ស្ត្រីម្នាក់នៅប្រទេសចិន មានភ័ព្វសំណាងត្រូវបានសង្គ្រោះទាន់ពេលដោយហេតុថា ក្រោយពេលចុងកន្ត្រៃបុកលេចក្បាល តែគាត់ពង្រឹងស្មារតីជិះឡានក្រុងទៅកាន់មន្ទីរពេទ្យដោយខ្លួនឯង។
តាម Pear Video ហេតុការណ៍អាក្រក់បានកើតឡើងចំពោះអ្នកស្រី Shen Xiaoying អាយុ ៥៧ឆ្នាំ ខណៈពេលគាត់បានយកកន្ត្រៃមួយមកចងភ្ជាប់នឹងដំបងវែង ដើម្បីកាត់ផ្តាច់ស្លឹករុក្ខជាតិនាថ្ងៃ ៤ ខែមេសាកន្លងមក ។ ស្មានពុំដល់ថា ដំបងវែងនោះបានបាក់ ហើយកន្ត្រៃក៏ធ្លាក់សំយ៉ុងចុងរបស់វាមកបុកចំលើក្បាលគាត់ ដោយហេតុពេលនោះពុំមានអ្នកណានៅផ្ទះគាត់សម្រេចចិត្តដើរទៅស្ថានីយ៍ឡានក្រុង រួចចុះនៅមន្ទីរពេទ្យខេត្តហួប៉ៃ ។
វេជ្ជបណ្ឌិតម្នាក់ដែលបានជួយសង្គ្រោះអ្នកស្រី Shen Xiaoying ឲ្យដឹងថា ចុងកន្ត្រៃនេះបានបុកលេច ៣,៨cm ហើយបានប៉ះដល់ខួរក្បាល ។ ក្រោយការវះកាត់ ២លើក ទើបគេយកកន្ត្រៃចេញបានដោយជោគជ័យ។
វេជ្ជបណ្ឌិតដដែលឲ្យដឹងថា ឥឡូវគាត់បានដឹងខ្លួនហើយ ហើយសង្ឃឹមថា គាត់នឹងបានចេញពីមន្ទីរពេទ្យប៉ុន្មានថ្ងៃទៀត ៕ ចន្ទ្រា