Tuesday, January 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន រួមនិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ កំពុងដឹកនាំមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន រួមនិងកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយចំនួនតាមប្រព័ន្ធវីដេអូ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសរសេរសារលើផេកហ្វេសប៊ុកថា “ការប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ បានចាប់ផ្តើមម៉ោង៨មុននេះបន្តិច។ យើងនឹងមានកិច្ចប្រជុំចំនួន១១ ដែលត្រូវប្រើពេល៣ថ្ងៃ គឺពីថ្ងៃ២៦ ដល់ថ្ងៃ២៨ តុលា២០២១។ នៅថ្ងៃបញ្ចប់ការប្រជុំនាថ្ងៃ២៨ តុលាខាងមុខនេះ កម្ពុជាយើងនឹងទទួលជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ បន្តពីប្រទេសប្រុយណេ”។

កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំ២០២១នេះ មានប្រទេសព្រុយណេ ជាម្ចាស់ផ្ទះ តែដោយសារវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យមេដឹកនាំប្រទេសពាក់ព័ន្ធកិច្ចប្រជុំទាំងអស់ មិនអាចចូលរួមដោយផ្ទាល់នោះឡើយ ហើយត្រូវជំនួសតាមប្រព័ន្ធវីដេអូវិញ។

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលអញ្ជើញអមសម្តេចតេជោ ចូលរួមកិច្ចប្រជុំទាំងនេះ រួមមាន៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្រី្តជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។

យោងតាមក្រសួងការបរទេស បានគូសបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំដូចខាងក្រោម៖

  • ប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩
  • កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២
  • កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤
  • កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩
  • កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤
  • កិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្រ្ដាលី លើកទី១
  • កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៤
  • កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦
  • កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ និង
  • កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៉ី លើកទី៤ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា។ នៅថ្ងៃចុងក្រោយសម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើបទអន្តរាគមន៍ នៅក្នុងពិធីបិទ ក្រោយពីព្រុយណេប្រគល់តំណែងប្រធានអាស៊ានឆ្នាំ២០២២ ជូនមកកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ កូលាប

×