Sunday, November 28, 2021

ករណីឆបោក បរិហារកេរ្តិ៍ គំ.រាម.កំ.ហែង ជនល្មើសតែងតែប្រើប្រាស់ស៊ីមកាតចល័ត គ្មានអត្តសញ្ញាណប័ណ្ណ ធ្វើឲ្យសមត្ថកិច្ចពិបាក ក្នុងការស្វែងរកអត្តសញ្ញាណជនប្រព្រឹត្តខុសច្បាប់

ខេត្តបន្ទាយមានជ័យ ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក គង់ វិនឌី ស្នងការរងទទួលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនឹងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តបន្ទាយមានជ័យ បានចុះធ្វើបច្ចុប្បន្នភាពភ្នាក់ងារចែកចាយស៊ីមកាតចល័ត ដើម្បីមានវិធានការបង្ការ ទប់ស្កាត់ បទល្មើសផ្សេងៗតាមបណ្តាញសង្គម និងប្រព័ន្ធបច្ចេកវិទ្យា។

ប្រតិបត្តការនេះ កម្លាំងនគរបាលជំនាញអនុវត្តន៍ចុះផ្សព្វផ្សាយ តាមសារាចរអន្តរក្រសួងលេខ ០០១ សរ.ផម-បទ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ ជូនដល់ក្រុមហ៊ុនប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត និងភ្នាក់ងារចែកចាយស៊ីមកាតចល័តទាំងអស់ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឲ្យអនុវត្តឲ្យបានម៉ត់ចត់ក្នុងការលក់ចែកចាយស៊ីមកាត ត្រូវតែយកឯកសារកំណត់អត្តសញ្ញាណអតិថិជនឲ្យបានត្រឹមត្រូវ ជៀសវាងការប្រព្រឹត្តខុស ព្រោះអាចប្រឈមមុខនឹងច្បាប់។

ការលក់ចែកចាយស៊ីមកាតចល័តឲ្យបានត្រឹមត្រូវតាមច្បាប់ គឺមានន័យថា ក្រុមហ៊ុន និងភ្នាក់ងារ ក៏បានចូលរួមចូលរួមចំណែកការពារសន្តិសុខ ក្នុងសង្គមផងដែរ ព្រោះកន្លងមកមានករណីប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជា ឆបោក បរិហារកេរ្តិ៍ គំ.រាម.កំ.ហែង ជនល្មើសតែងតែប្រើប្រាស់ស៊ីមកាតចល័ត គ្មានអត្តសញ្ញាណប័ណ្ណ ក្នុងការប្រព្រឹត្តបទល្មើស ដែលធ្វើឲ្យសមត្ថកិច្ចពិបាក ក្នុងការស្វែងរកអត្តសញ្ញាណជនប្រព្រឹត្តខុសច្បាប់៕រក្សាសិទ្ធិដោយ ៖ កូលាប