Sunday, November 28, 2021

រដ្ឋាភិបាលឆែក បានរួមចំណែក គាំទ្រដល់វិធានការឆ្លើយតបបន្ទាន់នឹងជំងឺកូវី១៩ នៅកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩នេះ រដ្ឋាភិបាលឆែក បានរួមចំណែក គាំទ្រដល់វិធានការឆ្លើយតបបន្ទាន់នឹងជំងឺកូវី១៩ នៅកម្ពុជា តាមរយៈគម្រោងស្តីពីការពង្រឹងការត្រៀមខ្លួន និង សមត្ថភាពឆ្លើយតបរបស់ស្ថាប័នសុខាភិបាលសាធារណៈកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

បើតាមសេចក្ដីប្រកាសព័ត៌មាន នាព្រឹកថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ ក.អ.ក) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ គោលបំណងចម្បងនៃជំនួបនេះ គឺ ដើម្បីសម្តែងការគួរសម និងពិភាក្សាលើអាទិភាពការងារនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី និងភាពជាដៃគូ។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ឈៀង យ៉ាណារ៉ា បានសម្តែងអបអរសាទរ ចំពោះ ឯកឧត្តម – Martin – Vávra ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមាននិវាសនដ្ឋានផ្ទាល់នៅកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលឆែក ដែលបានបន្តជ្រើសរើសកម្ពុជា ជាប្រទេសអាទិភាព មួយក្នុងចំណោមប្រទេសចំនួន ៦ សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ព្រមទាំងបាន និងបន្តផ្តល់ការគាំទ្រលើ វិស័យអាទិភាព ៤ គឺ ៖ ១) វិស័យសុខាភិបាល(សុខភាពមាតា, កុមារទារក និងអាហារូបត្ថម្ភ), ២) វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ៣) វិស័យទឹកស្អាត និងអនាម័យ និង ៤) កសិកម្ម និងការប្រែប្រួលអាកាសធាតុ ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៏បានវាយតម្លៃខ្ពស់លើវឌ្ឍនភាព សម្រេចបានពីការអនុវត្តអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ឆែក និងកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ សាធារណរដ្ឋឆែកសម្រាប់កម្ពុជា ឆ្នាំ២០១៨-២០២៣ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ប្រកប ដោយចីរភាព និងបរិយាប័ន្ទនៅកម្ពុជា ។

ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩នេះ រដ្ឋាភិបាលឆែកក៏បានរួមចំណែក គាំទ្រដល់វិធានការឆ្លើយតបបន្ទាន់នឹងជំងឺកូវី១៩ នៅកម្ពុជា តាមរយៈគម្រោងស្តីពីការពង្រឹងការត្រៀមខ្លួន និង សមត្ថភាពឆ្លើយតបរបស់ស្ថាប័នសុខាភិបាលសាធារណៈកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ឯកឧត្តមឯកអគ្គរដ្ឋទូត Martin Vâvra បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានមកបំពេញ ការងារជាឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា និង សមិទ្ធផលសម្រេចបានក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ និងកោត សរសើរចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានបន្តផ្តល់កិច្ចសហការ និងភាពជាដៃគូយ៉ាងល្អប្រសើរកន្លង មកជាមួយរដ្ឋាភិបាលឆែក តាមរយៈស្ថានទូតឆែកប្រចាំកម្ពុជា ។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បាន ជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ស្ថានទូតឆែកប្រចាំកម្ពុជាបាន និងកំពុងរៀបចំនីតិវិធីប្រកាសទទួល សំណើគម្រោងថ្មីសម្រាប់ឆ្នាំ២០២២ ដែលនឹងប្រកាសជាផ្លូវការទទួលសំណើគម្រោងពីក្រសួង ស្ថាប័នពាក់ព័ន្ធ នាពេលខាងមុខ ។

ចុងបញ្ចប់នៃជំនួបនេះ ភាគីទាំងពីរ បានបង្ហាញជំហរយ៉ាងមុតមាំក្នុងការបន្តពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូឱ្យកាន់តែល្អប្រសើរ ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផល សំខាន់ៗតាមការរំពឹងទុក ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ គ.ជ. នា/ ក.អ.ក បានថ្លែងអំណរគុណ និងជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យ ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ៕ រក្សាសិទ្ធិដោយ ៖ កូលាប