Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យសាមគ្គីគ្នាជាធ្លុងមួយ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការចែករំឡែកវ៉ាក់សាំង និងថ្នាំព្យាបាលជំងឺកូវីដ-១៩ សូមប្រកបដោយសមធម៌

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦ តាមប្រព័ន្ធវីដេអូ នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងទៅកាន់មេដឹកនាំអាស៊ីបូព៌ា ឱ្យប្រឹងប្រែង ទាំងអស់គ្នា និងរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយមិនប្រកាន់និន្នាការនយោបាយ និងមិនយកការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ធ្វើជារបៀបវារៈនយោបាយនោះឡើយ។

នៅចំពោះមុខមេដឹកនាំអាស៊ីបូព៌ា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍថ្មីៗនៃវ៉ាក់សាំង និងថ្នាំព្យាបាល យើងសូមអំពាវនាវឱ្យការចែកចាយវ៉ាក់សាំង និងថ្នាំព្យាបាលជំងឺកូវីដ-១៩ ប្រព្រឹត្តទៅប្រកបដោយសមធម៌ ក្នុងតម្លៃសមរម្យ និងទាន់ពេល, ដោយហេតុថា វិបត្តិនៃជំងឺកូវីដ-១៩ នៅតែជាក្ដីកង្វល់ដ៏ធំមួយសម្រាប់យើងទាំងអស់គ្នា។ ដូច្នេះ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺជារបៀបវារៈចាំបាច់ក្នុងកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។

ដើម្បីពនឿនការស្តារសង្គមសេដ្ឋកិច្ចឡើងវិញ សម្តេចតេជោ បានលើកឡើងថា ប្រទេសសមាជិកអាស៊ីបូព៌ា ត្រូវបន្តធានាឱ្យបាននូវដំណើរការខ្សែចង្វាក់ផលិតកម្ម ការផ្គត់ផ្គង និងពាណិជ្ជកម្មឆ្លងដែន, ពង្រឹងសមត្ថភាពអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម, លើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី និង យុវជន, ជំរុញការតភ្ជាប់ និងសម្រួលដល់ ការធ្វើដំណើរឆ្លងដែនឡើងវិញ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ីបូព៌ានេះ មានការចូលរួមពីមេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំប្រទេសជាដៃគូអាស៊ាន ចំនួន ៨ផ្សេងទៀត រួមមាន ៖ អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង នូវែលហ្សេឡង់ រុស្ស៉ី និងសហរដ្ឋអាមេរិក។ មេដឹកនាំនៃប្រទេសអាស៊ីបូព៌ា បានចេញសេចក្តីប្រកាសរួមមួយ ស្តីពីកិច្ចសហប្រតិបត្តិការជំរុញកំណើនសេដ្ឋកិច្ចតាមការលើកកម្ពស់វិស័យទេសចរណ៍ និងការស្តារឡើងវិញប្រកបដោយចីរភាព និងបៃតង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×