ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១ ប្រទេសព្រុយណេជាម្ចាស់ផ្ទះ ក្រោមប្រធានបទ «យើងយកចិត្តទុកដាក់ យើងរៀបចំត្រៀមលក្ខណ: យើងរីកចម្រើនទៅមុខ», សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់បណ្តាមេដឹកនាំកំពូលប្រទេសសមាជិកអាស៊ាន ឱ្យពន្លឿនការសម្រេចចិត្តក្នុងការទទួលប្រទេសទីម័រ ជាសមាជិកថ្មីរបស់អាស៊ានឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តទៀតថា យើងបានកត់សម្គាល់ឃើញប្រទេសទីម័រ បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបំពេញនូវលក្ខខណ្ឌនានាឱ្យស្របទៅតាមអង្គការតំបន់អាស៊ីអាគ្នេយ៍មួយនេះរួចរាល់ហើយ។
ប្រទេសទីម័រ ត្រូវបានគេដឹងថា បានខិតខំស្វះស្វែងក្នុងការចូលជាសមាជិកអាស៊ានជាច្រើនឆ្នាំមកហើយ តែមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ ដោយសារមានការមិនឯកភាពពីប្រទេសសមាជិកអាស៊ានមួយចំនួន។ ក្នុងនោះប្រទេសកម្ពុជា បានប្រឹងប្រែងក្នុងការសម្របសម្រួលជាច្រើន ដើម្បីជួយឱ្យប្រទេសទីម័រ បានក្លាយជាសមាជិកសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលមិនមានវត្តមានរបស់ប្រទេសមីយ៉ាន់ម៉ា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សម្តេចបានមើលឃើញប្រទេសទីម័រ បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបំពេញតាមលក្ខខណ្ឌរបស់អាស៊ាន តែប្រទេសសមាជិកអាស៊ានខ្លះ បានព្រងើយកន្តើយចំពោះកិច្ចប្រឹងប្រែងរបស់ទីម័រ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីបារម្ភផងដែរចំពោះការទុកទីម័រឱ្យនៅដាច់ដោយឡែកបែបនេះ អាចនឹងមានគ្រោះថ្នាក់ក្នុងករណីមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីអាគ្នេយ៍៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN