Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចុប្បន្ន រថយន្តគ្មានពន្ធ និងអាករនាំចូល ជ្រកក្រោមស្លាកលេខផ្សេងៗ មានប្រមាណ ១ម៉ឺនគ្រឿង នៅទូទាំងប្រទេស

ភ្នំពេញ ៖ ឯកឧត្តម គុណ ញឹម ប្រតិរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា បច្ចុប្បន្ន មានរថយន្តគ្មានពន្ធ និងអាករនាំចូល ជ្រកក្រោមស្លាកលេខផ្សេងៗ មានប្រមាណ ១ម៉ឺនគ្រឿង នៅទូទាំងប្រទេស។

ឯកឧត្តម បានបន្ថែមថា កាលពីពេលមុន ការនាំចូលរថយន្តគ្មានពន្ធ និងអាករនាំចូល តាមច្រករបៀង មានប្រមាណ១០​ គ្រឿងក្នុងមួយថ្ងៃ ប៉ុន្តែក្រោយមានចំណាត់ការ និងវិធានការតឹងរឹង បច្ចុប្បន្ន ការលួចនាំចូលមិនមានតទៅទៀតនោះទេ។

គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ មានរថយន្តចំនួន៥៤២គ្រឿង ដែលបានចូលបង់ពន្ធ និងអាករនាំចូល ស្មើនឹងទឹកប្រាក់៧,៣លានដុល្លារ។ នេះបើតាមការលើកឡើងរបស់អគ្គនាយកអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន តាមប្រព័ន្ធវីដេអូ ស្តីពីការអនុវត្តវិធានការប្រមូលពន្ធ លើយានយន្តគ្មានពន្ធ និងអាករនាំចូល។

ឯកឧត្តម គុណ ញឹម បានបន្ថែមថា «ក្នុងចំណោម៥៤២គ្រឿង ដែលបានចូលទៅបង់ពន្ធនោះ មាន៣៥២គ្រឿង ជាប្រភេទចង្កូតឆ្វេង ស្មើនឹងទឹកប្រាក់៥,៨លានដុល្លារ និងរថយន្តចង្កូតស្តាំ ចំនួន១៩០គ្រឿង ដែលបានយកប្រាក់ទៅកក់ ស្មើនឹងទឹកប្រាក់ជាង១លានដុល្លារអាមេរិក»។

យោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីខែកញ្ញាកន្លងទៅ បានបញ្ជាក់ថា ដើម្បីជាការលើកទឹកចិត្តឲ្យម្ចាស់យានយន្ត ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធនិងអាករ ឲ្យបានទាន់ពេលវេលា ម្ចាស់យានយន្តនឹងទទួលបាន ការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន១០ភាគរយ នៃទឹកប្រាក់ពន្ធអាករសរុបដែលត្រូវបង់។ ការបន្ធូរបន្ថយនេះ មានឱសានវាទអនុវត្តត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ នឹងមិនគ្របដណ្តប់លើយានយន្ត មានឆ្នាំផលិត២០២១ឡើយ។ ហើយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃឱសានវាទចុងក្រោយ នៃការអនុវត្តឲ្យចូលខ្លួនមកបង់ពន្ធ ម្ចាស់យានយន្តត្រូវបំពេញកាតព្វកិច្ចពន្ធ និងអាករពេញលេញ ដោយគ្មានការអនុគ្រោះបន្ធូរបន្ថយពន្ធឡើយ។ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ យានយន្តគ្មានពន្ធ ដែលបង្ក្រាបបាននឹងត្រូវតម្រូវឲ្យបង់ពន្ធនិងអាករ រួមទាំងប្រាក់ពិន័យ តាមលិខិតបទដ្ឋានជាធរមាន។ ចំពោះរថយន្តចង្កូតស្ដាំ ដែលជាប្រភេទរថយន្តហាមគាត់នាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកំទេចចោលឬដោះបំណែកជាគ្រឿងបន្លាស់។

ដោយឡេក ចំពោះរថយន្តចង្កូតស្ដាំ ម្ចាស់រថយន្តត្រូវមកតម្កល់ប្រាក់កក់ ស្មើនឹងប្រាក់ពន្ធនិងអាករសរុបដក១០ភាគរយ និងត្រូវយករថយន្តទៅកែចង្កូតពីស្ដាំទៅឆ្វេង ឲ្យបានរួចរាល់យ៉ាងយូរបំផុត ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់ពីប្ដូរចង្កូតរួច ម្ចាស់រថយន្តអាចទទួលបង្កាន់ដៃពន្ធ និងលត្តាប័ត្ររថយន្តពីមន្ត្រីគយ៕

×