Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកស្ទឹងព្រែកត្នោត ហក់ឡើងវាយប្រហារលំនៅឋានប្រជាពលរដ្ឋ សរុប ៣០៦ខ្នងផ្ទះ ក្នុងទឹកដីខណ្ឌដង្កោ ខណៈកម្លាំងអន្តរាគមន៍កំពុងសង្គ្រោះ

ភ្នំពេញ ៖ បើតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌដង្កោ បានឲ្យដឹងថា ទំនប់បាក់នៅស្ទឹងព្រែកត្នោត បណ្ដាលឱ្យទឹកហូរច្រោះលិចលង់ភូមិឋាន នប៉ះពាល់ដល់ ភូមិចំនួន ៤ ក្នុងសង្កាត់ទៀន នៃខណ្ឌដង្កោ ក្នុងនោះមាន ភូមិកន្ទុយទឹក ប៉ះពាល់ចំនួន ៥៣ខ្នងផ្ទះ , ភូមិថ្ម ចំនួន ៩៣ខ្នង , ភូមីក្រាំង ៨៥ខ្នង , ភូមិសាលាចំនួន ៧៤ , សរុប ៣០៦ខ្នងផ្ទះ, ប៉ុន្តែទោះបីជាយ៉ាងណាក្តី គ្រោះមហន្តរាយនេះ មិនបានអូសបន្លាយឲ្យធ្ងន់ធ្ងរជាងនេះថែមទៀតនោះទេ ខណៈមន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរ កំពុងអន្តរាគមន៍ទប់ស្កាត់ និងសង្គ្រោះប្រជាពលរដ្ឋ។ នេះបើគិតស្ថានភាព ត្រឹមរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

ដោយបានត្រៀមលក្ខណ:ទុកមុន សម្រាប់គ្រោះទឹកជំនន់នៃទឹកភ្លៀង នៅស្ទឹងព្រែកត្នោតនេះ ក្រសួងធនធានទឹក និងឧតុនិយម បានត្រៀមរួចជាស្រេចនូវគ្រឿងចក្រធុនធ្ងន់ ចំនួន ៣៦គ្រឿង បាវខ្សាច់ធំ-តូច សំណាញ់ថ្ម និងកម្លាំងអន្តរាគមន៍ រួមមាន កម្លាំងបញ្ជាការដ្ឋានកងអង្គរក្សសម្តេចតេជោ ហ៊ុន សែន, បញ្ជាការដ្ឋានយោធភូមិភាគពិសេស៧០៦, សហការជាមួយ អភិបាលរាជធានីភ្នំពេញ, កម្លាំងអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ប្រចាំការនៅតាមទំនប់សណ្តស្ទឹងព្រែកត្នោត ដើម្បីការពារហានិភ័យពីជំនន់ទឹកភ្លៀង ដែលអាចបង្កការលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ពោលគឺ ប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោងតែម្ដង។

គួរបញ្ជាក់ថា ចាប់តាំងពីវេលាម៉ោង ៣ ទៀបភ្លឺ រហូតដល់រសៀលថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, លោក ចាន់ យុត្ថា រដ្ឋលេខាធិការ, លោក ម៉ៅ ហាក់ ប្រធានមុខព្រួញរាជធានីភ្នំពេញ, ប្រធាននាយកដ្ឋានជំនាញ ទីប្រឹក្សា និងក្រុមមន្រ្តីបច្ចេកក្រសួង សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ បានចុះពិនិត្យ និងដឹកនាំបញ្ជាការងារអន្តរាគមន៍ផ្ទាល់នៅចំណុចទំនប់បាក់ លើសណ្តស្ទឹងព្រែកត្នោត ត្រង់ភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×