ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមចតយានយន្តគ្រប់ប្រភេទ និងការដាក់តាំងលក់សម្ភារៈលក់ដូរ នៅលើចំណីផ្លូវសាធារណៈក្នុងក្រុងព្រះសីហនុ។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះ រដ្ឋបាលខេត្តព្រះសីហនុ បានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ ធនាគារ ផ្សារទំនើប ភោជនីយដ្ឋាន អាហារដ្ឋាន បានយកចំណីផ្លូវធ្វើជាកន្លែងដាក់តាំង សម្ភារលក់ដូរ ប្រកបអាជីវកម្ម និងយកយានយន្តមកចតលើកម្រាលថ្មក្រានីត ឬកម្រាលការ៉ូឡា ដែលជាចំណីផ្លូវ សម្រាប់អ្នកថ្មើជើងដើរ។ ស្ថានភាពនេះ បានធ្វើឲ្យដងផ្លូវក្នុងក្រុងព្រះសីហនុ បាត់បង់នូវសណ្តាប់ធ្នាប់ សោភ័ណភាព និងធ្វើឲ្យប៉ះពាល់ដល់អ្នកថ្នើរជើងគ្មានចំណីផ្លូវសម្រាប់ដើរ។
តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ អនុវត្តគម្រោងដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា គឺបានស្ថាបនារួចរាល់ ជាស្ថាពរ១០០ភាគរយ។
រដ្ឋបាលខេត្តបានបន្ដថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ គឺអនុវត្តស្របទៅតាមលក្ខខណ្ឌបច្ចេកទេស និងស្តង់ដារ ដោយបានរៀបចំដាក់គំនូសចរាចរណ៍ បង្គោលភ្លើងស្លាកសញ្ញាចរាចរណ៍ បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ គំនូសសញ្ញាចរាចរណ៍ ដាំដើមឈើ បំពាក់កាមេរ៉ាសុវត្ថិភាព និងបានរៀបក្រាលថ្មក្រានីត ឬការ៉ូឡានៅលើចំណីផ្លូវ សម្រាប់អ្នកថ្មើរជើង ជាពិសេសមានគន្លងសម្រាប់ជនពិកាធ្វើដំណើរដោយគ្មានឧបសគ្គ។

ក្នុងន័យនេះដើម្បីរក្សាឲ្យមានសណ្តាប់ធ្នាប់ សោភ័ណភាព តាមដងផ្លូវក្នុងក្រុងព្រះសីហនុ សម្រាប់ជាប្រយោជន៍សាធារណៈ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖
១) មិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទឈប់ ឬចត ឬបើកបរនៅលើចំណីផ្លូវ(ភម្រាលថ្មក្រានីត ឬ កម្រាលការ៉ូឡា) លើកលែងចំពោះការបើកបរឆ្លងកាត់ចំណីផ្លូវ(កម្រាលថ្មក្រានីត ឬកម្រាលការ៉ូឡា) ចូលទៅក្នុងផ្ទះ ឬដីកម្មសិទ្ធិ ឬអគារផ្សេងៗ ដែលមានចំណតរបស់ខ្លួនតែប៉ុណ្ណោះ។
២) ម្ចាស់អាជីវកម្មសណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ ធនាគារ ផ្សារទំនើប ភោជនីយដ្ឋាន អាហារដ្ឋាន ត្រូវរៀបចំចំណតយានយន្តឱ្យបានត្រឹមត្រូវសម្រាប់អតិថិជនរបស់ខ្លួន ជៀសវាងការយកចំណីផ្លូវ ឬទ្រូងផ្លូវធ្វើជាចំណតយានយន្ត។
៣) មិនអនុញ្ញាតឱ្យបងប្អូនអាជីវករ ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន យកចំណីផ្លូវសាធារណៈធ្វើ អាជីវកម្ម ដូចជាការដាក់តុអាហារ ការដាក់តាំងសម្ភារលក់ដូរ និងការប្រើប្រាស់ចំណីផ្លូវក្នុងន័យ បំរើផលប្រយោជន៍បុគ្គល។
៤) ចំណីផ្លូវ (កម្រាលថ្មក្រានីត ឬកម្រាលការ៉ូឡា) ប្រើប្រាស់សម្រាប់ការដើរថ្មើរជើងតែប៉ុណ្ណោះ និងជិះកង់ប្រសិនបើមានគំនូសផ្លូវសម្រាប់អ្នកជិះកង់។
៥) ចំពោះការបែកបាក់កម្រាលថ្មក្រានីត ឬកម្រាលការ៉ូឡា ជាការទទួលខុសត្រូវរបស់ម្ចាស់ផ្ទះ ឬបុគ្គល ណាដែលធ្វើឱ្យបែកបាក់ ដោយទង្វើណាមួយ។
៦) ចំពោះបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មសណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ ធនាគារ ផ្សារទំនើប ភោជនីយដ្ឋាន អាហារដ្ឋាន ដែលមានចំណតនៅក្នុងដីកម្មសិទ្ធិរបស់ខ្លួន ហើយចង់ស្នើសុំធ្វើច្រក ចេញ-ចូលត្រូវដាក់លិខិតស្នើសុំមករដ្ឋបាលខេត្ត ក្នុងករណីមានការយល់ព្រមពីរដ្ឋបាលខេត្តនោះ ការចំណាយសាងសង់ផ្លូវចេញ-ចូលជាបន្ទុករបស់ម្ចាស់សំណើ។
៧) ករណីបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មសណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ ធនាគារ ផ្សារទំនើប ភោជនីយដ្ឋាន អាហារដ្ឋាន មិនអនុវត្តតាមខ្លឹមសារខាងលើ សមត្ថកិច្ចជំនាញនឹងអនុវត្តវិធាន ការរដ្ឋបាល និងច្បាប់ ស្តីពីចរាចរផ្លូវគោកដែលនៅជាធរមាន៕ រក្សាសិទ្ធិដោយ ៖ កូលាប











