Tuesday, January 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖ អាស៊ាននឹងឈានទៅរកការគ្រប់គ្រង ការរីករាលដាល នៃជំងឺកូវីដ១៩ បាន ប្រកបដោយប្រសិទ្ធភាពនាពេលដ៏ខ្លីខាងមុខ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើបទអន្តរាគមន៍ទៅកាន់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ នៅព្រឹកថ្ងៃទី២៦ ខែតុលានេះថា ការអូសបន្លាយនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អស់រយ:ពេលជិត២ឆ្នាំកន្លងមក បានក្លាយជាវិញ្ញាសាសាកល្បងសមត្ថភាពដ៏ធំមួយ ក្នុងការដឹកនាំនិងអភិវឌ្ឍទាំងសម្រាប់អាស៊ានទាំងមូល និង ទាំងសម្រាប់ប្រទេសជាសមាជិកនីមួយៗ។ មកដល់ពេលនេះយើងអាចវាយតម្លៃបានថា អាស៊ាននឹង ឈានទៅរកការគ្រប់គ្រងការរីករាលដាល នៃជំងឺនោះបាន ប្រកបដោយប្រសិទ្ធភាពនាពេលដ៏ខ្លីខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ជាទិសដៅទៅមុខ ការងារសំខាន់បន្ត និងបន្ទាប់ គឺការស្តារនិងការអភិវឌ្ឍវិស័យសង្គម សេដ្ឋកិច្ចឡើងវិញ តាមរយ:ការធានាប្រក្រតីភាព នៃលំហូពាណិជ្ជកម្ម ការធ្វើដំណើរ និងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ ក្នុងន័យនេះ កម្ពុជាសូមគាំទ្រនូវការរៀបចំទស្សន វិស័យអាស៊ានក្រោយឆ្នាំ២០២៥ និងស្វាគមន៍ការអនុម័តលក្ខខណ្ឌប្រតិបត្តិសម្រាប់ក្រុមការងារជាន់ ខ្ពស់ទទួលបន្ទុកកិច្ចការនោះ។

នៅក្នុងសុន្ទរកថាគន្លឹ:ដែលទាក់ទិនទៅនិងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា សម្តេចតេជោបានថ្លែងថា នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបាន កំណត់យកការចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្រ្តគន្លឹ: គួបផ្សំនិងវិធានការផ្សេងទៀត។ គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្ពុជាសម្រេចបាននូវការចាក់វ៉ាកសាំងដល់ប្រជាពលរដ្ឋ ១៣លាន ៧សែននាក់ សមមូលនឹងអត្រា ៨៥,៣៣ភាគរយ នៃចំនួនប្រជាជនសរុប១៦លាននាក់។ ជាការវាយតម្លៃជំងឺកូវីដនៅកម្ពុជា ស្ថិតនៅក្នុថស្ថានភាពគ្រប់គ្រងបានល្អ។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល បាននឹងកំពុងជំរុញការបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ តាមគន្លងប្រក្រតីភាពថ្មី ហើយក៏គ្រោងនឹងដាក់ចេញ យុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី នៅចុងឆ្នាំ២០២១នេះ។

សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ ការអញ្ជើញចូលរូមកិច្ចប្រជុំនេះ គឺតបតាមការអញ្ជើញរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូស្សាឡាម ។

សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំដូចខាងក្រោម៖

  • ប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩
  • កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២
  • កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤
  • កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩
  • កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤
  • កិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្រ្ដាលី លើកទី១
  • កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៤
  • កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦
  • កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ និង
  • កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៤ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ។

នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើបទអន្តរាគមន៍ ផងដែរ នៅក្នុងពិធីបិទ ក្រោយពីព្រុយណេប្រគល់តំណែងប្រធានអាស៊ានឆ្នាំ២០២២ ជូនព្រះរាជា-ណាចក្រកម្ពុជា ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×