Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកស្ទឹងព្រែកត្នោត បានហូរច្រោះចូលលិចលង់ដល់កំណាត់ផ្លូវ២១៧ត្រង់ស្តុបស្ពានបាគូ អាជ្ញាធរកំពុងអន្តរាគមន៍ ផ្អាកការធ្វើចរាចរណ៍

spot_img

ភ្នំពេញ ៖ អ្វីដែលត្រូវកើត វាគង់នឹងកើត, ឥឡូវបានមកដល់ហើយ ទឹកស្ទឹងព្រែកត្នោត បានធ្វើការវាយប្រហារទៅលើភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន និងលើកំណាត់ផ្លូវ២១៧ ភាគខាងត្បូងរាជធានីភ្នំពេញ គួរឲ្យព្រួយបារម្ភ ចាប់តាំងពីព្រលប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ហើយក្រុមមន្ត្រីអាជ្ញាធរ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ននិងផ្អាកការធ្វើដំណើរជាបណ្តោះអាសន្ន លើកំណាត់ផ្លូវលេខ២១៧ ជាពិសេសត្រង់ចំណុចភ្លើងស្តុបស្ពានបាគូ ដោយសារតែទឹកកំពុងហូរកាត់ផ្លូវយ៉ាងខ្លាំង ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ប្រសិនបើកបន្តធ្វើដំណើរឆ្លងកាត់ទៀតនោះ។

ចំពោះមុខហេតុការណ៍ វាយប្រហារដោយទឹកជំនន់នេះ នាយករដ្ឋបាលខណ្ឌដង្កោ លោក ម៉ុក សុធា ដែលកំពុងឈរជើងនៅគោលដៅស្តុបស្ពានបាគូ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ឱ្យដឹងថា នៅវេលាព្រលប់នេះ (ថ្ងៃទី២៧ ខែតុលា) ស្ថានភាពចរាចរណ៍ កំពុងកកស្ទុះយ៉ាងខ្លាំង ហើយទឹកក៏កំពុងហូរកាត់ផ្លូវ២១៧ យ៉ាងខ្លាំងផងដែរ ដូច្នេះលោកសូមអំពាវនាវឱ្យប្រជាពលរដ្ឋផ្អាកធ្វើដំណើរឆ្លងកាត់ទីនេះជាបណ្តោះអាសន្ន ដើម្បីបញ្ជៀសគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

ប៉ុន្តែ ទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរជាច្រើននាក់ កំពុងជួយអន្តរាគមន៍ និងជួយបញ្ជៀសការកកស្ទះចរាចរណ៍ដោយសារតែទឹកហូរកាត់ផ្លូវ២១៧នេះ និងជួយសង្គ្រោះប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្ទើរតែពេញមួយថ្ងៃ គឺថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានដឹកនាំក្រុមមន្ត្រីជំនាញ មន្ត្រីអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង ៣ ប្រភេទ បន្តត្រួតពិនិត្យស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត និងទីតាំងដែលទឹកហូរច្រោះ ព្រមទាំងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋមួយចំនួនទៅកាន់ទីទួលមានសុត្ថិភាព ពេលមានស្ថានភាពធ្ងន់ធ្ងរ។

ពេលនេះកម្លាំងទឹកស្ទឹងព្រែកត្នោតបានហក់ឡើង ហូរច្រោះ ចូលលេចលង់ធ្វើឱ្យប៉ះពាល់ដល់ភូមិសាស្ត្រសង្កាត់មួយចំនួន ដូចជា សង្កាត់គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ CEN

tel
spot_img
×