិត្ត​។ គ្រូ​អាយ​អំពាយ​នោះ​មានឈ្មោះ កាំ​ង លាង ហៅ តាំង​គីម​មួយ​ហេង អាយុ ៣៧​ឆ្នាំ ។​

​ជនរងគ្រោះ​បានអោយដឹងថា ដោយសារតែ​ខ្លួន​ចេះ​តែ​មាន​អ​ការៈឈឺចាប់​នៅក្នុង​ខ្លួន ទើប​បាន​មក​ឲ្យ​គ្រូហោ​ទស្សន៍​មើល​ឲ្យ ក្រែង​មាន​ខុស​អ្វី​មួយ ។ ភ្លាមៗ​នោះដែរ គ្រូ​ហោ​បាន​និយាយថា ខ្លួន​ត្រូវ​អំពើ​គេ​ហើយ ដោយ​នៅក្នុង​ខ្លួន​មាន​ស​សៃ​លួស​ច្រើនណាស់ ហើយ​គ្រូ​ហោ​បាន​សន្យាថា​គេ​អាច​ដក​លួស​ទាំងនេះ​ចេញពី​ខ្លួនប្រាណ​របស់​ខ្លួន​បាន ប៉ុន្តែ​កំណល់គ្រូ​រាង​ថ្លៃ​បន្តិច ទើប​ពូកែ​ស័ក្តិ​សិទ្ធ និង​អាច​ទាញ​ចេញ​ឲ្យអស់​ពី​ក្នុង​ខ្លួន ។ ដោយសារ​មាន​ការភ័យខ្លាច ខ្លួន​ក៏​យល់ព្រម​ឲ្យ​គ្រូហោ​នោះ​ជួយ​ដោះ​អំពើ​ចេញពី​ខ្លួន ប៉ុន្តែ​ជំហាន​ដំបូង​គ្រូ​ទាមទារ​ប្រាក់​ចំនួន​ជាង ១៧០០០ បាត មក​តម្កល់​លើ​អសនៈ ដើម្បី​ឲ្យ​ការធ្វើ​នេះ​បាន​ពូកែ ។​

​ប៉ុន្តែ​ក្រោយពី​គ្រូទាយ​បាន​ព្យាបាល​តាម​រយៈ​មន្តអាគម​របស់ខ្លួន គ្រូ​ដោះ​អំពើ​រូបនេះ​បាន​ប្រាប់​អ្នកជំងឺ​ថា គ្រូ​បាន​ដោះ​អំពើ​ចេញ​ខ្លះៗ​ហើយ​មាន​ទាំង​ដេក​គោល និង​របស់​ផ្សេងទៀត តែ​ដោះ​មិនទាន់​អស់​ទេ ។ ពេល​នោះ​គ្រូទាយ​រូបនេះ បាន​បង្គាប់​ឱ្យ​អ្នកជំងឺ​តម្កល់​លុយ​ជាង​១៥​ម៉ឺន​បាត​បន្ថែម​ទៀត​គម្រប់​១៦​ម៉ឺន​បាត ដើម្បី​ឲ្យ​កាន់តែ​ពូកែ​ស័ក្តិ​សិទ្ធ ហើយ​អ្នកជំងឺ​ក៏​រក​លុយ​យក​មក​ឲ្យ​គ្រូ​បន្ថែមទៀត ។​

​ប៉ុន្តែ​ក្រោយ​ពី​រក​លុយ​មក​ប្រគល់​ឲ្យ​គ្រូទាយ​រូបនេះ​គ្រប់​ចំនួន​ហើយ គ្រូទាយ​ហាក់​បង្ហាញ​ពី​សកម្មភាព​បោកប្រាស់ ទើប​ជនរងគ្រោះ​មាន​ការសង្ស័យ ក៏​សួរ​នាំ​រហូត​មាន​ការឈ្លោះប្រកែក​គ្នា​បែកផ្សែង ។ ពេល​ដែល​ផ្ទុះ​រឿង​នេះ​ស្ត្រី​គ្រូទាយ​បាន​យល់ព្រម​សងលុយ​អ្នកជំងឺ​វិញ តែ​បាន​ចេញ​ជា​សែក ដែល​មាន​ទឹកប្រាក់​ចំនួន​ជាង​៣​ម៉ឺន​ដុល្លារ ឱ្យទៅ​ជនរងគ្រោះ​។ គ្រូទាយ​រូបនេះ​បាន​បញ្ជាក់​ប្រាប់​អ្នកជំងឺ​ថា អាចយ​កសែ​ក​នោះ​ទៅ​ដូរ​លុយ​នៅ​ធនាគារ​ចាយ​សិន​ទៅ​។ ព្រោះ​មិន​អាច​ដក​លុយ​ជាង​១៦​ម៉ឺន ដែល​តម្កល់​លើ​អា​សន​:​គ្រូ​នេះ​ឱ្យ​វិញ​ភ្លាមៗ​បានទេ ខុសតំណម​គ្រូ លុះ​ចាយលុយ​ក្នុង​សែក​នោះ​អស់​ហើយ ទើប​ដក​បាន​។ ប៉ុន្តែ​នៅពេល​ជនរងគ្រោះ​យក​សែក​ដែល​មាន​ទឹក​លុយ​ជាង​៣​ម៉ឺន​ដុល្លារ​នោះ​ទៅ​ដូរ​នៅ​ធនាគារ ហើយ​ខាង​ធនាគារ​ប្រាប់ថា ជា​សែក​គ្មាន​ទឹកប្រាក់ ទើប​អ្នកជំងឺ​រូប​នេះ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ស្ត្រី​គ្រូទាយ​បោកប្រាស់​នេះ​តែម្ដង​ទៅ ។​

​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​គ្រូ​អាយ​អំពាយ​ទៅ​បញ្ជាការដ្ឋាន ចាត់ការ​បន្ត ជាមួយនឹង​ការ​ឆបោក​សរុប​ជា​ទឹកប្រាក់ ១៦៧០០០​បាត ស្នើ​នឹង​ជាង ៥៣០០ ដុល្លារ ៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

×