Sunday, November 28, 2021

ឆ្លាតណាស់! ពូកែណាស់! អាយុទើប៧ឆ្នាំ តែចេះ​និយាយ​ស្តី ពិសេស​ជា​មួយ​ព្រះសង្ឃ ប្រកប​ដោយ​សុជីវធម៌​យ៉ាងល្អ

ក្មេងស្រីបងប្អូន២នាក់ ជាពិសេសនាងតូចជាបង ឃើញថាបានកំពុងធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម មានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងតែម្តង ព្រោះតែគ្រប់គ្នាមិនស្មានថា នាងតូចទើបមានអាយុ ៧ ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែ នាងមានការយល់ដឹងជ្រៅជ្រះ និងមានភាពជាចាស់ទំ ចេះប្រៀនប្រដៅអប់រំប្អូនប្រៀបដូចជាម្តាយ ជាពិសេសនោះ គឺការនិយាយស្តី ទៅកាន់ព្រះសង្ឃបានយ៉ាងល្អត្រឹមត្រូវ ប្រកបទៅដោយសុជីវធម៌ខ្ពង់ខ្ពស់ណាស់។

ពិតណាស់ តាមរយៈវីដេអូ ខណៈកំពុងត្រូវបានសំណេះសំណាលលេងជាមួយព្រះសង្ឃមួយអង្គ នៅក្នុងហាង Lucky4 បាត់ដំបង​ក្មេងស្រីជាបងរូបនេះដែលមានឈ្មោះថា មុីជីង បានប្រដៅអប់រំប្អូនស្រីរបស់នាងឈ្មោះ មុីលីញ អាយុ ៤ ឆ្នាំ ឲ្យចេះប្រើភាសានិយាយស្តីទៅកាន់ព្រះសង្ឃឲ្យបានត្រឹមត្រូវ និងក៏ដូចការបញ្ចេញកាយវិការឲ្យមានសុជីវធម៌ មិនថាតែទៅកាន់ព្រះសង្ឃ ឬ អ្នកដទៃដែលជាមនុស្សចាស់ឡើយ។ លើសពីនេះ មុីជីង ក៏បានប្រាប់ទៅកាន់ព្រះសង្ឃថា នាងពិតជាស្រឡាញ់ប្អូនខ្លាំងណាស់ ហើយនៅពេលប្អូនយំម្តងៗ គឺនាងពិតជាមានការព្រួយបារម្ភជាខ្លាំង។ មុីជីង ក៏បានឲ្យដឹងផងដែរថា នាងមិនដែលខឹងឈ្លោះជាមួយប្អូននោះទេ បើទោះជាប្អូនធ្វើខុសចំពោះរូបនាងយ៉ាងណាក៏ដោយ គឺតែងតែអត់ឱនឲ្យប្អូនជានិច្ច។

ក្រោយពីបានឃើញក្មេងស្រីរូបនេះមានការយល់ដឹងជ្រៅជ្រះ ពិសេសផ្អែកសុជីវធម៌ដ៏មិននឹកស្មានបែបនេះ ធ្វើឲ្យពុកម៉ែប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម សម្តែងនូវការកោតសរសើរគ្រប់ៗគ្នាយ៉ាងដូច្នេះថា៖ «កូនស្រីឆ្លាតគួរស្រឡាញ់ណាស់លោកម្ចាស់គ្រូ!, ចៅ​ស្រីអាយុទើបតែ7​ឆ្នាំ​សោះ តែ​ការនិយាយស្តីប្រកបដោយសីលធម៌ឥតខ្ចោះ… និយាយទៅកាន់ព្រះ​សង្ឃ​ចេះដឹង​និងប្រើ​ពាក្យសម្តីដ៏ប្រសើរ​ជាងមនុស្សធំមួយចំនួនទៀត.. ឆ្លាតណាស់ចៅ​ស្រី​សូមឱ្យចៅ​បានសុខសប្បាយ​រៀនសូត្រពូកែ អនាគតរុងរឿង..!, ឆ្លាត! គួឲ្យស្រឡាញ់ មានសុជីវធម៌ល្អណាស់ ចេះប្រើពាក្យសម្ដីចំពោះព្រះសង្ឃបានយ៉ាងល្អពិរោះប្រកបដោយសីលធម៌ មានព្រហ្មវិហាធម៌ល្អណាស់ កូនស្រីមាសម្ដាយ អ៊ុំសុំសរសើរដល់លោកឪពុកអ្នកម្ដាយ បង្រៀនកូនបានល្អណាស់!, ចេះស្រលាញ់គ្នាណាស់បងប្អូនដ៏ល្អ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង