Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹទ្ធសមាជិក ចោទប្រកាន់បទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ លើប្រធានាធិបតីប្រេស៊ីល

spot_img

រដ្ឋធានីប្រេស៊ីលៀ (Brasilia) ៖ ក្រោយពេលជំងឺកូវីដ-១៩ ឆក់យកជីវិតពលរដ្ឋប្រេស៊ីល ៦០៦ ២៩៣នាក់រួចមក ក្រុមសមាជិកព្រឹទ្ធសភា នៃប្រទេសអាមេរិកឡាតាំងមួយនេះ បានចោទប្រកាន់បទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ លើលោកប្រធានាធិបតី Jair Bolsonaro ជុំវិញការគ្រប់គ្រងជំងឺមិនបានល្អរបស់គាត់។

សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ថា ក្រុមសមាជិកព្រឹទ្ធសភាប្រេស៊ីល បានបោះឆ្នោត ផ្ដល់អនុសាសន៍ ចោទប្រកាន់លើលោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីល ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ការចោទប្រកាន់នេះ ក៏ដោយសារតែលោកប្រធានាធិបតីគ្រប់គ្រងស្ថានការណ៍កូវីដ-១៩មិនបានល្អ រហូតនាំឲ្យមានគ្រោះមហន្ដរាយ សម្លាប់ពលរដ្ឋប្រេស៊ីល ជាង៦០០ ០០០នាក់។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីល នៅតែមិនព្រមទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ បើទោះជាលោកធ្លាប់ឆ្លងជំងឺកូវីដ-១៩ម្ដងរួចមកហើយក្ដី។ លោក Jair Bolsonaro នៅតែប្រកាន់ចរិតរឹងរូសថា លោកនឹងក្លាយជាពលរដ្ឋប្រេស៊ីល ចុងក្រោយ មិនព្រមទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។

ដោយឡែក សមាជិកព្រឹទ្ធសភាខ្លះ បានបោះឆ្នោតគាំទ្រ ជំរុញឲ្យមានការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ ប្រឆាំងនឹងលោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីល ដោយរួមទាំងបទឧក្រិដ្ឋ ប្រឆាំងនឹងមនុស្សជាតិផងដែរ។ ការចោទប្រកាន់បែបនេះ បានកើតឡើង ក្រោយពេលពលរដ្ឋប្រេស៊ីល ជាង ៦០០ ០០០នាក់ បានបាត់បង់ជីវិត ដោយជំងឺកូវីដ-១៩។

លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីល ធ្លាប់គិតថា ជំងឺកូវីដ-១៩នេះ ជាជំងឺផ្ដាសាយធម្មតា ខណៈប្រទេសប្រេស៊ីល ទើបនឹងមានអ្នកឆ្លងជំងឺកូវីដ-១៩ មិនដល់៥០០នាក់។ ដោយសារតែការគិតខុស នាពេលនេះ ទើបប្រធានាធិបតីប្រេស៊ីល បានដើរធ្វើបាតុកម្មជាមួយក្រុមអ្នកគាំទ្ររបស់លោក ដើម្បីឲ្យអាជ្ញាធរ នៅក្នុងរដ្ឋផ្សេងៗ បញ្ឈប់ការបិទរដ្ឋរបស់ពួកគេ។ ចំណែកអភិបាលរដ្ឋនានា បានជឿតាមការណែនាំរបស់រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ចាត់ទុកជំងឺកូវីដ-១៩ មិនមែនជាជំងឺផ្ដាសាយ ព្រោះវាជាជំងឺផ្លូវដង្ហើមមួយដ៏កាចសាហាវបំផុត។ ដោយសារតែបញ្ហានេះ ទើបបានកើតជម្លោះ ពីការខ្វែងគំនិតគ្នា ហើយចុងក្រោយ លោកប្រធានាធិបតីប្រេស៊ីល បានបណ្ដេញរដ្ឋមន្រ្ដីក្រសួងសុខាភិបាលរូបនោះ ចេញពីតំណែង ហើយតែងតាំរដ្ឋមន្រ្ដីថ្មី។

កំហុសឆ្គង និងការយល់ច្រឡំរបស់ប្រធានាធិបតីប្រេស៊ីល លើជំងឺកូវីដ-១៩ ដោយចាត់ទុកជាជំងឺផ្ដាសាយធំធម្មតា ទើបធ្វើឲ្យប្រេស៊ីល មានអ្នកឆ្លងច្រើនលំដាប់លេខ៣ នៅលើពិភពលោក។ បើគិតត្រឹម ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ប្រេស៊ីល មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង២១,៧លាននាក់ ហើយក្នុងនោះ ក៏មានអ្នកបាត់បង់ជីវិត ៦០៦ ២៩៣នាក់ និង មានអ្នកជាសះស្បើយ ជាង២០,៩លាននាក់ផងដែរ។

ទោះជាយ៉ាងណា គេមិនទាន់ធានាថា ការបោះឆ្នោតនេះ នឹងនាំឱ្យមានការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌពិតប្រាកដនោះដែរ ព្រោះថា ការណែនាំ នៅក្នុងរបាយការណ៍នេះ នឹងត្រូវវាយតម្លៃ ដោយលោក Augusto Aras អគ្គរដ្ឋអាជ្ញាប្រេស៊ីល បន្ថែមទៀត៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×