Saturday, August 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ប៉ែន ច័ន្ទសង្រ្គាម សុំឲ្យតុលាការឧទ្ធរណ៍ទម្លាក់បទចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង ដោះលែងគាត់ ពីឃុំឃាំង!!!

ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែ កក្តដា ២០២១ បានបើកសវនាការ ជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍ របស់បុរសជាប់ចោទម្នាក់ ដែលជាអតីតមន្ត្រី នៃ អតីតគណបក្សសង្គ្រោះជាតិ និងដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីខែកក្កដា កាត់ទោសគាត់ ដាក់ពន្ធនាគារ កំណត់ ១៨ ខែ ជាប់ពាក់ព័ន្ធនឹងការធ្វើបទសម្ភាសន៍ជាមួយក្រុមអ្នកកាសែតនិយាយរិះគន់ មិនសំចៃមាត់ អំពីបញ្ហាព្រំដែនកម្ពុជា និង វៀតណាម ដែលមានចេតនាធ្វើឱ្យមហាជន អាចមានការភាន់ច្រឡំ ឬ យល់ខុសទៅនឹង ដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា ប្រព្រឹត្ត កាលអំឡុងខែ សីហាឆ្នាំ ២០២០ នៅក្នុងរាជធានីភ្នំពេញ។

លោកសេង ស៊ីសុវត្ថា ប្រធានក្រុមប្រឹក្សា ចៅក្រមជំនុំជម្រះ បានថ្លែងឲ្យដឹងថាជនជាប់ចោទមានឈ្មោះ ប៉ែន ច័ន្ទ សង្គ្រាម ភេទប្រុស អាយុ ៤៨ ឆ្នាំ មុខរបរជាគ្រូបង្រៀន និង ជា អតីតមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ។

ជនជាប់ចោទត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២១ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ១៨ ខែ និង ពិន័យជាប្រាក់ ចំនួន០៣ លានរៀល ដាក់ចូលថវិកាជាតិ។

ជនជាប់ចោទ ត្រូវបានជាប់ចោទ ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិ មាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។ និង ត្រូវបានចាប់ខ្លួន កាលពី ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០។

តែជនជាប់ចោទបានប្តឹង ជំទាស់នឹងសាលក្រម មកកាន់សាលាឧទ្ធរណ៍ ។
នាពេលសវនាការ ជនជាប់ចោទឈ្មោះ ប៉ែន ច័ន្ទ សង្គ្រាម ដែលមានវត្តមាននៅក្នុង អង្គសវនាការ បានឆ្លើយបដិសេធ ចំពោះបទចោទប្រកាន់លើរូបលោកខាងលើ។

ទោះបីជាយ៉ាងណាក្តី, ឈ្មោះ ប៉ែន ច័ន្ទ សង្គ្រាម បានទទួលស្គាល់ថា នៅថ្ងៃដែលលោកចូលរួមធ្វើបាតុកម្មនោះ, គឺមានក្រុមអ្នកកាសែតបានសម្ភាសន៍ និង សាកសួរគាត់ ជុំវិញបញ្ហាព្រំដែនកម្ពុជានិងវៀតណាម និង ការធ្វើបាតុកម្ម ដើម្បីទាមទារឲ្យដោះលែងលោក រ៉ុងឈុន។

គាត់និយាយថា ពេលនោះ គាត់ក៏បានផ្តល់បទសម្ភាសន៍ និង និយាយរិះគន់ខ្លះៗ ជុំវិញ ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ចំពោះ កិច្ចការព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង, និយាយអំពីបញ្ហាផលិតផល កសិកម្មរបស់វៀតណាម ដែលនាំចូលមកលក់នៅក្នុងទីផ្សារខ្មែរ និង បានប៉ះពាល់ដល់ផលិតផលកសិកម្ម នៅក្នុងស្រុក និង បញ្ហាជំនាញការវៀតណាម ដែលនៅបម្រើការងារ តាមស្ថាប័នរដ្ឋ សំខាន់ៗ រួមទាំង នៅក្នុងស្ថាប័នយោធានិង នគរបាលផងដែរ។

ទោះយ៉ាងណាក្ដី, ឈ្មោះ ប៉ែន ច័ន្ទ សង្គ្រាម បាននិយាយថា ការនិយាយរបស់លោកទាំងនោះ គឺ ជាគ្រាន់តែបញ្ចេញមតិ និង ជាការសម្តែង អំពីកង្វល់ផ្ទាល់ខ្លួន ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ដែលឈឺឆ្អាលចំពោះសង្គមជាតិ និង ប្រទេសជាតិរបស់ខ្លួន តែប៉ុណ្ណោះ។
និងមិនចេតនានិយាយ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល ឬ ញុះញង់អោយប្រជាពលរដ្ឋ ប្រឆាំងនឹង អាជ្ញាធរជាតិ ឬ រាជរដ្ឋាភិបាលនោះឡើយ។

ឈ្មោះ ប៉ែន ច័ន្ទ សង្គ្រាម បានសំណូមពរដល់ ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍ មេត្តា សម្រេចទម្លាក់ការចោទប្រកាន់ចំពោះលោក និង ដោះលែង ខ្លួន អោយមានសេរីភាពឡើងវិញ។

លោកសំ សុគង់ ជាមេធាវីការពារក្តីអោយជនជាប់ចោទឈ្មោះ ប៉ែន ច័ន្ទ សង្គ្រាម បាន ថ្លែងថា ការសម្ផាស្សន៍របស់កូនក្តី ជាមួយក្រុមអ្នកកាសែត និង ការនិយាយរបស់គាត់ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជានិង វៀតណាម, បញ្ហាការនាំចូលផលិតផលកសិកម្មពីវៀតណាម និង ជំនាញការវៀតណាម ដែលមានតួនាទីធំៗ នៅតាមស្ថាប័នរដ្ឋសំខាន់ៗ នៅកម្ពុជានោះ, នៅក្នុងអង្គហេតុនេះ,,,គឺគ្រាន់តែជាការបញ្ចេញមតិ ឬ សិទ្ធិសេរីភាពរបស់កូនក្តី ក៏ ដូច ជាប្រជាពលរដ្ឋខ្មែរទូទៅ ដែលត្រូវបានការពារ និង ធានាដោយរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា និង ច្បាប់អន្តរជាតិ។

លោកមេធាវីសំ សុគង់ សូមអោយក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ មេត្តា សម្រេច បដិសេដ សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ និង ដោះលែង កូនក្តី ពីពន្ធនាគារ និង ឲ្យគាត់មានសេរីភាពវិញ។

សាលាឧទ្ធរណ៍ រាជធានីភ្នំពេញនឹងប្រកាសសាលដីកាលើ សំណរឿងក្តីនេះ នៅថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×