Sunday, November 28, 2021

ល្បីក្នុងរឿងនិទានអំពី «កោះមាស» ឥឡូវនេះ ប្រហែល​មាន​ពិត​ហើយ បន្ទាប់​អ្នក​នេសាទ​រក​ឃើញ​បន្ត​បន្ទាប់ វត្ថុបុរាណ​ធ្វើ​ពី​មាស​តម្លៃ​រាប់​លាន​ដុល្លារ

វត្ថុបុរាណធ្វើពីមាសមានតម្លៃរាប់លានដុល្លារ ត្រូវបានរកឃើញក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ នៅតាមបណ្តោយទន្លេ Musi កោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។

ការរកឃើញវត្ថុបុរាណដ៏មានតម្លៃឥតឈប់ឈរ បានធ្វើឱ្យអ្នកបុរាណវត្ថុវិទូជឿថា នេះគឺជាតំបន់ដែលអាណាចក្រ Srivijaya ក្នុងរឿងព្រេងនិទានធ្លាប់មាន។ Srivijaya គឺជានគរមួយដែលត្រូវបានរៀបរាប់នៅក្នុងរឿងព្រេងរបស់ឥណ្ឌូនេស៊ី ដែលប្រជាជនតែងតែហៅនគរនេះថា “កោះមាស” ដែលធ្លាប់មានទ្រព្យសម្បត្តិដ៏អស្ចារ្យ និងភាពរុងរឿងអរិយធម៌គួរឱ្យគោរព។

កាលពីអតីតកាល មនុស្សតែងតែព្យាយាមស្វែងរកដាននៃនគរ Srivijaya ពីព្រោះ Srivijaya បានបាត់ខ្លួនដោយមិននឹកស្មានដល់ ដែលមិនអាចពន្យល់បាននៅប្រហែលសតវត្សទី១៤។

រហូតមកដល់ពេលថ្មីៗនេះ ការរកឃើញផ្នែកបុរាណវិទ្យាមួយចំនួន បាននាំឱ្យអ្នកវិទ្យាសាស្ត្រសង្ឃឹមថា ពួកគេអាចរកឃើញដានដែលបញ្ជាក់ពីវត្តមាននៃចក្រភព Srivijaya។

វត្ថុបុរាណដែលបានរកឃើញនោះ គឺត្រូវបានរកឃើញដោយចៃដន្យដោយអ្នកមុជទឹកក្នុងតំបន់ ខណៈពេលពួកគេកំពុងមុជទឹកចូលទៅក្នុងទន្លេ ដើម្បីចាប់ផលិតផលក្នុងទឹក។ នៅលើដងទន្លេ Musi ក្បែរទីក្រុង Palembang អ្នកមុជទឹកតែងតែភ្ញាក់ផ្អើល នៅពេលពួកគេរកឃើញរតនៈសម្បត្តិបុរាណជាច្រើន ចាប់ពីរូបសំណាកព្រះពុទ្ធនៅសតវត្សរ៍ទី៨ ដែលបញ្ចុះដោយថ្មដ៏មានតម្លៃ រហូតដល់គ្រឿងអលង្ការ មាសសុទ្ធដ៏មានតម្លៃ។

លោកបណ្ឌិត Sean Kingsley បុរាណវិទូជនជាតិអង់គ្លេស ពេលនេះកំពុងនៅប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមក្នុងការស្រាវជ្រាវនេះ ដោយលោកបានប្រាប់កាសែត The Guardian ថា “ក្នុងរយៈពេលប្រាំឆ្នាំកន្លងទៅនេះ វត្ថុបុរាណដ៏មានតម្លៃជាច្រើនបានលេចចេញមកភ្លាមៗ ដែលក្នុងនោះរួមមាន កាក់ គ្រឿងអលង្ការមាសសុទ្ធ ព្រះពុទ្ធបដិមា ត្បូងមានតម្លៃ… “។

លោកបណ្ឌិត Kingsley ជឿថា អាណាចក្រ Srivijaya ពិតជាមាននៅលើដងទន្លេនេះ ដោយមានផ្ទះរបស់ប្រជាជនដែលរស់នៅក្រោមអាណាចក្រនេះ ភាគច្រើនជាទូកសម្រាប់ធ្វើដំណើរតាមដងទន្លេ។

ទោះបីជាយ៉ាងនេះក្តី ការពិតដែលថាអ្នកមុជទឹកបានរកឃើញគ្រឿងអលង្ការមាសសុទ្ធដ៏មានតម្លៃ លង្ហិន និងសូម្បីតែព្រះពុទ្ធរូបមាស ជាមួយនឹងត្បូងដែលមានអាយុកាលតាំងពីសតវត្សរ៍ទី៨ នាំឱ្យអ្នកបុរាណវិទូជឿថា វត្ថុបុរាណទាំងនេះឆ្លុះបញ្ចាំងពីទ្រព្យសម្បត្តិនៃនគរបុរាណ Srivijaya។

មូលហេតុ​ដែលនគរនេះ​បាត់ខ្លួន​នៅ​តែ​ជា​អាថ៌កំបាំង។ សាស្ត្រាចារ្យ Kingsley ប្រៀបធៀបការបាត់ខ្លួននៃអាណាចក្រ Srivijaya ទៅនឹងអ្វីដែលបានកើតឡើងចំពោះទីក្រុងបុរាណ Pompeii (ប្រទេសអ៊ីតាលី) មានន័យថា មានការផ្លាស់ប្តូរភ្លាមៗ និងហិង្សាដែលបានកើតឡើង។

ទោះជាយ៉ាងណាក៏ដោយ ការលំបាកដែលអ្នកបុរាណវត្ថុវិទូ កំពុងជួបប្រទះសព្វថ្ងៃនេះ គឺពួកគេខ្វះធនធាន ដើម្បីធ្វើសកម្មភាពបុរាណវត្ថុក្នុងទ្រង់ទ្រាយធំ ខណៈដែលកំណប់ដែលរកបានដោយអ្នកនេសាទ តែងតែត្រូវបានលក់យ៉ាងឆាប់រហ័ស សម្រាប់អ្នកចង់ទិញវត្ថុបុរាណ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង