ភ្នំពេញ ៖ ខណៈដែលការបង្រួបបង្រួមរវាងគណបក្សហ៊្វុនស៊ិនប៉ិចជាមួយគណបក្សខ្មែររួបរួមជាតិ នៅទ្រឹងមិនអាចដំណើរការទៅមុខបាននោះ ទីប្រឹក្សាស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាបានជួបជាមួយមេដឹកនាំគណបក្សខ្មែររួបរួមជាតិ ដើម្បីចង់ដឹងពីការបង្រួបបង្រួមរវាងគណបក្សទាំងពីរនេះ។
ទីប្រឹក្សាស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Wu Chuanbing បានជួបពិភាក្សាការងារជាមួយលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដើម្បីពង្រឹងទំនាក់ទំនងរវាងគណបក្សកុម្មុយនីស្តចិនជាមួយគណបក្សខ្មែររួបរួមជាតិ និងចង់ដឹងអំពីការបង្រួបបង្រួមរវាងគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចជាមួយគណបក្សខ្មែររួបរួមជាតិ ដំណើរការដល់ណាហើយ។ ជំនួបពិភាក្សានេះ បានធ្វើឡើងនៅគេហដ្ឋានលោកញឹក ប៊ុនឆៃ។
លោកញឹក ប៊ុនឆៃ បានមានប្រសាសន៍ប្រាប់ CEN ថា គោលបំណងនៃជំនួបពិភាក្សាគ្នានេះ គឺដើម្បីមកពង្រឹងការទំនាក់ទំនងរវាងគណបក្សកុម្មុយនីស្តចិនជាមួយគណបក្សខ្មែររួបរួមជាតិ ដែលជាមិត្តភ័ក្តិចាស់ និងមានទំនាក់ទំនងជាមួយគ្នាជាយូរមកហើយ។
ទីប្រឹក្សាស្ថានទូតចិនក៏បានសួរអំពីការបង្រួបបង្រួមរវាងគណបក្សហ៊្វុនស៊ិនប៉ិចជាមួយគណបក្សខ្មែររួបរួមជាតិ តាមព័ត៌មានដោយមានការឯកភាពគ្នារវាងសម្តេចសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ហើយនិងរូបលោកតាំងពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ មកម៉្លេះ ដោយការរួបរួមមកដល់ពេលនេះហាក់ដូចជាអូសបន្លាយយូរ។
លោកញឹក ប៊ុនឆៃ បានជម្រាបជូនទីប្រឹក្សាស្ថានទូតចិនអំពីការបង្រួបបង្រួមថា ក្រោយមានការឯកភាពគ្នារវាងលោក និងសម្តេចក្រុមព្រះ ក្នុងការបង្រួបបង្រូមគ្នារវាងគណបក្សទាំងពីរ គឺគណបក្សហ៊្វុនស៊ិនប៉ិចជាមួយគណបក្សខ្មែររួបរួមជាតិឲ្យទៅជាមួយគណបក្សហ៊្វុនស៊ិនប៉ិចតែមួយ គឺមានដំណើរការមករហូតដល់ពេលបច្ចុប្បន្ននេះ គឺខាងគណបក្សខ្មែររួបរួមជាតិ មិនមាននបញ្ហាអ្វីទេ រង់ចាំតែខាងគណបក្សហ៊្វុនស៊ិនប៉ិច បញ្ហាវានៅលើគណបក្សហ៊្វុនស៊ិនប៉ិច មានបញ្ហាផ្ទៃក្នុងដោះស្រាយមិនទាន់ចប់នៅឡើយទេ ដោយមានការប្តឹងផ្តល់គ្នាទៅក្រសួងមហាផ្ទៃនិងតុលាការ។ ហើយនៅពេលដោះស្រាយចប់បញ្ហាផ្ទៃក្នុងរួចរាល់ គឺនឹងបន្តដំណើរការបង្រួបបង្រួមបញ្ចូលគ្នាទៅជាគណបក្សហ៊្វុនស៊ិនប៉ិចតែមួយ។
លោកបានបញ្ជាក់ថា ការបង្រួបបង្រួមគ្នានេះ បើសិនជាមានការអូសបន្លាយពេលរហូតដល់ចុងឆ្នាំ២០២១នេះ គឺប្រហែលជាយឺតយ៉ាវហើយ ពីព្រោះបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ហើយបើមានការរួបរួមទាល់តែធ្វើឲ្យបាននៅដើមខែធ្នូ ឆ្នាំ២០២១ តែពេលនេះខាងគណបក្សហ៊្វុនស៊ិនប៉ិចកំពុងតែដំណើរការនៃការដោះស្រាយផ្ទៃក្នុង។ ហើយយើងចង់រួបរួមគ្នាឲ្យបានមុនការបោះឆ្នោតដើម្បីឲ្យសម្លេងមានការកើនឡើង។
ចំណែកលោកញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច មិនសុំការអត្ថាធិប្បាយបានទេ ពាក់ព័ន្ធការបង្រួបបង្រួមរវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ