ភ្នំពេញ ៖ កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៤ ប្រព្រឹត្តទៅ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដែលមានការអញ្ជើញចូលរួមពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមានការអញ្ជើញចូលរួមពីលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ព្រមទាំងមេដឹកនាំអាស៊ានដទៃទៀត លើកលែងតែប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះ, ប្រមុខរដ្ឋាភិបាលអាស៊ាន-ចិន បានអនុម័តលើឯកសារចំនួន៣ និងកត់សម្គាល់ទៅលើឯកសារចំនួន២។
បើតាម លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ឯកសារដែលបានអនុម័ត រួមមាន ៖
១- សេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន,
២- សេចក្តីប្រកាសរួមអាស៊ាន-ចិន ស្តីពីកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌអាស៊ាន ការស្តារឡើងវិញគ្រប់ជ្រុងជ្រោយ,
៣- សេចក្តីប្រកាសរួមអាស៊ាន-ចិន ស្តីពីការពង្រឹងការអនុវត្តបៃតង និងប្រកបដោយចេរភាព,
ចំណែក ឯកសារដែលបានកត់សម្គាល់នោះរួមមាន ៖
១- របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តផែនការសកម្មភាព ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ដើម្បីសន្តិភាព និងវិបុលភាពឆ្នាំ២០២១-២០២៥,
២- ឯកសារទស្សនទានស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ចិន ជាមួយអាស៊ាន។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ក្រៅពីការអនុម័តលើឯកសារ មេដឹកនាំអាស៊ាន-ចិន បានឯកភាព ដំឡើងកម្រិតដៃគូសន្ទនា ទៅជាដៃគូសន្ទនាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ, ក្នុងនោះ ប្រមុខដឹកនាំអាស៊ាន-ចិន បានឯកភាពគ្នា រៀបចំកិច្ចប្រជុំ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៣០ នៃភាពជាដៃគូសន្ទនាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ
នៅខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN