Sunday, November 28, 2021

ឧត្តមសេនីយ៍ឯក ស ថេត ទៅបង់ការផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក ទាក់ទងទៅនឹងការរួមដំណើរដោយមិនបានពាក់មួកសុវត្ថិភាព

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញទៅបង់ការផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក ទាក់ទងទៅនឹងការរួមដំណើរដោយមិនបានពាក់មួកសុវត្ថិភាព នៅពេលដែលឯកឧត្តមស្នងការ ចុះពិនិត្យ និងលើកទឹកចិត្តកងកម្លាំង ក៏ដូចជាការត្រួតពិនិត្យស្ថានភាពគ្រោះទឹកជំនន់នៅទឹកដីខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្នុងឱកាសនោះដែរ លោកអធិការនគរបាលខណ្ឌដង្កោ ក៏បានទៅបង់ការផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។

សូមបញ្ជាក់ថា ឯកឧត្តម ស្នងការ មិនបានពាក់ពួកសុវត្ថិភាព នៅពេលនោះព្រោះថា ទីតាំងនោះជាទីតាំងដែលកំពុងរងគ្រោះដោយទឹកជំនន់ ទីតាំងកំពុងប្រឈមនឹងហានិភ័យ ជាទីតាំងដែលកម្លាំងគណៈបញ្ជាការឯកភាពកំពុងតែជួយសង្គ្រោះប្រជាពលរដ្ឋ សហការគ្នាទប់ស្កាត់ និងបញ្ជៀសទឹកជំនន់ ជាពិសេសជា ទីតាំងដែលរដ្ឋបាលរាជធានីភ្នំពេញ បានបិទ ហាមមិនឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ឆ្លងកាត់តំបន់នេះឡើយ ។

ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានចូលខ្លួនទៅផាកពិន័យ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោហើយ ខណៈដែលលោកបានជិះម៉ូតូ មិនបានពាក់មួកសុវត្ថិភាព ពេលដឹកនាំកម្លាំងចុះអន្តរាគមន៍ទប់ទំនប់និងពិនិត្យស្ថានភាពទឹកជំនន់តាមសណ្តរស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ កាលពីថ្ងៃទី២៦តុលាម្សិលម៉ិញ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា៖ បន្ទាប់ពីមានការរិះគន់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនពាក់មួកសុវត្ថិភាព ពេល បើកម៉ូតូនោះ នៅព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នេះឯកឧត្តម ឃួង ស្រេង បានចូលខ្លួនទៅ បង់ការផាកពិន័យ ចំពោះកំហុសឆ្គងអចេតនានេះ រួចហើយ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។

មន្ត្រីដដែលបានបញ្ជាក់ថា តាមការពិតទៅ ពេលនោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានយកមួកសុវត្ថិភាពមកពាក់ដែរ ប៉ុន្តែដោយកញ្ចក់ មួកសុវត្ថិភាព ស្រអាប់ពេកពិបាកមើលផ្លូវ ម្យ៉ាងទៀត ដោយមានការបន្ទាន់ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ ដើម្បីរកដំណោះស្រាយ ជួយប្រជាជន ឯកឧត្តមអភិបាល ក៏បើកម៉ូតូទៅដោយមិនបានពាក់មួកសុវត្ថិភាព ។ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី លោកអភិបាល ទទួលយកនូវមតិរិះគន់ដើម្បី ស្ថាបនា ទើបនៅព្រឹកថ្ងៃទី២៧តុលានេះ លោកអភិបាល ក៏ចូលខ្លួនទៅឲ្យមន្ត្រីចរាចរណ៍ ធ្វើការផាកពិន័យទៅតាមច្បាប់សូមបងប្អូនមេត្តា យោគយល់ ចំពោះកំហុសអចេតនានេះផង ។

ក្រោយពីបានចូលខ្លួនទៅបង់ការផាកពិន័យ នៅអធិការខណ្ឌដង្កោហើយ នៅថ្ងៃដដែលនោះដែរឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបន្តចុះទៅដឹកនាំ អាជ្ញាធរនិងកងកម្លាំងបន្តទៀតនៅខណ្ឌដង្កោ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ ខណៈពេលរដ្ឋមានទុក្ខ ដោយគ្រោះទឹកជំនន់នេះ៕ រក្សាសិទ្ធិដោយ ៖ កូលាប