Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុងសៀមរាប នឹងក្លាយជាទីក្រុងឆ្លាតវៃ នៃក្រុងឆ្លាតវ័យអាស៊ាន បន្ទាប់ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) វាយតម្លៃបញ្ចប់នៅក្នុងដើមឆ្នាំ២០២២ខាងមុខនេះ

spot_img

សៀមរាប ៖ នៅថ្ងៃអង្គារទី ២៦ ខែតុលា ឆ្នាំ២០២១ លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំគម្រោងទីក្រុងឆ្លាតវ័យក្នុងក្រុងសៀមរាប និងពីធីចុះហត្ថលេខាលើឯកសារកំណត់ហេតុកិច្ចប្រជុំ ជាមួយភាគីជប៉ុន ដោយមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត លោក នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត នាយករង ទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រត្តិបត្តិការអន្តជាតិ និងមន្រ្តីពាក់ព័ន្ធទាំងអស់នៅសាលាខេត្ត។

លោក លី សំរិទ្ធ បានបញ្ជាក់អំពីក្រុងសៀមរាប នៃខេត្តសៀមរាបរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិក នៃបណ្តាញទីក្រុង ឆ្លាតវ័យអាស៊ានកាលពីឆ្នាំ២០១៨ កន្លងទៅ រដ្ឋបាលខេត្តសៀមរាប ក៏ដូចជារដ្ឋបាលក្រុងសៀមរាបបានធ្វើការរៀបចំផែនការក្នុងការបង្កើនការចំណាយសាធារណៈវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងក្រុង ការបង្កើនសោភណ្ឌភាពក្នុងក្រុង ក៏ដូចជាចូលរួមក្នុងការអនុវត្តនូវផែនការអភិវឌ្ឍទីក្រុងឆ្លាតវៃអាស៊ានផងដែរ។ ទន្ទឹមគ្នានេះ ដើម្បីសម្រេចបាននូវការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ឲ្យស្របតាមផែនការទីក្រុងឆ្លាតវៃរបស់សមាគមបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន រដ្ឋបាលខេត្តក៏បានរៀបចំជាសំណើ ដើម្បីដាក់ការស្នើសុំជូនទៅទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការស្នើសុំជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់រៀបចំទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាបនៃខេត្តសៀមរាប កាលពីឆ្នាំ២០១៩កន្លងទៅនេះ ហើយ ជាការឆ្លើយតបតាមសំណើស្នើសុំរបស់រដ្ឋបាលខេត្តសៀមរាប ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានទទួលយកសំណើរបស់រដ្ឋបាលខេត្តសៀមរាប ដើម្បីជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន។

ជាក់ស្តែងនៅក្នុងដើមឆ្នាំ២០២០កន្លងទៅ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបញ្ជូនក្រុមការងារសិក្សារបស់ខ្លួនមកធ្វើការសិក្សាបឋម ទៅលើការរៀបចំទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាបនៃខេត្តសៀមរាប ដែលជាការសិក្សាដំណាក់កាលទី១នៃការប្រមូលព័ត៌មានក្នុងការរៀបចំទីក្រុងឆ្លាតវៃសម្រាប់ក្រុងសៀមរាប។ ការសិក្សាប្រមូលព័ត៌មានបឋមពីការរៀបចំទីក្រុងឆ្លាតវៃសម្រាប់ក្រុងសៀមរាប ដែលជាការសិក្សាដំណាក់កាលទី១ នឹងត្រូវបញ្ចប់នៅក្នុងដើមឆ្នាំ២០២២ខាងមុខនេះ។

លោក អភិបាលរងខេត្តក៏បានបន្ថែមទៀតថា ទន្ទឹមគ្នានឹងការស្នើសុំជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេស ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រុងសៀមរាបនៃខេត្តសៀមរាបក៏បានទទួលនូវការផ្តល់ជូនដ៏ថ្លៃថ្លាពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានសម្រេចក្នុងការផ្តល់នូវថវិកាចំនួន ១៥០លានដុល្លារសហរដ្ឋអាមេរិច ក្នុងការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាបផងដែល។

លោក អភិបាលរងខេត្តបានសម្លែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលនៃប្រទេសជប៉ុន ក៏ដូចជាប្រជាពលរដ្ឋជប៉ុន ដែលជានិច្ចជាកាលតែងតែផ្តល់នូវការជួយឧបត្ថម្ភគាំទ្រ តាមរយៈការផ្តល់នូវជំនួយផ្សេងៗដល់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ ហើយជាក់ស្តែង នៅពេលនេះទៀត តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានធ្វើការផ្តល់នូវជំនួយបច្ចេកទេស ក្នុងការសិក្សា និងរៀបចំទីក្រុងសៀមរាប នៃខេត្តសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×