Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន គាំទ្រចំពោះការអនុម័តសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំ EAS ស្តីពីកំណើនសេដ្ឋកិច្ច តាមរយៈការស្តារវិស័យទេសចរណ៍ឡើងវិញ

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានគាំទ្រចំពោះការអនុម័ត «សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំ EAS ស្តីពីកំណើនសេដ្ឋកិច្ច តាមរយៈការស្តារវិស័យទេសចរណ៍ឡើងវិញ» និង «សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំ EAS ស្តីពីការស្តារឡើងវិញប្រកបដោយចីរភាព» ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ តាមរយៈការបើកឡើងវិញនូវការធ្វើដំណើរឆ្លងកាត់ព្រំដែន ក្នុងចំណោមបញ្ហាដទៃទៀត។

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យដាក់បញ្ជូលចំនុចអាទិភាពសំខាន់ៗចំនួន៤ ទៅក្នុងផែនការសកម្មភាពកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS PoA) ថ្មី ឆ្នាំ២០២៣-២០២៧ រួមមាន៖ (១) ការពង្រឹង សន្តិសុខសុខភាពសាធារណៈ (២) ការលើកកម្ពស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) និងការផ្តល់សិទ្ធិអំណាចដល់សហគ្រិនស្ត្រី និងយុវជន (៣) ការស្តារឡើងវិញ និងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើការធ្វើឱ្យប្រសើរឡើងនៃការតភ្ជាប់ភស្ដុភារ សេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក ដោយធ្វើការជំរុញឌីជីថលូបនីយកម្ម និងការផ្លាស់ប្តូរ ឧស្សាហកម្ម និង (៤) ថាមពលប្រកបដោយចីរភាព។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគាំទ្រចំពោះការអនុម័ត «សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំ EAS ស្តីពីកំណើនសេដ្ឋកិច្ច តាមរយៈការស្តារវិស័យទេសចរណ៍ឡើងវិញ» និង «សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំ EAS ស្តីពីការស្តារឡើងវិញប្រកបដោយចីរភាព» ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ តាមរយៈការបើកឡើងវិញនូវការធ្វើដំណើរឆ្លងកាត់ព្រំដែន ក្នុងចំណោមបញ្ហាដទៃទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអះអាងជាថ្មីអំពីសារៈសំខាន់នៃការថែរក្សាអាស៊ីអាគ្នេយ៍ជាតំបន់ សន្តិភាព និងស្ថិរភាព ហើយគ្មានអាវុធនុយក្លេអ៊ែរ និងបានរំលឹកឡើងវិញថា រាល់គំនិតផ្តួចផ្តើម នានា រួមទាំងសម្ព័ន្ធភាពយោធាផងដែរ គួរតែគោរពមជ្ឈភាពអាស៊ាន មានលក្ខណៈបំពេញបន្ថែមទៅលើយន្តការដែលមានស្រាប់ និងអនុលោមតាមគោលការណ៍នៃការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីរក្សាស្ថិរភាព សន្តិសុខ សន្តិភាព និងវិបុលភាពក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃតួនាទីរបស់កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) សម្រាប់កិច្ចសន្ទនា និងសហប្រតិបត្តិការលើយុទ្ធសាស្រ្តទូលំទូលាយ បញ្ហានយោបាយ និងសេដ្ឋកិច្ចដែលជា ចំណាប់អារម្មណ៍ និងក្តីកង្វល់រួម ការពង្រឹងពហុភាគីនិយម និងការថែរក្សានិម្មាបនកម្មតំបន់ដែលឈរលើគោលការណ៍ច្បាប់សម្រាប់ទំនាក់ទំនងអន្តររដ្ឋប្រកបដោយការស្ថាបនា និងការលើកកម្ពស់ជំនឿទុកចិត្តជាយុទ្ធសាស្រ្ត។

ថ្នាក់ដឹកនាំបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុង តំបន់ ដោយគិតគូរពិចារណាដល់គោលការណ៍ដែលមានចែងនៅក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) និងទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។ ថ្នាក់ដឹកនាំបានទទួលស្គាល់នូវវឌ្ឍនភាពជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ក្រោមផែនការសកម្មភាពទីក្រុងម៉ានីល ដើម្បីជំរុញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (២០១៨-២០២២) និងបានទន្ទឹងរង់ចាំដល់ការ អភិវឌ្ឍផែនការសកម្មភាពថ្មី។

ថ្នាក់ដឹកនាំបានបញ្ជាក់ជាថ្មីអំពីភាពចាំបាច់ ដើម្បីផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការក្នុងការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព មានសុវត្ថិភាព ធានាគុណភាព និងមានតម្លៃសមរម្យ និងដើម្បីបង្កើតកិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដោយគ្មានរបៀបវារៈនយោបាយ និងមនោគមវិជ្ជា។ ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់ផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ក្នុងការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននៃជំងឺរាតត្បាតកូវីដ-១៩ និងក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយភាពរឹងមាំ និងបរិយាប័ន្ន។ ក្នុងន័យនេះ ថ្នាក់ដឹកនាំបានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើការរួមគ្នា ដើម្បីសម្រួលដល់លំហូរទំនិញ និងសេវាកម្ម ជាពិសេសទំនិញនិងសេវាកម្មទាំងឡាយណាដែលមានសារៈសំខាន់បំផុតក្នុងការជួយដល់សុខភាព សុខុមាលភាព និងជីវភាពរស់នៅ។

លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) និងលោកវេជ្ជបណ្ឌិត Ngozi Okonjo-Iweala អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏បានធ្វើបទបង្ហាញជូនអង្គប្រជុំអំពីទិដ្ឋភាពផ្នែកសុខភាពសាធារណៈ និងពាណិជ្ជកម្ម នៃវិធានការបង្ការជំងឺកូវីដ-១៩ ដែលកំពុងត្រូវបានអនុវត្តដោយស្ថាប័នសាកលទាំងពីរនេះ។ ក្នុងការដោះស្រាយគម្លាតវ៉ាក់សាំងដ៏ធំសម្បើម អគ្គនាយកអង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យមាន សន្ធិសញ្ញាចងតាមផ្លូវច្បាប់ ដើម្បីភ្ជាប់ការត្រៀមលក្ខណៈសម្រាប់ជំងឺរាតត្បាត ខណៈដែលអគ្គនាយក អង្គការពាណិជ្ជកម្មពិភពលោកបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយរបាំងពាណិជ្ជកម្ម បង្កើនការផលិត និងចែកចាយវ៉ាក់សាំងដោយគ្មានការរារាំង ជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ឯកទេស និងគាំទ្រ ការលើកលែងកម្មសិទ្ធិបញ្ញាសម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×