Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យដាក់បញ្ចូលវិស័យអាទិភាពទាំង៤ ទៅក្នុងផែនការការងារនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី

spot_img

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូលបី លើកទី២៤ នៅថ្ងៃទី២៧ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវឱ្យដាក់បញ្ចូលវិស័យអាទិភាពទាំង៤ ទៅក្នុងផែនការការងារនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (APT) ជំនាន់ថ្មី ២០២៣-២០២៧ រួមមានៈ ១. សន្តិសុខ សុខភាពសាធារណៈ ២. ការកសាងសមត្ថភាពសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ៣. ផលិតកម្មកសិកម្មដែលធន់នឹងបម្រែបម្រួលអាកាសធាតុ និង ៤. ថាមពលប្រកបដោយចីរភាព។

សម្តេចតេជោ ហ៊ុន សែន បានទទួលស្គាល់ថា យន្តការអាស៊ានបូកបី គឺជាកម្លាំងចលករដែលមិនអាចខ្វះបានសម្រាប់ការឆ្លើយតបនឹងវិបត្តិនានាប្រកបដោយប្រសិទ្ធភាព។ ទោះបីជាមានជំងឺរាតត្បាត ក្តី ក៏តំបន់អាស៊ានបូកបីនៅតែជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចសម្រាប់តំបន់ និងពិភពលោកទាំងមូល។

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តប្រទេសបូកបីឱ្យពង្រីកការគាំទ្រកាន់តែខ្លាំងជាងមុនដល់គំនិតផ្តួចផ្តើមនានា ដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ របស់អាស៊ាន រួមមាន មជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED) ស្តុកបម្រុងបរិក្ខារពេទ្យតំបន់អាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ (RRMS) ក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF) និងក្របខ័ណ្ឌរៀបចំច្រកធ្វើដំណើរអាស៊ាន (ATCAF)។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រទេសអាស៊ានបូកបី (APT) ពន្លឿនដំណើរការផ្តល់សច្ចាប័ន ដើម្បីបើកផ្លូវដល់ការអនុវត្តឱ្យបានឆាប់នៃកិច្ចព្រមព្រៀង ដើម្បីអាចទាញយកផលប្រយោជន៍ សេដ្ឋកិច្ចសម្រាប់តំបន់ តាមរយៈការធ្វើឱ្យពាណិជ្ជកម្មមានសកម្មភាពសកម្មឡើងវិញ។

ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ដ៏ចាំបាច់នៃយន្តការកិច្ចប្រជុំកំពូលអាស៊ានបូកបី (APT) សម្រាប់គោលដៅរយៈពេលវែងនៃការកសាងសហគមន៍អាស៊ីបូព៌ា ដែលមានអាស៊ានជាកម្លាំងចលករ។ ថ្នាក់ដឹកនាំក៏បានទទួលស្គាល់ផងដែរនូវការរួមចំណែកដ៏មានសារៈសំខាន់នៃកិច្ចប្រជុំកំពូលអាស៊ានបូកបី (APT) ឆ្ពោះទៅសម្រេចបានចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ផែនការមេស្តីពីការ តភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ ផែនការការងារនៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (IAI) ដំណាក់កាលទី៤ និងសមាហរណកម្មតំបន់ដែលកាន់តែស៊ីជម្រៅនៅអាស៊ីបូព៌ា។

កិច្ចប្រជុំកំពូលបានកោតសរសើរនូវវឌ្ឍនភាពប្រកបដោយអត្ថន័យនៅក្នុងការអនុវត្តផែនការការងារ នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (APT) និងបានអំពាវនាវឱ្យធ្វើការអភិវឌ្ឍផែនការការងារជំនាន់ថ្មីនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (APT) សម្រាប់ឆ្នាំ ២០២៣-២០២៧ និងការអនុម័ត ផែនការការងារនេះ នៅក្នុងឆ្នាំ២០២២។ ជាងនេះទៅទៀត កិច្ចប្រជុំបានស្វាគមន៍វឌ្ឍនភាពដែលសម្រេចបាននៅក្នុងការអនុវត្តផែនការសកម្មភាពអាស៊ានបូកបី (APT) ស្តីពីការកាត់បន្ថយផលប៉ះ ពាល់សេដ្ឋកិច្ចនៃជំងឺកូវីដ-១៩ ដើម្បីធានាបាននូវការតភ្ជាប់ច្រវាក់ផ្គត់ផ្គង់ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចតំបន់។

ថ្នាក់ដឹកនាំបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពន្លឿននីតិវិធីផ្ទៃក្នុងប្រទេសរៀងៗខ្លួន ដើម្បីធានាឱ្យបាននូវការចូលជាធរមាននូវភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅខែមករា ឆ្នាំ ២០២២ ។ ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់បន្ថែមទៀតលើភាពចាំបាច់ក្នុងការជួយដល់ប្រជាពលរដ្ឋ និងធុរកិច្ច ដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ជាពិសេស សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្រុមធុរកិច្ច និងក្រុមដែលងាយរងគ្រោះ តាមរយៈការសម្រួល សមាហរណកម្មរបស់ខ្លួនទៅក្នុងសេដ្ឋកិច្ចឌីជីថល ការអាចទទួលបានហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីរក្សាបាននូវប្រតិបត្តិការ និងលើកកម្ពស់ភាពប្រកួតប្រជែង ។

ថ្នាក់ដឹកនាំក៏បានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការវ៉ាក់សាំង និងជំរុញការទទួលបាន និងចែកចាយនូវវ៉ាក់សាំងដែលមានសុវត្ថិភាព ប្រសិទ្ធភាព គុណភាព និងតម្លៃសមរម្យ ក្នុងចំណោមប្រទេសអាស៊ានបូកបី (APT)។ កិច្ចប្រជុំក៏បានពិភាក្សាផងដែរអំពីកិច្ចសហប្រតិបត្តិការ ទាក់ទងនឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការចល័តរបស់និស្សិត បណ្តាញសុវត្ថិភាពហិរញ្ញវត្ថុ សន្តិសុខស្បៀង ការត្រៀមបម្រុងស្រូវប្រកបដោយនិរន្តរភាព និងការប្រែប្រួលអាកាសធាតុ។

ថ្នាក់ដឹកនាំ ក៏បានពិភាក្សាផងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភសម្រាប់សន្តិភាព និងសន្តិសុខក្នុងតំបន់ រួមមានស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា និងការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ជាដើម៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×