Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេរដ្ឋប្រហារយោធាស៊ូដង់អះអាងថា កងទ័ពរឹបអូសអំណាច ព្រោះខ្លាចកើតសង្រ្គាមស៊ីវិល

spot_img

រដ្ឋធានីខាទូម ៖ រហូតមកដល់ពេលនេះ ពលរដ្ឋស៊ូដង់ កាន់តែច្រើនឡើង បានចេញមកតាមដងផ្លូវ តវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ធ្វើឲ្យចំនួនអ្នកបាត់បង់ជីវិត និងរងរបួស កើនឡើង កាន់តែច្រើន ប៉ុន្ដែលោកឧត្ដមសេនីយ៍ Abdel Fattah Burhan មេដឹកនាំរដ្ឋប្រហារ បែរជាអះអាងថា ពួកយោធារឹបអូសអំណាចបែបនេះ គឺដើម្បីការពារ ខ្លាចមានសង្រ្គាមស៊ីវិលកើតឡើង។

បើតាមសារព័ត៌មានអាល់ចាហ្សេរ៉ា (Al Jazeera) បានចេញផ្សាយ កាលពីរាត្រី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ថា លោកឧត្ដមសេនីយ៍ Abdel Fattah Burhan មេទ័ពកំពូលរបស់ស៊ូដង់ បានចេញមុខ ការពារអំពើរដ្ឋប្រហាររបស់ពួកយោធាថា លោកបានរំលាយរដ្ឋាភិបាលស៊ីវិលគឺដើម្បីបញ្ចៀសសង្គ្រាមស៊ីវិល។ ការអះអាងរបស់មេដឹកនាំរដ្ឋប្រហារយោធារូបនេះ បានកើតឡើង ចំពេលប្រជាពលរដ្ឋស៊ូដង់ កំពុងតែផ្ទុះកំហឹង កាន់តែខ្លាំងឡើង ហើយនាំគ្នាចេញ មកតាមដងផ្លូវ ដើម្បីតវ៉ាប្រឆាំងនឹងពួកយោធា នៅក្នុ្ងងការរឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល រហូតនាំឲ្យមានការបង្ហូរឈាម មកលើពលរដ្ឋស្លូតត្រង់។ ក្រុមបាតុករទាមទារឲ្យពួកយោធា ប្រគល់អំណាចទៅរដ្ឋាភិបាលស៊ីវិលវិញ។

លោកឧត្ដមសេនីយ៍ Abdel Fattah Burhan មេទ័ពកំពូលរបស់ស៊ូដង់ ដែលជាអ្នកដឹកនាំកងទ័ពធ្វើរដ្ឋប្រហារ បានអះអាង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅក្នុងសន្ដិសារព័ត៌មានជាលើកដំបូងរបស់លោក ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា នៅថ្ងៃទី២៥ ខែតុលា ថា កងទ័ពស៊ូដង់ មិនមានជម្រើសអ្វី ក្រៅពីអ្នកនយោបាយ ដែលញុះញង់ប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធនោះទេ។

លោកឧត្ដមសេនីយ៍ Abdel Fattah Burhan បានបញ្ជាក់ថា យោធាស៊ូដង់ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានឡោមព័ទ្ធ និងចាប់ឃុំខ្លួនលោក អាប់ដាល់ឡា ហាមដុក (Abdalla Hamdok) នាយករដ្ឋមន្រ្ដី ប្រពន្ធរបស់គាត់ និងគណៈរដ្ឋមន្រ្ដីរបស់គាត់ រួចហើយនាំទៅកាន់ផ្ទះរបស់លោក។ ប៉ុន្ដែពួកយោធាមិនបានធ្វើឲ្យប៉ះពាល់ដល់រាងកាយរបស់ឥស្សរជន នៃរដ្ឋាភិបាលស៊ូដង់ទាំងនោះទេ។ ការធ្វើបែបនេះ ក៏ព្រោះតែភ័យខ្លាច មានគ្រោះថ្នាក់ដល់ពួកគេ ទើបនាំពួកគេទៅកាន់ផ្ទះរបស់លោក។

បើតាមប្រភពព័ត៌មានចុងក្រោយពីពួកយោធា បានប្រាប់ដល់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី២៦ ខែតុលា ថា ពួកយោធា បានអនុញ្ញាតឲ្យលោក អាប់ដាល់ឡា ហាមដុក (Abdalla Hamdok) នាយករដ្ឋមន្រ្ដីសូដង់ និងប្រពន្ធរបស់គាត់ បានវិលត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ។ ប៉ុន្ដែទោះជាយ៉ាងណា គេនៅមិនទាន់ដឹង ពីសេរីភាពរបស់លោកនាយករដ្ឋមន្រ្ដីស៊ូដង់ ក្នុងការថ្លែងទៅកាន់បណ្ដាញផ្សព្វផ្សាយ និងទាក់ទងទៅអ្នកណាម្នាក់នោះឡើយ។

ក្រោយការធ្វើរដ្ឋប្រហារយោធានោះមក ពលរដ្ឋស៊ូដង់រាប់ម៉ឺននាក់ បានចេញមកតាមដងផ្លូវ ធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារនេះ។ ចំណែកពួកយោធា បានបាញ់ប្រហារគ្រាប់ពិតទៅលើក្រុមបាតុករអហិង្សា បណ្ដាលឲ្យមនុស្សយ៉ាងតិច៧នាក់ស្លាប់ និង១៤០នាក់ផ្សេងទៀត រងរបួស។ អំពើហិង្សានេះ បានកើតឡើង ក្រោយពេលលោក Abdallah Hamdok នាយករដ្ឋមន្រ្ដីស៊ូដង់ និង រដ្ឋមន្រ្ដីជាច្រើនរូបផ្សេងទៀត ត្រូវបានពួកយោធា ចាប់ឃុំខ្លួន នៅក្នុងផ្ទះ ហើយបានប្រកាសរំលាយរដ្ឋាភិបាលស៊ីវិល។

លោក Jeffrey Feltman បេសកជនពិសេសរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាហ្រ្វិក បានបញ្ជាក់ថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើរដ្ឋប្រហារនេះ។ អំពើរដ្ឋប្រហារនេះ ត្រូវបានថ្កោលទោសយ៉ាងខ្លាំង ពីមេដឹកនាំពិភពលោក ហើយសហរដ្ឋអាមេរិក ក៏បានសម្រេចផ្អាកជំនួយ មានទឹកប្រាក់ រហូតដល់៧០០លានដុល្លារផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×