ភ្នំពេញ៖ នាវេលាអធ្រាត្រយប់ថ្ងៃទី២៥ ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងក្រុមមន្រ្តីបច្ចេកទេសក្រសួង បានកំពុងបន្តដឹកនាំក្រុមការងារ ចុះពិនិត្យនិងបញ្ជាការងារអន្តរាគមន៍ នៅលើទំនប់សណ្តស្ទឹងព្រែកត្នោត ដែលបានកំពុងយាយីដោយទឹកជំនន់ស្ទឹងព្រែកត្នោត ដើម្បីជួយសម្រួលធ្វើយ៉ាងណាបន្ថយការប៉ះពាល់ ឲ្យបានជាអតិបរមា ដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ប្រឈម។
នារសៀលថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹកនៅ តាមសណ្តរស្ទឹងព្រែកត្នោត ដែលអាចប្រឈមដោយការយាយីពីជំនន់ទឹកភ្លៀង ពីផ្ទៃរងទឹកភ្លៀងផ្នែកខាងលើ(ខេត្តកំពង់ស្ពឺ) នៅភូមិសាស្ត្រខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ។
កម្ពស់ទឹកនៅទ្វារទឹកទំនប់៧មករា នាម៉ោង៤រសៀលនេះគឺមានកម្ពស់ ៩,១២ ម៉ែត្រ បើធៀបនឹងព្រឹកម្សិលមិញគឺបានហក់ឡើងបន្ថែម ០,៤៨ ម៉ែត្រ បានលើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ននៅកម្រិត ៧,០០ ម៉ែត្រ ។
សកម្មភាពកន្លងមក ក្រសួងធនធានទឹកបានត្រៀមលក្ខណៈ និងចុះអនុវត្តការងារអន្តរាគមន៍ចាប់តាំងពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ មកម្ល៉េះដោយបានអនុវត្តការងាររួចមួយចំនួនរួមមាន ៖
- នៅផ្នែកខាងលើ បានស្តារបើកមុខទឹកស្ទឹងតូចដែលជាផ្នែកមួយជួយរំដោះទឹកជំនន់ បានប្រមាណ ១០០ម៉ែត្រត្រីគុណ/វិនាទី
- ផ្នែកខាងក្រោម បានប្រើគ្រឿងចក្រកាយបើកមុខទឹកប្រឡាយ៩៤ ,ប្រឡាយ៩៦ និងស្តារព្រែកខ្សេវ ប្រវែង ២៥០០ម៉ែត្រ ចេញពីប្រឡាយ ៩៤,៩៦ ភ្ជាប់ទៅវាលបឹងរាន និងបឹងខាម៉ៅ តាមព្រែកហូរ ទម្លាក់ទៅទន្លេបាសាក់ ។
- លើកពង្រឹងកម្ពស់តួរទំនប់តាមបណ្តោយសណ្តរស្ទឹង ត្រង់ទំនាបជាប់ភូមិឋានប្រជាពលរដ្ឋ
មកដល់ពេលនេះ ស្ថានភាពស្ថិតនៅក្នុងការប្រុងប្រយ័ត្ន កំពុងប្រឈមនៅឡើយ ទោះជាយ៉ាងណាក្រសួងធនធានទឹក និងឧតុនិយមបានត្រៀមគ្រឿងចក្រធុនធ្ងន់ចំនួន ៣៦គ្រឿង ,បាវខ្សាច់ធំ តូច , សំណាញ់ថ្ម និងកម្លាំងក្រុមការងារ កំពុងបន្តការងារអន្តរាគមន៍ ដោយប្រចាំការ២៤ម៉ោង នៅតាមទំនប់សណ្តរស្ទឹង ដើម្បីការពារហានិភ័យជំនន់ទឹកភ្លៀង ដែលអាចបង្កការលិចលង់ ដល់លំនៅឋានប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តប្រឈម ៕រក្សាសិទ្ធិដោយ ៖ កូលាប