កណ្តាល ៖ ពលរដ្ឋចំនួន៤ឃុំនៅស្រុកស្អាង បានសំណូមពរឱ្យមន្ត្រីជំនាញចុះត្រួតពិនិត្យខណៈ:ទឹកនៅក្បែររោងចក្រមានក្លិនស្អុយរមាស់ប្រើលែងកើតហើយត្រីធម្មជាតិនិងចិញ្ចឹមរាប់សិបតោនបានងាប់ជាបន្តបន្ទាប់ បង្កភាពវិនាសដល់ប្រជាពលរដ្ឋក្នុងភូមិជាច្រើនគ្រួសារ។
លោក ឆាយ សែ នៅភូមិកំពង់ព្រីង ឃុំសិត្បូ៍ ស្រុកស្អាង ខេត្តកណ្តាល ដែលនៅក្បែ ររោងចក្របោកគក់ខោខៅប៊យធំជាងគេយីហោ ” ហីហ្គៀយាន ឯ.ក ” បានប្រាប់ថា រយៈពេលបីបួនខែមកហើយ បន្ទាប់ពីរោងចក្រនេះបង្ហូរទឹកស្អុយចូលទន្លេមក ទឹកនៅម្តុំនេះប្រើមិនកើតនោះទេ គឺក្លាយទៅជាពណ៌ខ្មៅ ស្អុយ និងរម៉ាស់ ទៀតផង ហើយរោងចក្រនេះបង្ហូរទឹក ចំនួន២កន្លែង គឺខាងក្រោយរោងចក្រនិងតាមប្រឡាយ៦៤។
ចំណែកលោក ចាន់ ម្ចាស់ប៊ែត្រីម្នាក់ក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង បាននិយាយថា គាត់បានចិញ្ចឹមត្រីជាង១០ឆ្នាំមកហើយ និងមានចំនួន១៦ប៊ែ មិនដែលជួបប្រទះបញ្ហាត្រីងាប់ដូច្នេះទេ បើងាប់គឺងាប់ពេលត្រីនៅតូចៗនិងតិចតួចបំផុត ប៉ុន្តែ ឆ្នាំនេះគឺងាប់គ្មានសល់តែម្តងទាំងអាធំទាំងអាតូច ហើយការងាប់នេះតាំងពីដើមខែមេសា មកម្លេះគឺងាប់ជាបន្តបន្ទាប់គ្មានសល់ឡើយ ពោលគឺក្នុងមួយប៊ែប្រមាណ២តោន ហើយបើតាមបទពិសោធន៍ គឺអាចបណ្តាលមកពីទឹកមានសារធាតុពុល ទើបបានជាងាប់ដូច្នេះ។
ជាមួយគ្នានោះដែរ លោក សុខ និងលោក កាយ យូ ជនជាតិខ្មែរឥស្លាម នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល បានឱ្យត្អូញត្អែរថា ពួកគាត់ចិញ្ចឹមត្រីជាង៣០ឆ្នាំមកហើយ មិនដែលឃើញត្រីងាប់ដូច្នេះទេ ហើយមិនមែនតែងាប់តែត្រីចិញ្ចឹមរបស់ពួកគាត់នោះទេ សូម្បីតែត្រីធម្មជាតិក្នុងទន្លេក៏ងាប់ដែរ ហើយត្រីដែលងាប់នោះ មិនអាចយកទៅកែឆ្នៃធ្វើប្រហុក ផ្អក បាននោះទេ គឺងាប់រលួយសាច់តែម្តង។ ដូច្នេះ សូមមន្ត្រីជំនាញមេត្តាជួយចុះមកពិនិត្យផង ចំពោះការបង្ហូរទឹកស្អុយពីរោងចក្រចូលទន្លេ បណ្តាលឱ្យងាប់ត្រីរបស់ពួកគាត់ និងសូមឱ្យរោងចក្រទាំងនោះ ផ្តល់នូវសំណងដល់ពួកគាត់ដែលបានខូចខាត។
លោក អ៊ំ ឡេង មេឃុំសិត្បូ៍ បានទទួលស្គាល់ថា ពិតជាមានបង្ហូរទឹកស្អុយពីរោងចក្រចូលទន្លេប្រាកដមែន និងមានប្រមាណ៤ទៅ៥រោងចក្រ ហើយលោកក៏ធ្លាប់ធ្វើការកោះហៅជាច្រើនលើកដែរ ប៉ុន្តែ ខាងរោងចក្រគឺមិនបានចូលរួមនោះទេ។
លោក ខឹម ពេញ នាយផ្នែករដ្ឋបាលជលផលបាសាក់ បានប្រាប់ឱ្យដឹងថា ត្រីធម្មជាតិក្នុងទន្លេ និងត្រីចិញ្ចឹមរបស់ប្រជាកសិករពិតជាបានងាប់ច្រើនមែន រួមមានឃុំរកាខ្ពស់ ឃុំ ស្វាយប្រទាល និងខុំត្រើយស្លា ហើយពលរដ្ឋដែលរងផលប៉ះពាល់ដោយសារត្រីចិញ្ចឹមង ប់មានប្រមាណ២០គ្រួសារ និងប្រមាណត្រីងាប់រាប់សិបតោន ឯណោះ។ ជាមួយគ្នានោះលោកក៏បានដងទឹកទន្លេទុកផងដែរ និងរង់ចាំមើលខាងបរិស្ថានពិនិត្យសិន ទើបយកទឹកដែលយើងដងពីទន្លេទុកនោះ ទៅធ្វើការវិភាគ ហើយតាមការពិនិត្យឃើញមានលូបង្ហូរចូលទន្លេចំនួន៥កន្លែងនៅក្នុងឃុំសិត្បូ៍។
ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល លោក អូម ផាត់ មិនអាចទំនាក់ទំនងសុំការពន្យ ល់បាននោះទេ ខណៈដែលទូរសព្ទ័របស់លោកមិនអាចទាក់ទងបាន៕ ដោយ ៖ បញ្ញាស័ក្តិ