ភ្នំពេញ ៖ បើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំលើស្ថានភាពអាកាសធាតុរួចមក បានបង្ហាញឲ្យឃើញថា មានសម្ពាធទាបសកម្មមួយ បាននិងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង, បន្ទាប់មកសម្ពាធទាបសកម្មនេះ នឹងវិវត្តជាបន្តបន្ទាប់ទៅជាកូនព្យុះមួយធ្វើដំណើរចូលមកភាគខាងត្បូង ប្រទេសវៀតណាម នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ហើយនឹងថមថយឥទ្ធិពលនៅពេលដើរចូលមកដល់ភាគខាងត្បូង ប្រទេសកម្ពុជា។
លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ មានរាជធានី-ខេត្តមួយចំនួន ទទួលរងនូវស្ថានភាព ជំនន់ទឹកភ្លៀង។
១- តំបន់វាលទំនាប ៖ អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំជាមួយខ្យល់កន្រ្តាក់មានល្បឿនបង្គួរ នឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងកំពង់ធំ។
២- តំបន់ខ្ពង់រាប ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ ៖ អាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំជាមួយខ្យល់កន្រ្តាក់មានល្បឿនខ្លាំង នឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគិរី ត្បូងឃ្មុំ និងកំពង់ចាម។
៣- តំបន់មាត់សមុទ្រ ៖ អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំ ជាមួយខ្យល់កន្រ្តាក់ នឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្ត ខេត្តកំពត និងខេត្តព្រះសីហនុ។ នៅលើផ្ទៃសមុទ្រ នឹងមានភ្លៀងខ្យល់ និងរលកសមុទ្រខ្ពស់, សូមបងប្អូនប្រជានេសាទ និងអ្នកទេសចរទាំងអស់ប្រុងប្រយ័ត្នចំពោះស្ថានភាពអាកាសធាតុបែបនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN