Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លង់មេនិងផែនការអភិវឌ្ឍន៍ វិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ៥ ស្ថិតនៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ត្រូវបានដាក់ឆ្លង និងអនុម័ត

ភ្នំពេញ ៖ ប្លង់មេនិងផែនការអភិវឌ្ឍន៍វិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ៥ ស្ថិតនៅក្នុងឧទ្យានជាតិព្រះ មុនីវង្សបូកគោ ភូមិសាស្ត្រសង្កាត់ព្រែកត្នោត ខេត្តកំពត ត្រូវបានដាក់ឆ្លង និងអនុម័តនៅក្នុងកិច្ចប្រជុំពិនិត្យនៅថ្ងៃ ទី ២៥ ខែតុលា ឆ្នាំ២០២១ នេះ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិ ស្ថានដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្តកំពត មន្ទីរបរិស្ថាន និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកំពតព្រមទាំងតំណាង ក្រុមហ៊ុនវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា។

មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានជឿជាក់ថា គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូចនេះ នឹងចូលរួមបង្កើតសក្តានុពលទេសចរណ៍កាន់តែខ្លាំង និងមានជម្រើសកាន់តែច្រើន ចូលរួមបង្កើតការងារ និង បង្កើនជីវភាពប្រជាពលរដ្ឋនៅជុំវិញតំបន់នោះ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ទេសចរណ៍ធម្មជាតិផ្នែកមួយយ៉ាងសំខាន់ នៃទេសចរណ៍កម្ពុជា ហើយតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សចម្រុះដែលកំពុងត្រូវបានការពារបានយ៉ាងល្អប្រសើរ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ នៅក្នុងបរិការណ៍នៃការ ឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ នេះ។
ឯកឧត្តមបានលើកឡើងថាក្នុងរយៈពេលចុងក្រោយនេះ ពលរដ្ឋខ្មែរបានដើរកម្សាន្តច្រើននៅតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍ធម្មជាតិនានាក្នុងប្រទេសកម្ពុជា និងបាននាំចូលសេដ្ឋកិច្ចជាច្រើនទៅមូលដ្ឋាន និងបង្កើតការងារថ្មីជូនពលរដ្ឋ ដែលជាផ្នែកមួយនៃ ការចូលរួមពង្រឹងលើកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ។

ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា ប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើង បានផ្តល់តម្លៃខ្ពស់នៃតំបន់ទេសចរណ៍ធម្មជាតិ និងមានមោទកភាពចំពោះសម្បត្តិ ធនធានរបស់កម្ពុជា ជាពិសេសតាមរយៈដំណើរកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ធម្មជាតិ នានា រូបភាព និងទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនៃប្រទេសកម្ពុជាត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅតាមបណ្តាញទំនាក់ទំនងសង្គមនិង ប្រព័ន្ធផ្សព្វផ្សាយនានា ដែលបានចូលរួមកាន់តែខ្លាំងថែមទៀត ក្នុងការបណ្តុះស្មារតីស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិក្នុងចំណោមប្រជាពលរដ្ឋខ្មែរ និងបានចូលរួមថែរក្សាការពារនូវទេសភាព និងសម្បត្តិធម្មជាតិទាំងនេះសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×