សៀមរាប ៖ ក្នុងពេលដឹកនាំក្រុមមន្ត្រី ចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធនេះ បានបង្ហាញរបាយការណ៍ឲ្យដឹងថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅ ក្រុងសៀមរាប នេះ គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ក្នុងរយៈពេលជាង ១១ខែនេះ សម្រេចបាន ៨៣.៨៧% នៃទំហំការងារសរុប (២%លឿនជាងផែនការ), ហើយថា គម្រោងនេះ គ្រោងនឹងបញ្ចប់ការស្ថាបនានៅចុងខែធ្នូ ឆ្នាំ២០២១ ខាងមុខ។

សូមបញ្ជាក់ថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប នៃខេត្តសៀមរាប ចំនួន ៣៨ខ្សែនេះ មានប្រវែង សរុបជាង ១០៨.៧គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុប ប្រមាណជាង ១៤៩លានដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន ៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនេះ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានពន្យល់ថា ការសាងសង់ផ្លូវ ត្រូវបានបែងចែកជា ៤ប្រភេទ រួមមាន ៖ ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើកម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុបជិត ៣៦គីឡូម៉ែត្រ, ផ្លូវស្ថាបនាដោយក្រាលបេតុងសរសៃដែក កម្រាស់ ២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ (AC) ពីលើកម្រាស់ ៥ ទៅ ៧សង់ទីម៉ែត្រ ប្រវែងសរុប ៩,៣៨៩ម៉ែត្រ, ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ (AC) ពីលើកម្រាស់ ៥ ទៅ៧ សង់ទីម៉ែត្រ ប្រវែងសរុប ១០.៨គីឡូម៉ែត្រ, ផ្លូវស្ថាបនាដោយក្រាលបេតុងសរសៃដែក កម្រាស់ ២០ ទៅ ២៥សង់ទីម៉ែត្រ ប្រវែងសរុប ៥២.៥គីឡូម៉ែត្រ។

គម្រោងសាងសង់ផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នេះ មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញទៅដោយ សោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅឱ្យស័ក្តិសម ជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍ បានកាន់តែច្រើន សំដៅលើកស្ទួយសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាល៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









