បន្ទាយមានជ័យ និងសៀមរាប ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ចូលរួមសហការពីកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប សម្របសម្រួលដោយ ឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោក ថេង សំណាង ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តខេត្តសៀមរាប ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅ ៣ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ ទី១នៅចំណុចក្រោមដើមស្វាយ ប្រហែល១០ម៉ែត្រពីផ្លូវជាតិលេខ៥៩(ចន្លោះគីឡូម៉ែតលេខ៩និង១០) ស្ថិតក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី២ នៅចំណុចផ្ទះគ្មានលេខ បូរីអចលនទ្រព្យអង្គរ ភូមិគោកធ្នោត ឃុំកណ្តែក ស្រុកប្រសាទបាគង់ ខេត្តសៀមរាប ទី៣នៅចំណុចឆែកលំនៅដ្ឋានរបស់ឈ្មោះ លាង ម៉ាប់ ហៅទូច មួយកន្លែងស្ថិតនៅក្នុងភូមិបាលិលេយ្យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លទ្ធផល ៖
ឃាត់ខ្លួនជនសង្ស័យ៣នាក់ ៖ ១ -ឈ្មោះ SUCHAT WANSUWONG ភេទប្រុស ជនជាតិថៃ (គ្មានលិខិតឆ្លងដែន) ២-ឈ្មោះ លាង ម៉ាប់ ហៅទូច ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ ៣-ឈ្មោះ ឡុង សុឡេង ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ (ប្រពន្ធ លាង ម៉ាប់) ។ ចាប់យកវត្ថុតាង សារធាតុញៀនសរុប ២៥គីឡូក្រាម ១០២,៤៣ក្រាម ៖ ១/មេតំហ្វេតាមីន(ICE) ២៥កញ្ចប់ធំ-២កញ្ចប់តូច ស្មើទម្ងន់ ២៥ គីឡូក្រាម ០៣១.៧៨ក្រាម ២/មេតំហ្វតាមីន(WY) ចំនួន ៧៨៥គ្រាប់ ស្មើទម្ងន់ ៧០.៦៥ក្រាម ៣/ជញ្ជីងថ្លឹង ១គ្រឿង។

ចាប់យកទ្រព្យសម្បត្តិ ៖ ១/រថយន្ត ១គ្រឿង ម៉ាក LANDCRUISER 570 ពាក់ផ្លាកលេខ ភ្នំពេញ 2AX-7997 , ២/ទូរស័ព្ទដៃ ចំនួន ៦គ្រឿង ៣/លុយខ្មែរ ៧,៩៥៥,០០០រៀល ៤/លុយថៃ ៤៦,៣៥០បាត ៥/លុយអាមេរិក ២៥,៨៨៥ដុល្លារ ៦/គ្រឿងអលង្ការ (កងដៃ១,ស្នៀតសក់១, បន្តោងខ្សែក២,ខ្សែករ ៣ខ្សែ) ៧/បង្កកផ្ទះ ២កន្លែង ។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ កូលាប



