ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងភាគីពាក់ព័ន្ធ ដែលមានតំណាងស្ថាប័នរដ្ឋាភិបាល តំណាងកម្មករនិយោជិត សហជីព សមាគមនិយោជក និងអង្គការជាដៃគូជាតិ អន្តរជាតិប្រមាណជា ១ ៣០០នាក់ បានមកជួបជុំគ្នាតាមរយៈប្រព័ន្ធវីដេអូអនឡាញ(Zoom) ដើម្បីរៀបចំប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២១ ក្រោមប្រធានបទ “ត្រៀមទុកជាមុន រៀបចំ ឆ្លើយតបទៅនឹងវិបត្តិ៖ ស្តារឡើងវិញនូវប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារជាតិ ប្រកបដោយប្រសិទ្ធភាព” ។
ទិវាពិភពលោកនេះ មានគោលបំណង ដើម្បីចូលរួមផ្សព្វផ្សាយពីស្ថានភាព និងទំហំបញ្ហានៃគ្រោះថ្នាក់ការងារ និងការបាត់បង់ជីវិតរបស់កម្មករនិយោជិត ជាពិសេសផលប៉ះពាល់ទៅនឹងស្ថានភាពសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ បង្កើនការយល់ដឹង និងកិច្ចសហប្រតិបត្តិការស្តីពីសុវត្ថិភាព និងសុខភាពការងារដល់ស្ថាប័នរដ្ឋ អង្គការជាតិ អង្គការអន្តរជាតិជាដៃគូ សមាគមនិយោជក សហជីព និងកម្មករនិយោជិត ដើម្បីលើកកម្ពស់វប្បធម៌នៃបង្ការសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ និងជំរុញការលើក កម្ពស់បន្ថែមចលនា ទាក់ទាញការគាំទ្រផ្នែកនយោបាយ និងថវិកាក្នុងការបង្ការ និងកាត់បន្ថយការបាត់បង់ជីវិត គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅទូទាំងពិភពលោក។
នេះជាឆ្នាំទី១៦ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមកិច្ចសហការផ្នែកបច្ចេកទេស ជាមួយអង្គការអន្តរជាតិ ខាងការងារ (ILO) តាមរយ:គម្រោងលើកកម្ពស់ស្តង់ដាសុវត្ថិភាព និងសុខភាពការងារ ក្នុងវិស័យសំណង់ (ILO-OSH) និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងក្នុងគោលបំណងជំរុញគ្រប់ភាគីពាក់ព័ន្ធដើម្បីរៀបចំផែនការឆ្លើយតប និងវិធានការណ៍ចាំបាច់នានា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅកន្លែងធ្វើការ។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាអធិបតីនៅក្នុងទិវាពិភពលោកនេះ មានប្រសាសន៍ថា ឆ្នាំនេះគឺជាឆ្នាំទី២ហើយ ដែលយើងប្រារព្ធពិធីនេះឡើងតាមប្រព័ន្ធវីដេអូអនឡាញ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ រហូតមកដល់ពេលនេះ ជំងឺកូវីដ-១៩ ជាជំងឺឆ្លងរាតត្បាតជាសាកល និងបន្តប៉ះពាល់ ស្ទើរតែទូទាំងពិភពលោក ហើយត្រូវបានគេចាត់ទុកជំងឺនេះជាបញ្ហាធំមួយដែលធ្វើឱ្យពិភពលោក ខ្វល់ខ្វាយជាខ្លាំង ដោយសារវាធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សេដ្ឋកិច្ច សុខុមាលភាពសង្គម វិបត្តិផ្លូវចិត្ត សង្គមជាដើម និងបានបន្តរហូតមកដល់ពេលនេះ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាបន្តបន្ទាប់នូវវិធានការក្នុងការប្រយុទ្ធប្រឆាំងនិងគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ រួមមានទាំងវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការចាំបាច់ ដទៃផ្សេងទៀត ដើម្បីគ្រប់គ្រងសភាពការណ៍ទាំងសង្គម និងសេដ្ឋកិច្ច ក្នុងនោះការចាក់វ៉ាក់សាំង ជា យុទ្ធសាស្រ្តដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានស្វះស្វែងរកទិញវ៉ាក់សាំងពីបណ្តាប្រភពនានា ក៏ដូចជាការទទួលបាននូវជំនួយផ្សេងៗដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ តាមរយៈ យុទ្ធសាស្រ្ត “ផ្ការីក” ដើម្បីបង្កើតភាពស៊ាំសហគមន៍និងឈានទៅបន្ត ជំរុញលំនឹងអាជីវកម្ម និងធុរកិច្ច ឡើងវិញ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ក្នុងការទ្រទ្រង់នូវសកម្មភាពសេដ្ឋកិច្ច និងរក្សាស្ថិរភាពប្រាក់ចំណូល របស់កម្មករនិយោជិត រាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់វិធានការជាបន្តបន្ទាប់ចំនួន ៩ជុំ រួចមកហើយ ក្នុងនោះសម្រាប់ វិស័យការងារក៏បានអនុវត្តនូវវិធានការដោះស្រាយផលប៉ះពាល់ របស់និយោជក និងកម្មករនិយោជិត រួមមានការអនុញ្ញាតឱ្យរោងចក្រ សហគ្រាសនៅក្នុងវិស័យ វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរនិងកាបូប និងវិស័យទេសចរណ៍ តាមគោលដៅដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ អាចព្យួរកិច្ចសន្យាការងារ ដោយកម្មករនិយោជិតទទួល បានប្រាក់ជំនួយឧបត្ថម្ភ និងការបណ្តុះបណ្តាលជំនាញទន់ ខណៈនិយោជក ក៏ទទួលបាននូវការអនុគ្រោះចំពោះកាតព្វកិច្ចមួយចំនួន ដូចជា ការលើកលែងបង់ភាគទានរបបសន្តិសុខសង្គមជាដើម។
ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅកន្លែងធ្វើការ ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលឹកបន្ថែមទៅដល់ ម្ចាស់រោងចក្រ សហគ្រាស ត្រូវយកចិត្តទុកដាក់រួមមាន ៖ បន្តអនុវត្តតាមសេចក្តីជូនដំណឹងរបស់ក្រសួងក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាល នៃជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ រៀបចំកន្លែងលាងសម្អាតដៃ ឬកំប៉ុងទឹកអាល់កុល ឬជែលសម្រាប់កម្មករនិយោជិត លាងសម្អាតទៅតាមទីតាំងដែលប្រើប្រាស់រួមគ្នា ដូចជាច្រកចេញចូល កន្លែងហូបបាយ បន្ទប់ទឹកជាដើម ត្រូវណែនាំដល់កម្មករនិយោជិតឱ្យធ្វើអនាម័យដៃជាប្រចាំនៅកន្លែងធ្វើការ បង្កើនការយកចិត្តទុកក្នុងការបាញ់សម្លាប់មេរោគនៅតាមកន្លែងធ្វើការ អគារផលិតកម្ម និងកន្លែងប្រើប្រាស់រួមគ្នា ធានាថាមានការរក្សាគម្លាតសង្គមនៅកន្លែងធ្វើការ និងក្រៅ តាមដែលអាចធ្វើទៅបានណែនាំដល់កម្មករនិយោជិតឱ្យពាក់ម៉ាស់ជាប្រចាំ និងប្រកាន់ខ្ជាប់នូវអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន “៣កុំ ៣ការពារ” ត្រូវរៀបចំឱ្យមានប្រព័ន្ធឃ្លាំមើល និងតាមដានសុខភាពរបស់កម្មករនិយោជិតនៅក្នុង រោងចក្រ សហគ្រាស៕