Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយពេលភ្លៀងមេឃស្រឡះ! ម្ចាស់ក្សត្រីជប៉ុន តស៊ូរហូតបានរៀបអភិសេកជាមួយបុរសបណ្ដូលចិត្តជារាស្រ្ដសាមញ្ញ

spot_img

ទីក្រុងតូក្យូ៖ ម្ចាស់ក្សត្រីជប៉ុនមួយអង្គ ត្រូវជាព្រះភាគិនេយ្យា (ឬក្មួយស្រី) បង្កើតរបស់ព្រះចៅអធិរាជជប៉ុន Naruhito និងជាព្រះនត្ដាក្សត្រី (ចៅស្រី)របស់អតីតព្រះចៅអធិរាជ Akihito បានសព្វព្រះទ័យ ហើយជាប់ចិត្តស្រឡាញ់អតីតមិត្តភក្ដិរួមថ្នាក់ជាមួយគ្នា រហូតមិនអាចដកព្រះទ័យវិញបាន បើទោះជាត្រូវលះបង់ឋានៈ ក្នុងរាជវង្សអធិរាជជប៉ុន និងរងព្យុះភ្លៀង ពីការរិះគន់យ៉ាងណា ក៏ព្រះនាងមិនរាថយ ដោយថែមទាំងមិនទទួល លុយជាង១លានដុល្លារ សម្រាប់ការលះបង់ឋានៈ ពីរាជវង្សអធិរាជថែមទៀតផង ហើយទីបំផុត ព្រះនាង បានសម្រេចព្រះបំណង រៀបអភិសេកជាមួយនឹងម្ចាស់បេះដូង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

បើតាមសារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ថា ម្ចាស់ក្សត្រីជប៉ុន Mako បានរៀបចំអភិសេកជាមួយនឹងម្ចាស់ហទ័យរបស់ព្រះនាង គឺលោក Kei Komuro ។ ការរៀបការជាមួយនឹងបុរសសាមញ្ញបែបនេះ ធ្វើឲ្យព្រះនាង បាត់បង់ង់ឋានៈ នៅក្នុងសែរាជវង្សផងដែរ។ ម្ចាស់ក្សត្រី Mako បានកាត់ចោលពិធីអភិសេករបស់រាជវង្ស ហើយព្រះនាងថែមទាំង បានបដិសេធទទួលយកប្រាក់ ដែលត្រូវផ្តល់ជូន ចំពោះក្សត្រីដែលត្រូវចាកចេញពីរាជវង្ស នៅពេលព្រះនាងចាកចេញពីគ្រួសាររាជវង្ស។

សារព័ត៌មាន Japan Today ធ្លាប់ចេញផ្សាយ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ថា លោក Kei Komuro ជាម្ចាស់ចិត្តរបស់ម្ចាស់ក្សត្រី ម៉ាកូ (Mako) កាលពីថ្ងៃទី២៧ ខែកញ្ញា បានវិលត្រឡប់ មកពីសហរដ្ឋអាមេរិក ចូលមកដល់ប្រទេសជប៉ុនវិញ ដើម្បីរៀបពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ ការវិលត្រឡប់របស់លោក Kei Komuro បានកើតឡើង ចំពេលមានរឿងចម្រូងចម្រាស ជុំវិញនឹងជម្លោះហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងម្ដាយរបស់គេ។ ម្ចាស់ចិត្តរបស់ម្ចាស់ក្សត្រី Mako បានទៅកាន់សហរដ្ឋអាមេរិក ដើម្បីបន្ដការសិក្សា និងធ្វើការ អស់រយៈពេល៣ឆ្នាំកន្លងមកហើយ។

លោក Komuro អាយុ២៩ឆ្នាំ ជារាស្រ្ដសាមញ្ញ បានចងចិត្តស្រឡាញ់គ្នាយ៉ាងស្វិតស្វាញជាមួយនឹងព្រះនាង Mako ព្រះភាគិនេយ្យា (ក្មួយស្រី) របស់ព្រះចៅអធិរាជជប៉ុន Naruhito ត្រូវជាព្រះរាជជេដ្ឋាច្បងរបស់ព្រះបិតារបស់ព្រះនាង ព្រះនាម Akishino ជារាជទាយាទជប៉ុន។ គូស្នេហ៍ទាំង២នាក់ រវាងសែរាជវង្សអធិរាជជប៉ុន និង រាស្រ្ដសាមញ្ញធម្មតានេះ បានរៀបការ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ ពួកគេទាំង២នាក់ នឹងចាប់ផ្ដើមជីវិតថ្មី នៅលើទឹកដីសហរដ្ឋអាមេរិក ជាកន្លែង ដែលលោក Komuro ធ្វើការ នៅក្នុងក្រុមហ៊ុនច្បាប់មួយ។

សារព័ត៌មាន CNN បានផ្សាយថា ម្ចាស់ក្សត្រី ម៉ាកូ (Mako) មានព្រះជន្ម២៩វស្សា ត្រូវជាព្រះនត្ដាក្សត្រី (ចៅស្រី) របស់អធិរាជជប៉ុនមុន អាគីហ៊ីតូ (Akihito) បានភ្ជាប់ពាក្យជាមួយនឹងអតីមិត្តរួមថ្នាក់របស់ព្រះនាង គឺលោក Kei Komuro កាលពីឆ្នាំ២០១៧។ ប៉ុន្ដែនៅឆ្នាំបន្ទាប់ ព្រះនាង បានពន្យារពេលពិធីរៀបចំអភិសេកជាមួយនឹងបុរសបណ្ដូលចិត្ត។ ក្រោយមកទៀត គូស្នេហ៍ទាំង២នេះ បានប្រកាសថា នឹងរៀបចំអភិសេក ក្នុងពេលឆាប់ៗ ហើយត្រូវការពេលវេលាច្រើន ដើម្បីរៀបគម្រោងអនាគត រវាងព្រះនាង និងស្វាមី។

បណ្ដាញផ្សព្វផ្សាយ NHK និង បណ្ដាញផ្សព្វផ្សាយផ្សេងៗទៀត បានផ្សាយថា សមាជិក ដែលចាកចេញ ក៏មានសិទ្ធិទទួលបានការទូទាត់ប្រាក់ផងដែរ។ ប៉ុន្ដែទោះយ៉ាងណា រដ្ឋាភិបាល បានលើកឡើងថា ម្ចាស់ក្សត្រី Mako បដិសេធការទូទាត់ប្រាក់ ចំនួន១៥០លានយ៉េន (ឬស្មើនឹង១,៣៥ លានដុល្លារ) សម្រាប់រាជវង្សានុវង្ស ដែលបានបោះបង់ឋានៈរបស់ខ្លួន ដើម្បីរៀបការជាមួយនឹងរាស្រ្ដសាមញ្ញ ចំពេលមានការរិះគន់ជាសាធារណៈ អំពីគូដណ្តឹងរបស់ព្រះនាង។ គូស្នេហ៍ទាំង២នាក់នេះ មានគម្រោងទៅរស់នៅសហរដ្ឋអាមេរិក។

ច្បាប់អធិរាជជប៉ុន អនុញ្ញាតឱ្យរាជបល្ល័ង្ក ត្រូវប្រគល់តែទៅលើក្សត្រ ជាបុរសតែប៉ុណ្ណោះ ជាអ្នកស្នងរាជ្យ។ ចំណែកម្ចាស់ក្សត្រី ដែលមិនទាន់រៀបចំអភិសេក ក៏នឹងត្រូវបាត់បង់ឋានៈ នៅក្នុងសែរាជវង្សផងដែរ ប្រសិនបើពួកគេរៀបការជាមួយរាស្រ្ដសាមញ្ញ។ ប៉ុន្ដែករណីនេះ លទ្ធភាព អាចធ្វើឲ្យសែរាជវង្សអធិរាជ គ្មានសមាជិកគ្រប់គ្រាន់ សម្រាប់បំពេញភារកិច្ចសាធារណៈរបស់រាជវង្ស៕រក្សាសិទ្ធិដោយ ៖សារាយSN

spot_img
×